គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។ សាស្តា ២:១១
កាលពីឆ្នាំ២០១០ លោកចេម វ៉ដ(James Ward) ដែលជាស្ថាបនិក នៃវិបសាយប្លក់ មានចំណងជើងថា “ខ្ញុំចូលចិត្តរឿងដែលគួរឲ្យធុញទ្រាន់” បានបើកសន្និសីទមួយ ដែលមានឈ្មោះថា “សន្និសីទដែលគួរឲ្យធុញទ្រាន់” ដែលជាការអបអរមានរយៈពេល១ថ្ងៃ សម្រាប់រឿងសាមញ្ញ និងធម្មតា ហើយនិងរឿងដែលគេមើលរំលង។ កាលពីមុន វាគ្មិនទាំងឡាយបានលើកឡើង អំពីប្រធានបទដែលហាក់ដូចជាគ្មានន័យ ដែលមានដូចជា ការកណ្ដាស់ សម្លេងម៉ាស៊ីនស្វ័យប្រវត្តិ និងម៉ាស៊ីនបោះពុម្ពដោយប្រើទឹកខ្មៅ នៅឆ្នាំ១៩៩៩ ជាដើម។ លោកវ៉ដដឹងថា ប្រធានបទនេះប្រហែលគួរឲ្យធុញទ្រាន់ ប៉ុន្តែ វាគ្មិនអាចធ្វើឲ្យប្រធានបទដ៏សាមញ្ញនោះ មានភាពគួរឲ្យចាប់អារម្មណ៍ មានន័យ និងថែមទាំងនាំឲ្យមានភាពរីករាយផងដែរ។
កាលប៉ុន្មានពាន់ឆ្នាំមុន ស្តេចសាឡូម៉ូន ជាស្តេចមានប្រាជ្ញាលើសគេ បានស្វែងរកក្តីអំណរ ក្នុងរឿងសាមញ្ញៗដែលគ្មានន័យ។ ទ្រង់បានខិតខំធ្វើការងារ ទិញសត្វចិញ្ចឹមទាំងហ្វូង បង្កើតទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ រកបានអ្នកច្រៀងកំដរ ហើយក៏បានសង់សំណង់ធំៗផងដែរ(សាស្តា ២:៤-៩)។ ការដេញតាមទាំងនោះ មានខ្លះជាទង្វើដែលគួរឲ្យគោរព តែខ្លះទៀតមិនគួរឲ្យគោរពឡើយ។ ទីបំផុត នៅក្នុងការតាមស្វែងរកអត្ថន័យទាំងនោះ ស្តេចអង្គនេះមិនបានរកឃើញអ្វី ក្រៅពីភាពគួរឲ្យធុញទ្រាន់នោះឡើយ(ខ.១១)។ ស្តេចសាឡូម៉ូនបានប្រកាន់ខ្ជាប់នូវទស្សនៈរបស់មនុស្ស ដែលមិនបានគិតដល់ព្រះ។ ទីបំផុត ទ្រង់ក៏បានដឹងថា ទ្រង់រកឃើញក្តីអំណរ ក្នុងរឿងសាមញ្ញៗ ទាល់តែទ្រង់បាននឹកចាំ និងថ្វាយបង្គំព្រះ(១២:១-៧)។
ពេលយើងកំពុងតែស្ថិតនៅក្នុងរឿងដែលគួរឲ្យធុញទ្រាន់ ចូរយើងនឹកចាំជាប្រចាំថ្ងៃ អំពីព្រះអាទិកររបស់យើង(ខ.១) ដែលទ្រង់ធ្វើឲ្យរឿងសាមញ្ញៗមានន័យ។ ខណៈពេលដែលយើងនឹកចាំ និងថ្វាយបង្គំទ្រង់ យើងនឹងរកឃើញភាពអស្ចារ្យ នៅក្នុងរឿងសាមញ្ញ ការដឹងគុណ នៅក្នុងរឿងធម្មតា និងក្តីអំណរ ក្នុងរឿងនៃជីវិតដែលហាក់ដូចជាគ្មានន័យ។—Marvin Williams
ហេតុអ្វីយើងពិបាកស្វែងរកអត្ថន័យ ក្នុងរឿងដែលមិនអាចធ្វើឲ្យយើងស្កប់ចិត្ត? តើអ្នកចាំបាច់ត្រូវដាក់អាទិភាពជាថ្មី ដើម្បីមានការប្តេជ្ញាចិត្ត និងថ្វាយបង្គំព្រះ ដើម្បីឲ្យអ្នកអាចរកឃើញអត្ថន័យរបស់អ្នក ក្នុងព្រះអង្គដែរឬទេ?
ឱព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចផ្តល់អត្ថន័យ ដល់រឿងសាមញ្ញ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យរកឃើញអត្ថន័យ ក្តីអំណរ និងភាពអស្ចារ្យ នៅក្នុងរឿងដ៏សាមញ្ញក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៤-៣៦ និង ហេព្រើរ ២