ព្រះទ្រង់ប្រោសភាពប្រេះបែករបស់យើងឲ្យជា

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ។ អេភេសូរ ២:៨

លោក​ខូលីន(Collin) និង​ភរិយា​គាត់​ឈ្មោះ យ័រដិន(Jordan) បាន​ដើរ​ចុះ​ឡើង​ៗ ក្នុង​ហាង​សិប្បកម្ម​មួយ ដើម្បី​ស្វែង​រក​រូប​ភាព​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ លោក​ខូលីន​គិត​ថា​ គាត់​បាន​រក​ឃើញ​រូប​ដែល​ខ្លួន​ចង់​បាន ហើយ​ក៏​បាន​ហៅ​យ័រដិន​ឲ្យ​មក​មើល។ នៅ​ផ្នែក​ខាង​ស្តាំង​រូប​ដែល​ផលិត​ពី​សេរ៉ាមិច​នោះ ឃើញ​មាន​ពាក្យ ព្រះគុណ ។ តែ​នៅ​ខាង​ឆ្វេង មាន​ស្នាម​ប្រេះ​វែង​ពីរ​ខ្សែ។ យ័រដិន​ក៏​បាន​លាន់​មាត់​ថា “រូប​នេះ​ប្រេះ​បែក​ហើយ” រួច​គាត់​ក៏​បាន​ចាប់​ផ្តើម​រក​មើល​រូប​មួយ​ទៀត នៅ​លើ​ធ្នើ ដែល​មិន​មាន​ស្នាម​ប្រេះ។ ប៉ុន្តែ ខូលិន​និយាយ​ថា “ទេ រូប​នេះ​មាន​ន័យ​ណាស់។ យើង​ជា​មនុស្ស​មាន​ភាព​ប្រេះ​បែក តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់”។ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ទិញ​រូប​ភាព​ដែល​មាន​ស្នាម​ប្រេះ​នោះ។  ពេល​ពួក​គេ​បង់​ប្រាក់​ទិញ​រូប​នោះ អ្នក​គិត​លុយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ រូប​នេះ​ប្រេះ​បែក​ហើយ!” យ័រដិន​ក៏​បាន​និយាយ​ខ្សឹប​ៗថា “ចាស យើង​ក៏​ប្រេះ​បែក​ដែរ”។​

តើ​ការ​រស់​នៅ​ជា​មនុស្ស​ប្រេះ​បែក មាន​ន័យ​ដូច​ម្តេច ? សម្រាប់​សំណួរ​នេះ មាន​គេ​បក​ស្រាយ​ថា ភាព​ប្រេះ​បែក គឺ​ជា​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា  ទោះ​យើង​ព្យាយាម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ យើង​នៅ​តែ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​កាន់​តែ​អាក្រក់​ឡើង ជា​ជាង​ប្រសើរ​ជាង​មុន។ វា​ជា​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ និង​ជំនួយ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​របស់​យើង។

សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​ភាព​ប្រេះ​បែក​របស់​យើង​យ៉ាង​ដូច​នេះ​ថា “ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ”(អេភេសូរ ២:១)។ ខ.៤ និង ខ.៥ ក៏​បាន​ចែង​ផង​ដែរ​ថា “ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ” ។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រោស​ភាព​ប្រេះ​បែក​របស់​យើង​ឲ្យ​ជា ដោយ​ព្រះ​គុណ​ទ្រង់ ពេល​ដែល​យើង​ទទួល​ស្គាល់​ថា ខ្លួន​យើង​មាន​ភាព​ប្រេះ​បែក។—Anne Cetas

តើ​មាន​អ្វី​នាំ​ឲ្យ​អ្នក​ដឹង​ថា អ្នក​ចាំ​បាច់​ត្រូវ​ទូល​សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ភាព​ប្រេះ​បែក​របស់​អ្នក? តើ​អ្នក​ត្រូវ​ការ​ព្រះ​អង្គ​ខ្លំាង​ប៉ុណ្ណា នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​អម្ចាស់​ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រទាន​សេចក្តី​មេត្តា​ជា​បរិបូរ មក​ទូល​បង្គំ។ សូម​ឲ្យ​ទូល​បង្គំ​អួត​អំពី​ព្រះ​អង្គ និង​អំណោយ​ទាន​នៃ​សេចក្តី​សង្រ្គោះ ដែល​បាន​ដោយសារ​ព្រះ​គុណ តាម​រយៈ​សេចក្តី​ជំនឿ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៨-១០ និង ហេព្រើរ ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles