បានទទួលស្គាល់ និងឲ្យតម្លៃ
ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង។ អេសាយ ៤៣:៤ កាលពីក្មេង លោកធែននី(Tenny) មានអារម្មណ៍ថា ខ្វះទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ គាត់បានស្វែងរកការគាំទ្រពីឪពុកគាត់ តែគាត់មិនដែលបានទទួលការគាំទ្រសោះឡើយ។ ការអ្វីក៏ដោយដែលគាត់បានធ្វើ ទោះនៅសាលារៀន ឬនៅផ្ទះក្តី ហាក់ដូចជាមិនល្អគ្រប់គ្រាន់សោះ។ សូម្បីតែនៅពេលដែលគាត់ពេញវ័យហើយ គាត់នៅតែខ្វះទំនុកចិត្ត។ គាត់នៅតែឆ្ងល់ថា តើខ្ញុំធ្វើបានល្អគ្រប់គ្រាន់ហើយឬនៅ? ទាល់តែដល់ពេលដែលធែននីបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ គាត់ក៏បានរកឃើញទំនុកចិត្ត និងការគាំទ្រ ដែលគាត់ស្រេកឃ្លានចង់បានពីយូរមកហើយ។ គាត់ក៏បានដឹងថា ព្រះដែលបានបង្កើតគាត់មក ទ្រង់ស្រឡាញ់ និងឲ្យតម្លៃគាត់ ជាកូនរបស់ទ្រង់។ ទីបំផុត លោកធែននីអាចរស់នៅ ដោយមានទំនុកចិត្តថា ព្រះទ្រង់ពិតជាឲ្យតម្លៃ និងស្រឡាញ់គាត់។ ក្នុងបទគម្ពីរ អេសាយ ៤៣:១-៤ ព្រះទ្រង់បានប្រាប់រាស្រ្តដែលទ្រង់ជ្រើសតាំងថា ព្រះអង្គបានបង្កើតពួកគេមក ដូចនេះ ព្រះអង្គនឹងប្រើអំណាចចេស្តា និងសេចក្តីស្រឡាញ់របស់ទ្រង់ ដើម្បីលោះពួកគេ ឲ្យរួចពីបាប។ គឺដូចដែលព្រះអង្គបានប្រកាស់ថា “ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង” (ខ.៤)។ តម្លៃដែលព្រះទ្រង់ប្រទានដល់អ្នកដែលទ្រង់ស្រឡាញ់ មិនកើតចេញពីអ្វីដែលយើងធ្វើនោះទេ តែពីសេចក្តីពិតដ៏សាមញ្ញ និងមានអំណាចចេស្តាដែលថា ព្រះអង្គបានជ្រើសរើសយើង ឲ្យធ្វើជាកម្មសិទ្ធិទ្រង់។…
Read article