ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ អេសាយ ៩:២
កាលពីឆ្នាំ២០១៨ ក្មេងប្រុសជនជាតិថៃ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេបានចូលទៅក្នុងរូងភ្នំ ដែលមានផ្លូវបត់ចុះឡើងៗ ដោយបំណងចង់កម្សាន្តសប្បាយនឹងការដើរលេងពេលរសៀល។ ដោយសារទឹកភ្លៀងបានជន់ឡើង ដោយមិនដឹងខ្លួន ពួកគេក៏បានបង្ខំចិត្តចូលកាន់តែជ្រៅទៅៗ ហើយក៏បានជាប់ក្នុងរូងភ្នំនោះ អស់រយៈពេល១៨ថ្ងៃ ទំរាំតែក្រុមជួយសង្រ្គោះនាំពួកគេចេញមកក្រៅបាន។ ក្រុមមុជទឹកមានការខកខាន ដោយសារទឹកឡើងកាន់តែខ្លាំង តែបានព្យាយាមជួយសង្រ្គោះ ខណៈពេលដែលពួកគេកំពុងអង្គុយនៅលើថ្ម ដោយកាន់ពិល៦គ្រឿងបញ្ចេញពន្លឺអៀវៗ ដោយសារជិតអស់ថ្ម។ ពួកគេស្ថិតក្នុងភាពងងឹតអស់ជាច្រើនថ្ងៃ ដោយសង្ឃឹមថា ពន្លឺ និងជំនួយនឹងចូលមកដល់។
ហោរាអេសាយបានពិពណ៌នា អំពីពិភពលោកមួយ ដែលស្ថិតក្នុងភាពងងឹតដែលគួរឲ្យព្រួយបារម្ភ មានពេញទៅដោយអំពើហិង្សា និងភាពលោភលន់ ហើយប្រេះបែក ដោយសារការបះបោរ និងការឈឺចាប់(អេសាយ ៨:២២)។ គ្មានអ្វីក្រៅពីសំណល់បាក់បែក ពន្លឺនៃក្តីសង្ឃឹម ជិតរលត់ដូចទៀនអ៊ាវៗ មុនពេលធ្លាក់ចូលក្នុងភាពងងឹត។ តែលោកអេសាយបានលើកទឹកចិត្តថា ភាពអស់សង្ឃឹមនេះ មិនកើតមានជារៀងរហូតនោះទេ។ ដោយសារសេចក្តីមេត្តារបស់ព្រះ មិនយូរប៉ុន្មាន “សេចក្តីឈ្លប់សូន្យសុង នឹងមិននៅលើស្រុកដូចនៅគ្រាដែលមានសេចក្តីវេទនាចិត្តនោះទេ”(៩:១)។ ព្រះទ្រង់នឹងមិនបោះបង់ចោលរាស្រ្តទ្រង់ ឲ្យនៅជាប់ក្នុងម្លប់នៃសំណង់បាក់បែកនោះទេ។ លោកហោរាបានប្រកាស អំពីសេចក្តីសង្ឃឹមសម្រាប់រាស្រ្តទ្រង់ ហើយក៏បានចង្អុលបង្ហាញពួកគេ ទៅរកពេលដែលព្រះយេស៊ូវយាងមក បណ្តេញសេចក្តីងងឹត ដែលបណ្តាលមកពីអំពើបាប។
ព្រះយេស៊ូវបានយាងមកហើយ។ ហើយឥឡូវនេះ យើងបានឮព្រះបន្ទូលក្នុងកណ្ឌគម្ពីរអេសាយ ដ៏មានន័យ ដែលបានចែងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(ខ.២)។
ទោះពេលយប់មានភាពងងឹតយ៉ាងណា ទោះកាលៈទេសៈរបស់យើងមានភាពអស់សង្ឃឹមយ៉ាងណា ព្រះអង្គមិនដែលបោះបង់ចោលយើង ឲ្យនៅក្នុងភាពងងឹតនោះឡើយ។ ព្រះយេស៊ូវគង់នៅជាមួយយើងជានិច្ច ធ្វើជាពន្លឺដ៏ធំ ដែលចែងចាំង។—Winn Collier
តើអ្នកងាយនឹងជួបភាពងងឹត និងភាពអស់សង្ឃឹមយ៉ាងណាខ្លះ? ចូរពិចារណា អំពីការដែលព្រះយេស៊ូវជាពន្លឺដ៏ធំ តើពន្លឺទ្រង់បានធ្វើឲ្យអ្នកមានក្តីសង្ឃឹមឡើងវិញ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ពេលខ្លះ ទូលបង្គំខ្លាចភាពងងឹតគ្របសង្កត់ទូលបង្គំ។ សូមព្រះអង្គធ្វើជាពន្លឺដ៏ធំរបស់ទូលបង្គំ។ សូមបញ្ចាំងពន្លឺមកលើទូលបង្គំ ដោយក្តីស្រឡាញ់ដ៏ចែងចាំង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៧-៣៩ និង ២ពេត្រុស ២