អ្នកឲ្យដោយអំណរ

ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧

លោក​នីកូឡាស បាន​កើត​នៅ​សតវត្សរ៍​ទី៣។ កាល​នោះ គាត់​មិន​បាន​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​លា​ចាក​លោក​ទៅ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក គេ​នឹង​ហៅ​គាត់​ថា សាន់តា ក្លូស(Santa Claus)។ គាត់​គ្រាន់​តែ​ជា​បុរស​ម្នាក់ ដែល​ស្រឡាញ់​ព្រះ និង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ឈ្មោះ​ល្បី​ថា បាន​លះ​បង់​របស់​ទ្រព្យ​ឲ្យ​អ្នក​ដទៃ ដោយ​អំណរ ព្រម​ទាំង​បាន​ធ្វើ​ការ​ល្អ​ជា​ច្រើន។ មាន​រឿង​មួយ​ដំណាល​ថា បន្ទាប់​ពី​គាត់​បាន​ដឹង​ថា មាន​គ្រួសារ​មួយ​ជួប​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ គាត់​ក៏​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​ក៏​បាន​បោះ​មាស​មួយ​កញ្ចប់ ចូល​តាម​បង្អួច ធ្លាក់​ចូល​ទៅ​ក្នុង​ស្បែក​ជើង ឬ​ស្រោម​ជើង ដែល​គេ​សំដិល​នៅ​ក្បែរ​ឡ​កម្តៅ។

តួ​អង្គ​សាន់តា ក្លូស ដែល​មាន​ក្នុង​រឿង​និទាន គ្រាន់​តែ​ជា​តួ​អង្គ​នៃ​រឿង​ប្រឌិត​ប៉ុណ្ណោះ តែ​នៅ​មុន​សម័យ​លោក​នីកូឡាស ដែល​ជា​មនុស្ស​ពិត សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ នៅ​ទីក្រុង​កូរិនថូស ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ ឬ​ថ្វាយ​​ដោយ​អំណរ។ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកគេ​ ដោយ​រៀប​រាប់​អំពី​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ ដែល​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ នៅ​ទីក្រុង​យេរូសាឡិម​កំពុង​ជួប​ប្រទះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជួយ​ឧបត្ថម្ភ ដោយ​ចិត្ត​សប្បុរស។ សាវ័ក​ប៉ុល​ក៏​បាន​ពន្យល់​ប្រាប់​ពួក​គេ អំពី​អត្ថ​ប្រយោជន៍ និង​ព្រះពរ​ដែល​កើត​មាន ដល់​អ្នក​ដែល​បាន​ឲ្យ ឬ​ថ្វាយ​​ ដោយ​ចិត្ត​ជ្រះ​ថ្លា។ គាត់​បាន​រំឭក​ពួក​គេ​ថា “អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ”(២កូរិនថូស ៩:៦)។ ដោយសារ​ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ ដោយ​ចិត្ត​សប្បុរស នោះ​ពួក​គេ​នឹង “ចម្រើន​ឡើង​គ្រប់​ជំពូក”(ខ១១) ហើយ​ព្រះ​នាម​របស់​ព្រះ​នឹង​បាន​ដំកើង​ឡើង។

ឱ​ព្រះ​វរបិតា​ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ ឬ​ថ្វាយ​​ ​ដោយ​អំណរ មិន​គ្រាន់​តែ​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ប៉ុណ្ណោះ តែ​ពេញ​មួយ​ឆ្នាំ។ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ព្រះ​ទ័យ​សប្បុរស ក្នុង​ការ​ប្រទាន​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​យេស៊ូវ ធ្វើ​ជា​អំណោយ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​(ខ.១៥)។—Estera Pirosca Escobar

តើ​អ្នក​ឃើញ​អ្នក​ដទៃ​មាន​តម្រូវ​ការ​អ្វីខ្លះ ដែល​អ្នក​អាច​ជួយ​បាន នៅ​សប្តាហ៍​នេះ? តើ​អ្នក​អាច​លះ​បង់​ពេល​វេលា ឬ​ធន​ធាន ដោយ​របៀប​ណា​ខ្លះ?

ឱ​ព្រះ​ដ៏​សប្បុរស ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​លើក​ទឹក​ចិត្ត​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​សប្បុរស ព្រោះ​អំពើ​សប្បុរសធម៌ នឹង​នាំ​មក​នូវ​ព្រះពរ​បរិបូរ ដល់​អ្នក​ឲ្យ និង​អ្នក​ទទួល ។​

Read more about God’s generosity at Go.ODB.org/313kwyT.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles