អញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។ ចោទិយកថា ១៥:១១
លោកអេលវីស សាំម័រ(Elvis Summers) បានឮសម្លេងគោះទ្វារ។ គាត់ក៏បានបើកទ្វារឃើញអ្នកស្រីស្មូកឃី(Smokey) ដែលជាស្រ្តីទន់ខ្សោយម្នាក់ បានមកផ្ទះគាត់ជាញឹកញាប់ ដើម្បីសុំកំប៉ុងលក់អេតចាយ។ លុយដែលគាត់រកបានពីការលក់អេតចាយនោះ ជាប្រភពប្រាក់ចំណូលរបស់គាត់។ លោកអេលវីសក៏បានសួររកកន្លែងស្នាក់នៅរបស់អ្នកស្រីស្មូកឃី។ អ្នកស្រីស្មូកឃីក៏បាននាំគាត់ ទៅរកសំយ៉ាបផ្ទះទទឹងប្រហែលកន្លះម៉ែត្រ នៅជាប់ផ្ទះមួយខ្នង។ លោកស៊ូម័រមានការអាណិតអ្នកស្រីស្មូកឃីណាស់ បានជាគាត់សង់ “ផ្ទះតូចមួយ” ដែលជាជម្រកដ៏សាមញ្ញមួយ ដើម្បីឲ្យអ្នកស្រីស្មូកឃីអាចគេងដោយសុវត្ថិភាព។ លោកស៊ូម័រក៏បានបន្តប្រើគំនិតនេះដើម្បីជួយអ្នកដទៃទៀត។ គាត់បានបង្កើតទំព័រ GoFundMe នៅលើបណ្តាញសង្គម ហើយក៏បានធ្វើការជាក្រុម ជាមួយពួកជំនុំក្នុងតំបន់ ដើម្បីផ្តល់ដីសម្រាប់សង់ជម្រកបន្ថែម សម្រាប់ជនអនាថាដទៃទៀត។
ក្នុងព្រះគម្ពីរទាំងមូល ព្រះទ្រង់បានរំឭករាស្រ្តទ្រង់ ឲ្យជួយទំនុកបម្រុងអ្នកដែលខ្វះខាតផងដែរ។ ពេលដែលព្រះមានបន្ទូលតាមរយៈលោកម៉ូសេ ដើម្បីឲ្យពួកអ៊ីស្រាអែលត្រៀមខ្លួនចូលទឹកដីសន្យា ព្រះអង្គបានលើកទឹកចិត្តពួកគេ ឲ្យ “លាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទាល់ក្រនោះចុះ”(ចោទិយកថា ១៥:៨)។ បទគម្ពីរនេះក៏បានកត់សំគាល់ផងដែរថា “ពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ”(ខ.១១)។ រឿងនេះងាយយល់ទេ។ ដោយសារព្រះទ្រង់បានត្រាស់ហៅដោយព្រះទ័យអាណិត ឲ្យពួកអ៊ីស្រាអែល “លាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត”(ខ.១១) នោះយើងក៏អាចរកឃើញវិធីជួយអ្នកខ្វះខាតផងដែរ។
មនុស្សម្នាក់ៗត្រូវការអាហារ ជម្រក និងទឹក។ ទោះយើងមានតិចតួច ឬច្រើនក្តី សូមព្រះទ្រង់ដឹកនាំយើង ឲ្យប្រើអ្វីដែលយើងពិតជាមាន ដើម្បីជួយអ្នកដទៃ។ ទោះនោះជាការចែកនំប៉័ងសាច់ ឬអាវរងាក្តី អំណោយដ៏តូចអាចនាំមកនូវការផ្លាស់ប្តូរដ៏ធំ!—Julie Schwab
តើអ្នកដឹងថា នរណាខ្លះប្រហែលជាត្រូវការជំនួយនៅថ្ងៃនេះ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីជួយពួកគេ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យរកឃើញវិធី ដែលអាចជួយមនុស្សនៅជុំវិញទូលបង្គំ។ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តដែលសប្បុរស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ៥-៨ និង វិវរណៈ ២