ជួយយកអាសាអ្នកទាល់ក្រ

អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ។ ចោទិយកថា ១៥:១១

លោក​អេលវីស សាំម័រ(Elvis Summers) បាន​ឮ​សម្លេង​គោះ​ទ្វារ។ គាត់​ក៏​បាន​បើក​ទ្វារ​ឃើញ​អ្នក​ស្រី​ស្មូកឃី(Smokey) ដែល​ជា​ស្រ្តី​ទន់​ខ្សោយ​ម្នាក់ បាន​មក​ផ្ទះ​គាត់​ជា​ញឹក​ញាប់ ដើម្បី​សុំ​កំប៉ុង​លក់​អេតចាយ។ លុយ​ដែល​គាត់​រក​បាន​ពី​ការ​លក់​អេតចាយ​នោះ ជា​ប្រភព​ប្រាក់​ចំណូល​របស់​គាត់។ លោក​អេលវីស​ក៏​បាន​សួរ​រក​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ស្រី​ស្មូកឃី។ អ្នក​ស្រី​ស្មូកឃី​ក៏​បាន​នាំ​គាត់ ទៅ​រក​សំយ៉ាប​ផ្ទះ​ទទឹង​ប្រហែល​កន្លះ​ម៉ែត្រ នៅ​ជាប់​ផ្ទះ​មួយ​ខ្នង។ លោក​ស៊ូម័រ​មាន​ការ​អាណិត​អ្នក​ស្រី​ស្មូកឃី​ណាស់ បាន​ជា​គាត់​សង់​ “ផ្ទះ​តូច​មួយ” ដែល​ជា​ជម្រក​ដ៏​សាមញ្ញ​មួយ ដើម្បី​ឲ្យ​អ្នក​ស្រី​ស្មូកឃី​អាច​គេង​ដោយ​សុវត្ថិភាព។ លោក​ស៊ូម័រ​ក៏​បាន​បន្ត​ប្រើ​គំនិត​នេះ​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត។ គាត់​បាន​បង្កើត​ទំព័រ GoFundMe នៅ​លើ​បណ្តាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ការ​ជា​ក្រុម ជា​មួយ​ពួកជំនុំ​ក្នុង​តំបន់ ដើម្បី​ផ្តល់​ដី​សម្រាប់​សង់​ជម្រក​បន្ថែម​ សម្រាប់​ជន​អនាថា​ដទៃ​ទៀត។

ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត​ផង​ដែរ។ ពេល​ដែល​ព្រះ​មាន​បន្ទូល​តាម​រយៈ​លោក​ម៉ូសេ ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ “​​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទាល់ក្រ​នោះ​ចុះ”(ចោទិយកថា ១៥:៨)។ បទ​គម្ពីរ​នេះ​ក៏​បាន​កត់​សំគាល់​ផង​ដែរ​ថា “​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ”(ខ.១១)។ រឿង​នេះ​ងាយ​យល់​ទេ។ ដោយសារ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ដោយ​ព្រះទ័យ​អាណិត ឲ្យ​ពួក​អ៊ីស្រាអែល “​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត”(ខ.១១) នោះ​យើង​ក៏​អាច​រក​ឃើញ​វិធី​ជួយ​អ្នក​ខ្វះ​ខាត​ផង​ដែរ។

មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​អាហារ ជម្រក និង​ទឹក។ ទោះ​យើង​មាន​តិច​តួច ឬ​ច្រើន​ក្តី សូម​ព្រះ​ទ្រង់​ដឹក​នាំ​យើង ឲ្យ​ប្រើ​អ្វី​ដែល​យើង​ពិត​ជា​មាន ដើម្បី​ជួយ​អ្នក​ដទៃ។ ទោះ​នោះ​ជា​ការ​ចែក​នំប៉័ង​សាច់ ឬ​អាវ​រងា​ក្តី អំណោយ​ដ៏​តូច​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ!—Julie Schwab

តើ​អ្នក​ដឹង​ថា នរណា​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​នៅ​ថ្ងៃ​នេះ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គេ?

ឱ​ព្រះ​យេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រក​ឃើញ​វិធី ដែល​អាច​ជួយ​មនុស្ស​នៅ​ជុំវិញ​ទូល​បង្គំ។ សូម​ព្រះអង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ដែល​សប្បុរស។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ៥-៨ និង​ វិវរណៈ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles