ការរង់ចាំ ដ៏មានតម្លៃ

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់​គ្នា​ដែរ។ អេសាយ ៣០:១៨

លោក​ចេមស៍​មាន​ការងារ​ដ៏​តប់ប្រមល់​មួយ ដែល​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ជា​មួយ​ចៅហ្វាយ​នាយ​ដែល​គ្មាន​ហេតុ​ផល។ គាត់​ចង់​ឈប់​ធ្វើ​ការ។ តែ​គាត់​មាន​ទ្រព្យ​បញ្ចាំ ដែល​ត្រូវ​បង់​លុយ​ឲ្យ​គេ​ជា​ប្រចាំ ហើយ​មាន​ប្រពន្ធ និង​កូន​តូច ដែល​ត្រូវ​ចិញ្ចឹម។ គាត់​មាន​ចិត្ត​ចង់​លាឈប់​តែ​ម្តង តែ​ភរិយា​គាត់​បាន​រំឭក​គាត់​ថា “ចូរ​យើង​អត់​ធ្មត់ ហើយ​រង់​ចាំ​មើល​ព្រះ​ទ្រង់​នឹង​ប្រទាន​យើង​អ្វី​ខ្លះ”។

ជា​ច្រើន​ខែ​ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ លោក​ចេមស៍​រក​បាន​ការងារ​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​គាត់​រីក​រាយ ហើយ​មាន​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​មុន។ គាត់​ប្រាប់​ខ្ញុំ​ថា ការ​រង់​ចាំ​ជា​ច្រើន​ខែ​នោះ មាន​រយៈ​ពេល​យូរ តែ​គាត់​សប្បាយ​ចិត្ត ដែល​បាន​រង់​ចាំ​ផែនការ​ព្រះ​សម្រេច ក្នុង​ពេល​ទ្រង់។

ការ​រង់​ចាំ​ជំនួយ​ព្រះ ក្នុង​ពេល​ដែល​មាន​បញ្ហា ជា​ការ​ពិបាក។ យើង​អាច​មាន​ចិត្ត​ចង់​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ខ្លួន​ឯង ជា​មុន​សិន។ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ដូចនេះ​ឯង ដោយ​ពួក​គេ​បាន​ស្វែង​រក​ជំនួយ​ពី​នគរ​អេស៊ីព្ទ ជា​ជាង​ងាក​ទៅ​រក​ព្រះ នៅ​ពេល​ជួប​ការ​គំរាម​កំហែង​ពី​ខ្មាំង​សត្រូវ​(អេសាយ ៣០:២)។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ទាល់​តែ​ពួក​គេ​ប្រែ​ចិត្ត ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ទើប​ពួក​គេ​អាច​រក​ឃើញ​កម្លាំង និង​សេចក្តី​សង្រ្គោះ(ខ.១៥)។ តាម​ពិត ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រទាន​ព្រះ​គុណ​មក​ពួក​គេ​(ខ.១៨)។

ការ​រង់​ចាំ​ព្រះ ត្រូវ​ការ​សេចក្តី​ជំនឿ និង​ការ​អត់​ធ្មត់។ ប៉ុន្តែ ពេល​ដែល​យើង​បាន​ឃើញ​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ យើង​នឹង​បាន​ដឹង​ថា ការ​រង់​ចាំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា។ ​មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់ចាំ​ទ្រង់ (ខ.១៨)។ ហើយ​ដែល​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ​គឺ ព្រះ​ទ្រង់​កំពុង​រង់​ចាំ​យើង ឲ្យ​ចូល​មក​រក​ព្រះ​អង្គ។​—Leslie Koh

តើ​មាន​ការ​អធិស្ឋាន​អ្វី​ខ្លះ ដែល​អ្នក​កំពុង​រង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​តប? តើ​អ្នក​អាច​ជញ្ជឹង​គិត​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​យ៉ាង​ណា​ខ្លះ ខណៈ​ពេល​ដែល​អ្នក​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ នូវ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ការ​រង់​ចំា​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ។ ទូល​បង្គំ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ល្អ និង​មាន​ក្តី​ស្រឡាញ់ ដែល​ឆ្លើយ​តប​ការ​អធិស្ឋាន តាម​ពេល​វេលា និង​បំណង​ព្រះ​ទ័យ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។​

Learn more about waiting at YouTube.com/watch?v=LDFNyzGS2iY.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles