តើអ្នកជាអ្វី?

ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៦

ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ហាង​លក់​ការ៉េម ជា​មួយ​កូន​ប្រុស​ខ្ញុំ អាយុ​៥​ឆ្នាំ ដែល​ជា​កូន​កាត់​ពីរ​សាសន៍ អ្នក​គិត​លុយ​ក៏​បាន​មើល​មក​ខ្ញុំ ហើយ​សម្លក់​កូន​ខ្ញុំ។ គាត់​សួរ​ទៅ​កូន​ខ្ញុំ​ថា “ឯង​ជា​អ្វី?”

ការ​ចោទ​សួរ ដោយ​សម្លេង​គំហក​នេះ បាន​បញ្ឆេះ​កំហឹង និង​ការ​ឈឺក្បាល ដែល​ខ្ញុំ​ធ្លាប់​មាន​កាល​ពី​មុន ពេល​ដែល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​ម៉ិចស៊ីកូ ដែល​គេ​បាន​រើស​អើង។ ខ្ញុំ​ក៏​បាន​ទាញ​កូន​ប្រុស​ខ្ញុំ​ចូល​មក​ជិត​ខ្ញុំ ហើយ​ក៏​បាន​បែរ​ទៅ​រក​ស្វាមី​ខ្ញុំ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ​ចូល​ហាង​នោះ។ អ្នក​គិត​លុយ​ ក៏​បាន​ធ្វើ​មុខ​ស្មើ ខណៈ​ពេល​ដែល​គាត់​គិត​លុយ​ឲ្យ​យើង ដោយ​មិន​និយាយ​ស្តី​មួយ​ម៉ាត់។

ខ្ញុំ​ក៏​បាន​អធិស្ឋាន​ក្នុង​ចិត្ត ឲ្យ​បុរស​នោះ ខណៈ​ពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចង់​សាក​រស​ជាតិ​ផ្សេង​ៗ របស់​ការ៉េម ដែល​មាន​លក់​ក្នុង​ហាង​នោះ។ ខ្ញុំ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​ភាព​ល្វីង​ជូរ​ចត់ ហើយ​ទូល​សូម​ព្រះ​ប្រទាន​ខ្ញុំ នូវ​វិញ្ញាណ​ដែល​មាន​ការ​អត់​ទោស។ ដោយសារ​ខ្ញុំ​មាន​ពណ៌​សម្បុរ​មិន​ស​ដូច​គេ ខ្ញុំ​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​សម្លក់សម្លឹង និង​ការ​ចោទ​សួរ​ដូច​គ្នា អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព និង​គ្មាន​តម្លៃ ទាល់​តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​រៀន​ឱប​ក្រសោប​យក​អត្ត​សញ្ញាណ​ថ្មី ក្នុង​នាម​ជា​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​ព្រះ។

សាវ័ក​ប៉ុល​បាន​ប្រកាស​ថា អ្នក​ជឿ​ព្រះយេស៊ូវ សុទ្ធ​តែ​ជា​កូន​របស់​ព្រះ ដោយសារ​ជំនឿ​លើ​ព្រះ​យេស៊ូវ មាន​តម្លៃ​ស្មើ​គ្នា និង​មាន​ភាព​ស្រស់​ស្អាត​ផ្សេង​ៗ​គ្នា។ ក្នុង​នាម​ជា​បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ យើង​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ហើយ​ព្រះ​អង្គ​បាន​រៀប​ចំ​យើង​មក សម្រាប់​ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា​(កាឡាទី ៣:២៦-២៩)។ ពេល​ដែល​ព្រះ​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ឲ្យ​មក​ប្រោស​លោះ​យើង យើង​ក្លាយ​ជា​គ្រួសារ​តែ​មួយ តាម​រយៈ​ព្រះ​លោហិត​ព្រះ​អង្គ ដែល​បាន​ហូរ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​អត់​ទោស​បាប​ឲ្យ​យើង(៤:៤-៧)។ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ តម្លៃ​របស់​យើង មិន​អាស្រ័យ​ទៅ​លើ​ការ​គិត ការ​រំពឹង​ចង់​បាន ឬ​ភាព​លម្អៀង​របស់​អ្នក​ដទៃ​នោះ​ឡើយ។

តើ​យើង​ជា​អ្វី? យើង​ជា​កូន​របស់​ព្រះ។​—Xochitl Dixon

តើ​នៅ​ពេល​ណា អ្នក​ធ្លាប់​មាន​ការ​សង្ស័យ​អំពី​តម្លៃ​របស់​អ្នក​ជា​មនុស្ស ដោយសារ​ការ​គិត ការ​រំពឹង​ចង់​បាន ឬ​ភាព​លម្អៀង​របស់​អ្នក​ដទៃ? តើ​ការ​ដឹង​ថា កូន​របស់​ព្រះ​ទាំង​អស់ សុទ្ធ​តែ​ជា​មនុស្ស​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ បាន​ជួយ​អ្នក ឲ្យ​ស្រឡាញ់​អ្នក​ដែល​មាន​ភាព​ខុស​ប្លែក​ពី​អ្នក យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​វរបិតា​ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​មើល​ឃើញ​ខ្លួន​ឯង និង​អ្នក​ដទៃ ដូច​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​យើង​ខ្ញុំ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្រឡាញ់ និង​​មាន​ចិត្ត​ដូច​ព្រះ​អង្គ ពេល​ណា​ទូល​បង្គំ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ដែល​ខុស​ប្លែក​ពី​ទូល​បង្គំ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៤-៦ និង វិវរណៈ ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles