ព្រះអង្គតែងតែនឹកចាំយើងជានិច្ច

ព្រះ​ទ្រង់​នឹក​ចាំ​ពី​រ៉ាជែល ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន។ លោកុប្បត្តិ ៣០:២២

ក្នុង​ព្រះវិហារ​ធំ​មួយ​របស់​ជន​ជាតិ​អាហ្វ្រិក គ្រូ​គង្វាល​បាន​លត់​ជង្គង់​អធិស្ឋាន​ដល់​ព្រះ។ ពេល​ដែល​លោក​គ្រូគង្វាល​អធិស្ឋាន​ទូល​អង្វរ​ថា “សូម​ព្រះ​អង្គ​នឹក​ចាំ​យើង​ខ្ញុំ!” ពួក​ជំនុំ​ក៏​បាន​ស្រែក​ឡើង​ថា “សូម​នឹក​ចាំ​យើង​ខ្ញុំ ឱ​ព្រះ​អម្ចាស់”។ ពេល​ខ្ញុំ​បាន​មើល​ទិដ្ឋភាព​នេះ ​ក្នុង​វីដេអូ​ YouTube ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ គេ​បាន​ថត​ការ​អធិស្ឋាន​នេះ​ទុក កាល​ប៉ុន្មាន​ខែ​មុន។ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ពេល​ដែល​ខ្ញុំ​បាន​ឮ​គ្រូ​គង្វាល​របស់​គ្រួសារ​ខ្ញុំ​ធ្វើ​ការ​ទូល​អង្វរ​ដូច​នេះ កាល​ខ្ញុំ​នៅ​ក្មេង។

ពេល​ខ្ញុំ​បាន​ឮ​ការ​អធិស្ឋាន​នេះ កាល​ពី​ក្មេង ខ្ញុំ​ក៏​បាន​សន្និដ្ឋាន​ខុស​ថា ជួន​កាល ព្រះ​អង្គ​ភ្លេច​យើង។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់​(ទំនុកដំកើង ១៤៧:៥ ១យ៉ូហាន ៣:២០) ព្រះ​អង្គ​តែង​តែ​ទត​ឃើញ​យើង​(ទំនុកដំកើង ៣៣:១៣-១៥) ហើយ​ព្រះអង្គ​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​អាច​វាស់​បាន​(អេភេសូរ ៣:១៧-១៩)។

ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ ហ្សាកា(zakar) មាន​ន័យ​ថា “នឹកចាំ”។ ពេល​ណា​ព្រះ​ទ្រង់ “នឹក​ចាំ” យើង ព្រះ​អង្គ​ក៏​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​យើង។ ហ្សាកា​ក៏​មាន​ន័យ​ថា ធ្វើ​អ្វី​មួយ​ជំនួស​នរណា​ម្នាក់។ ដូច​នេះ ពេល​ព្រះ​ទ្រង់​នឹក​ចាំ​ពី​ណូអេ និង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ(លោកុប្បត្តិ ៨:១)។ ពេល​ដែល​ព្រះ​ទ្រង់ “នឹកចាំ” អំពី​អ្នក​ស្រី​រ៉ាជែល​ដែល​ជា​ស្រ្តី​អារ “​ទ្រង់​ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន នោះ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១” (៣០:២២-២៣)។​

ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​យើង​ម្តង​ណា​ឡើយ បាន​ជា​យើង​អាច​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​តែង​តែ​នឹក​ចាំ​យើង​ជា​និច្ច។ យើង​អាច​អធិស្ឋាន ដោយ​ដឹង​ថា ការ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន នឹង​បាន​ឮ​ដល់​ព្រះកាណ៌​ទ្រង់។ ព្រះអង្គ​នឹង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង តាម​បំណង​ព្រះ​ទ័យ​ទ្រង់។—Patricia Raybon

តើ​អ្នក​ធ្លាប់​គិត​ថា ព្រះ​ទ្រង់​បាន​ភ្លេច​អ្នកដែរឬ​ទេ? តើ​អ្នក​ចង់​អរ​ព្រះ​គុណ​ព្រះ​អង្គ​យ៉ាង​ណា​ខ្លះ សម្រាប់​ការ​នឹក​ចាំ​អំពី​អ្នក?

ឱ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​កុំ​ឲ្យ​ភ្លេច​ថា ព្រះ​អង្គ​តែង​តែ​នឹក​ចាំ​ទូល​បង្គំ​ជា​និច្ច។ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​តែង​តែ​នឹក​ចាំ​ទូល​បង្គំ​ជា​និច្ច។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូណាស ១-៤ និង វិវរណៈ ១០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles