កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា … ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នា។ លូកា ២:១០-១១
ឡាញនើស(Linus) ជាតួអង្គសំខាន់មួយ ក្នុងរឿងកំប្លែង មានចំណងជើងថា សណ្តែកដី ។ ភួយសុវត្ថិភាពពណ៌ខៀវរបស់គាត់ បាននាំឲ្យគេចាប់អារម្មណ៍មកលើគាត់យ៉ាងខ្លាំង។ គាត់បានដាក់ភួយនោះជាប់តាមខ្លួន គ្រប់ទីកន្លែង ហើយមិនមានការខ្មាសអៀន ពេលដែលគាត់ត្រូវការការកម្សាន្តចិត្តពីវា។ លូស៊ី(Lucy) ដែលជាបងស្រីរបស់គាត់ មិនចូលចិត្តភួយនោះទេ ហើយក៏បានព្យាយាមលប់បំបាត់វា ជាញឹកញាប់។ នាងបានយកវាទៅកប់ចោល យកវាទៅធ្វើខ្លែង ហើយក៏បានប្រើវា នៅក្នុងពិធីតាំងពិពណ៌វិទ្យាសាស្រ្តមួយ។ ឡាញនើសក៏ដឹងផងដែរថា គាត់គួរតែកាត់បន្ថយការពឹងផ្អែកទៅលើភួយនោះ ហើយក៏បានកាត់ចិត្តពីវាម្តងហើយម្តងទៀត តែគាត់តែងតែយកវាមកវិញ។
ក្នុងខ្សែភាពយន្តរឿង បុណ្យណូអែលរបស់លោកឆាលី ប្រោន ពេលដែលលោកឆាលី ប្រោន(Charlie Brown) សួរថា “តើមាននរណាដឹងអំពីអត្ថន័យនៃពិធីបុណ្យណូអែលទេ?” លោកឡាញនើស កំពុងតែកាន់ភួយសុវត្ថិភាពរបស់គាត់ក្នុងដៃ ក៏បានបោះជំហានចូលទៅកណ្តាលឆាក ហើយក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤។ ពេលដែលគាត់កំពុងតែសូត្រខគម្ពីរនោះបានពាក់កណ្តាល គាត់ក៏បាននិយាយថា “កុំខ្លាចអី” គាត់ក៏បានទម្លាក់ភួយចោល គឺភួយដែលគាត់ធ្លាប់តែពឹងផ្អែក ពេលគាត់ភ័យខ្លាច។
តើអត្ថន័យនៃពិធីបុណ្យណូអែលត្រង់ចំណុចណា ដែលបានរំឭកយើងថា យើងមិនត្រូវមានការភ័យខ្លាច? ពួកទេវតា ដែលបានលេចមក ឲ្យពួកអ្នកគង្វាលឃើញ បានប្រកាសថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១០-១១)។
ព្រះយេស៊ូវជា “ព្រះគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣)។ ព្រះអង្គគង់នៅជាមួយយើង តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលជាអ្នកកម្សាន្តចិត្តដ៏ពិត(យ៉ូហាន ១៤:១៦) ដូចនេះ យើងមិនត្រូវភ័យខ្លាចឡើយ។ យើងអាចឈប់ឲ្យសុវត្ថិភាពរបស់យើង ពឹងផ្អែក ទៅលើរបស់អ្វីមួយ ឬលើនរណាម្នាក់ តែងាកមកទុកចិត្តព្រះអង្គវិញ។—Anne Cetas
តើអ្នកខ្លាចអ្វី? តើព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកយ៉ាងណាខ្លះ ពេលដែលអ្នកមានការភ័យខ្លាច?
ឱព្រះអម្ចាស់ ព្រះអង្គជាអ្នកកម្សាន្តចិត្តដ៏ធំប្រសើរបំផុត។ សូមព្រះអង្គជួយទូលបង្គំ ឲ្យលះចោលការអ្វី ដែលផ្តល់ឲ្យទូលបង្គំ នូវសុវត្ថិភាពក្លែងក្លាយ ហើយសូមព្រះអង្គដឹកនាំទូលបង្គំ ឲ្យតោងព្រះអង្គជាប់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ១-៣ និង វិវរណៈ ១១