ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ ទំនុកដំកើង ១១៩:១០៥
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ លោកវ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុងបម្រើការជាវិស្វករជាន់ទាប នៅលើនាវា SS Alcoa Guide ។ ពេលដែលនាវានោះ ស្ថិតនៅចម្ងាយជាង៥០០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋខារ៉ូឡាញណាខាងជើង នាវាមុជទឹករបស់អាឡឺម៉ង់ក៏បានងើបឡើងពីក្នុងទឹកសមុទ្រ ហើយក៏បានបាញ់ប្រហារមកលើនាវានោះ។ នាវាក៏បានត្រូវគ្រាប់បណ្តាលឲ្យឆេះ ហើយក៏ចាប់ផ្តើមលិច។ លោកសេមេណូវ និងក្រុមនាវិករបស់គាត់ក៏បានសម្រូតទូកសុវត្ថិភាពចុះទៅក្នុងទឹក ហើយបានប្រើត្រីវិស័យរបស់នាវា ដើម្បីធ្វើដំណើរទៅរកកំពង់ផែ។ បីថ្ងៃក្រោយមក យន្តហោះល្បាតមួយគ្រឿង បានប្រទះឃើញទូកសុវត្ថិភាពរបស់ពួកគេ ហើយនាវា USS Broome ក៏បានជួយសង្រ្គោះពួកគេ នៅថ្ងៃបន្ទាប់។ ដោយសារត្រីវិស័យនោះ លោកសេមេណូវ និងពួកនាវិក២៦នាក់ ក៏បានរួចជីវិត។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះទ្រង់បានបំពាក់ពួកគេដោយព្រះគម្ពីរ ដែលប្រៀបដូចជាត្រីវិស័យសម្រាប់ជីវិត។ គាត់បានប្រៀបធៀបព្រះគម្ពីរ ទៅនឹង “ចង្កៀង” (ទំនុកដំកើង ១១៩:១០៥) ដែលបំភ្លឺផ្លូវនៃជីវិត សម្រាប់អ្នកដែលស្វែងរកបំណងព្រះទ័យព្រះ។ ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរសាត់អណ្តែត ក្នុងទឹកសមុទ្រដ៏វឹកវរនៃជីវិត គាត់ដឹងថា ព្រះទ្រង់អាចប្រើព្រះគម្ពីរ ដើម្បីផ្តល់ឲ្យនូវទិសដៅខាងវិញ្ញាណ ដែលជួយឲ្យគាត់រួចជីវិត។ ដូចនេះ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់បញ្ចេញពន្លឺទ្រង់ ដើម្បីដឹកនាំគាត់ ក្នុងការរស់នៅ ហើយនាំគាត់ទៅដល់ត្រើយនៃព្រះវត្តមានដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយសុវត្ថិភាព(៤៣:៣)។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ពេលណាយើងវង្វេងផ្លូវ ព្រះទ្រង់អាចដឹកនាំយើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយទិសដៅ ដែលមានក្នុងព្រះគម្ពីរ។ សូមព្រះទ្រង់កែប្រែចិត្ត និងគំនិតយើង ពេលណាយើងអានព្រះគម្ពីរ សិក្សា ហើយដើរតាមប្រាជ្ញាក្នុងព្រះគម្ពីរ។—Marvin Williams
តើអ្នកបានប្រើខគម្ពីរណាមួយ ជាត្រីវិស័យក្នុងជីវិតអ្នក ក្នុងពេលថ្មីៗនេះ យ៉ាងដូចម្តេចខ្លះ?
តើអ្នកជួបការល្បួង មិនឲ្យដើរតាមទិសដៅនៃត្រីវិស័យ ដែលព្រះគម្ពីរផ្តល់ឲ្យ នៅពេលណាខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតពេលណាទូលបង្គំជួបការល្បួង ឲ្យរសាត់អណ្តែតចេញឆ្ងាយពីព្រះអង្គ ប្រាជ្ញានៃព្រះគម្ពីរបានជួយនាំទូលបង្គំត្រឡប់មករកព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៤-៥ និង វិវរណៈ ១២