ទោះមិនអាចជួបគ្នាដោយផ្ទាល់ក៏ដោយ

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ។ កូល៉ុស ២:៥

ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ផែន​ដី ពួក​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល បាន​ណែនាំ​ឲ្យ​គេ​រក្សា​គម្លាត​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល។ ប្រទេស​ជា​ច្រើន​បាន​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​តែ​មួយ​កន្លែង។ កន្លែង​ធ្វើការ​ជា​ច្រើន​បាន​ឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ការ​នៅ​ផ្ទះ បើ​សិន​ជា​អាច ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ទៀត កំពុង​តែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​ការ​បាត់បង់​ការងារ ឬ​មុខ​របរ។ ខ្ញុំ​បាន​ចូល​រួម​ការ​ជួប​ជុំ​ជា​មួយ​ពួក​ជំនុំ និង​ក្រុម​តូច តាម​អនឡាញ ដូច​អ្នក​ដទៃ​ផង​ដែរ។ ក្នុង​នាម​យើង​ជា​ប្រជាជន​នៃ​ពិភពលោក យើង​រួមគ្នា​អនុវត្ត​នូវ​ទម្រង់​ថ្មី នៃ​ការ​ជួប​ជុំ​គ្នា ទោះ​រូបកាយ​យើង​មិន​អាច​ជួប​គ្នា​ដោយ​ផ្ទាល់​ក៏​ដោយ។​

មិន​មែន​មាន​តែ​អ៊ីនធឺណិត​ទេ ដែល​ជួយ​ឲ្យ​យើង​បន្ត​មាន​ទំនាក់​ទំនង។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​តភ្ជាប់​ទំនាក់​ទំនង ក្នុង​លក្ខណៈ​ជា​រូបកាយ​នៃ​ព្រះ​គ្រីស្ទ តាម​រយៈ​ព្រះ​វិញ្ញាណ។ សាវ័ក​ប៉ុល​បាន​បក​ស្រាយ​អំពី​រឿង​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស។ ទោះ​គាត់​មិន​បាន​បង្កើត​ពួក​ជំនុំ​នេះ ដោយ​ផ្ទាល់ តែ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ និង​ជំនឿ​របស់​ពួកគេ។ ហើយ​ទោះ​សាវ័ក​ប៉ុល​មិន​អាច​នៅ​ជា​មួយ​ពួកគេ​ដោយ​ផ្ទាល់ គាត់​បាន​រំឭក​ពួក​គេ​ថា គាត់ “នៅ​ជា​មួយ​ខាង​វិញ្ញាណ”(កូល៉ុស ២:៥)។

យើង​មិន​អាច​នៅ​ជា​មួយ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​គ្រប់​ពេល ដោយសារ​ហេតុ​ផល​ហិរញ្ញវត្ថុ សុខ​ភាព ឬ​ហេតុផល​ជាក់​ស្តែង​ផ្សេង​ទៀត ហើយ​បច្ចេក​វិទ្យា​អាច​បំពេញ​ចន្លោះ​ប្រហោង​នេះ​បាន​ខ្លះ​ៗ​។ តែ​ការ​ជួប​ជុំ​តាម​អនឡាញ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ចំណង​ទាក់​ទង ដែល​យើង​អាច​មាន ក្នុង​នាម​ជា​ផ្នែក​នៃ​រូបកាយ​តែ​មួយ​របស់​ព្រះ​គ្រីស្ទ បាន​ទាំង​ស្រុង​ទេ(១កូរិនថូស ១២:២៧)។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​អាច​អរសប្បាយ ចំពោះ​ភាព​រឹង​មាំ​នៃ​ជំនឿ​របស់​អ្នក​ដទៃ និង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អាច​លើក​ទឹក​ចិត្ត​គ្នា “ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះគ្រីស្ទ” តាម​គំរូ​របស់​សាវ័ក​ប៉ុល​(កូល៉ុស ២:២)។—Kirsten Holmberg

តើ​អ្នក​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ខ្លះ ជា​មួយ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ? តើ​នរណា​ខ្លះ​ត្រូវ​ការ​អ្នក​អធិស្ឋាន​ឲ្យ ដើម្បី​សូម​ការ​លើក​ទឹក​ចិត្ត​ សម្រាប់​អ្នក នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​គង់​នៅ​ជា​មួយ​ទូល​បង្គំ ពេល​ដែល​អ្នក​ដទៃ​មិន​អាច​នៅ​ក្បែរ​ទូល​បង្គំ​ដោយ​ផ្ទាល់។ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​តភ្ជាប់​ទំនាក់​ទំនង ដែល​ព្រះ​អង្គ​បាន​ប្រទាន ឲ្យ​ទូល​បង្គំ​មាន​ជា​មួយ​អ្នក​ដទៃ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៦-៧ និង​ វិវរណៈ ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles