គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ អេសាយ ៩:៦
ពេលដែលលោកចន(John) មានជំងឺផ្ដាសាយ ហើយប្រែក្លាយជាជំងឺផ្លូវដង្ហើម គាត់ក៏បានទៅដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនោះ ម្តាយរបស់គាត់ក៏កំពុងស្ថិតក្នុងការព្យាបាលជំងឺមហារីក នៅជាន់ខាងលើផងដែរ ហើយគាត់មានការព្រួយបារម្ភជាពន់ពេក អំពីម្តាយគាត់ និងសុខភាពខ្លួនឯង។ បន្ទាប់មក នៅពេលល្ងាចមុនថ្ងៃណូអែល គាត់ក៏បានឮវិទ្យុចាក់ផ្សាយ បទ “ឱ រាត្រីបរិសុទ្ធ” គាត់ក៏មានអារម្មណ៍ថា សន្តិភាពរបស់ព្រះបានជ្រួតជ្រាបពេញក្នុងចិត្តគាត់។ គាត់ក៏បានស្តាប់ពាក្យពេចន៍ក្នុងបទចម្រៀង ដែលនិយាយអំពីពេលយប់ ដែលព្រះអង្គសង្រ្គោះបានប្រសូត ហើយឃើញឃ្លាដែលច្រៀងថា “ទើបចិត្តព្រួយអណ្ដែត ត្រសែតដោយសង្ឃឹមធំ ឃើញអរុណបញ្ចាំងរស្មីយ៉ាងឧត្តម”។ នៅពេលនោះ ការព្រួយបារម្ភរបស់គាត់ អំពីខ្លួនឯង និងម្តាយរបស់គាត់ក៏បានរលាយបាត់អស់។
ព្រះអង្គសង្រ្គោះបានយាងមកប្រសូត ដើម្បីយើងរាល់គ្នា មានព្រះនាមយេស៊ូវ ជា “ព្រះអម្ចាស់នៃសន្តិភាព” ឬ “ម្ចាស់នៃមេត្រីភាព” គឺដូចដែលហោរាអេសាយបានថ្លែងទំនាយ (អេសាយ ៩:៦)។ ព្រះយេស៊ូវបានសម្រេចបទទំនាយនេះ ពេលដែលព្រះអង្គយាងចុះមកផែនដី ក្នុងលក្ខណៈជាទារក ដោយនាំពន្លឺ និងសេចក្តីសង្រ្គោះ ដល់ “បណ្តាជន ដែលអង្គុយក្នុងសេចក្តីងងឹត”(ម៉ាថាយ ៤:១៦ និង អេសាយ ៩:២)។ ទ្រង់ជាសន្តិភាព និងប្រទានសន្តិភាព ឬសេចក្តីសុខសាន្ត ដល់អ្នកដែលទ្រង់ស្រឡាញ់ សូម្បីតែនៅពេលដែលពួកគេប្រឈមមុខដាក់ទុក្ខលំបាក និងសេចក្តីស្លាប់ក៏ដោយ។
នៅមន្ទីរពេទ្យនោះ លោកចនមានសន្តិភាពក្នុងចិត្ត ដែលហួសលើសពីអស់ទាំងគំនិត(ភីលីព ៤:៧) ខណៈពេលដែលគាត់ជញ្ជឹងគិត អំពីការប្រសូតរបស់ព្រះយេស៊ូវ។ ការនេះបានពង្រឹងជំនឿគាត់ និងជួយឲ្យគាត់អរព្រះគុណព្រះ ខណៈពេលដែលគាត់កំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅឆ្ងាយពីគ្រួសារគាត់ ក្នុងថ្ងៃណូអែល។ ចូរយើងទទួលអំណោយនៃសន្តិភាព និងក្តីសង្ឃឹមរបស់ព្រះ នៅរដូវកាលនេះផងដែរ។—Amy Boucher Pye
តើអ្នកបានពិសោធនឹងសន្តិភាពរបស់ព្រះយ៉ាងណាខ្លះ ក្នុងស្ថានភាពដ៏ពិបាក? តើលក្ខណៈមួយណារបស់ព្រះ ក្នុងបទគម្ពីរ អេសាយ ៩:៦ ដែលអ្នកត្រូវការបំផុត នៅថ្ងៃនេះ? តើហេតុអ្វី?
ឱព្រះនៃសន្តិភាព ពេលណាទូលបង្គំមានចិត្តថប់បារម្ភ និងភ័យព្រួយអំពីរឿងជាច្រើន សូមជួយទូលបង្គំឲ្យងាកទៅរកព្រះអង្គ ហើយទទួលអំណោយនៃសន្តិភាពរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាបាគុក ១-៣ និង វិវរណៈ ១៥