បុត្រតូចនៃថ្ងៃណូអែល

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧

សូម​ស្រមៃ​ថា ព្រះ​មួយ​អង្គ​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ធំ​ៗ កើត​ចេញ​ពី​គ្រាប់​ពូជ​តូច​ល្អិត ហើយ​បង្កើត​ផ្កាយ​ទំាង​ពួង បាន​បន្ទាប​ព្រះ​កាយ ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្រ្តី​ព្រហ្មចារី​ម្នាក់ ហើយ​ប្រសូត​ជា​ទារក​តូច។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​សុទ្ធ​សាធ បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ យក​រូបភាព​ជា​បាវ​បម្រើ​ (ភីលីព ២:៦-៧)។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។

សូម​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ ក្នុង​ក្រោល​សត្វ នៅ​ភូមិ​ជន​បទ​មួយ មាន​ពួក​អ្នក​គង្វាល នៅ​ទី​វាល ហើយ​ទេវតា​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច នៅ​លើ​មេឃ។ ព្រះ​អង្គ​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ប្រាជ្ញា ដែល​ធ្វើ​ឲ្យ​ពួក​អាចារ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ការ​ឆ្លើយ​តប ចំពោះ​សំណួរ​ពិបាក​ៗ។ ពេល​ព្រះ​អង្គ​ពេញ​វ័យ នៅ​ទន្លេ​យ័រដាន់ ព្រះ​វរបិតា​បាន​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”។ ហើយ​នៅ​វាល​រហោស្ថាន ព្រះ​អង្គ​ក៏​បាន​តយុទ្ធ ដោយ​ភាព​អត់​ឃ្លាន និង​ការ​អធិស្ឋាន។

សូម​យើង​មើល​ទិដ្ឋភាព​បន្ទាប់ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​ព្រះរាជ​បេសកកម្ម ដោយ​ប្រោស​ជំងឺ ពាល់​អ្នក​កើត​ឃ្លង់​ឲ្យ​ជា អត់ទោស​បាប ឲ្យ​មនុស្ស​មាន​បាប។ ព្រះអង្គ​ក៏​បាន​លត់​ជង្គង់​អធិស្ឋាន ក្នុង​សួន​ច្បារ ដោយ​ព្រះទ័យ​ឈឺ​ចាប់ ហើយ​គេ​ក៏​បាន​មក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ ហើយ​មិត្ត​សំឡាញ់​ទ្រង់​រត់​ចោល​ព្រះ​អង្គ​អស់។ គេ​ក៏​បាន​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​អង្គ ហើយ​ដំព្រះហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ដោយ​ព្រះ​អង្គ​បាន​ទទួល​បន្ទុក​នៃ​បាប​របស់​លោកិយ​ទាំង​មូល​នៅ​លើ​ស្មា​ព្រះអង្គ។  ពេល​ដែល​ថ្ម​មាត់​ផ្នូរ​រមៀល​ចេញ គេ​ឃើញ​ផ្នូរ​ព្រះអង្គ​នៅ​ទទេ ព្រោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ!

ព្រះ​វរបិតា​បាន​លើ​ព្រះ​អង្គ​ឡើង​យ៉ាង​ខ្ពស់​(ខ.៩)។ ​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ (ខ.១០-១១)។

ព្រះ​អាទិករ​ដែល​បាន​បង្កើត​ហ្វូង​ផ្កាយ និង​អ្វី​ៗ​គ្រប់​យ៉ាង បាន​យក​កំណើត​ជា​បុត្រ​តូច ក្នុង​ផ្ទៃ​ម្តាយ។ ព្រះ​អង្គ​ជា​បុត្រ​តូច ដែល​បាន​ចាប់​កំណើត នៅ​ថ្ងៃ​ណូអែល​ដំបូង​បំផុត។—Sheridan Voysey

តើ​ជីវិត និង​ប្រវត្តិ​សាស្រ្ត​មាន​លក្ខណៈ​ដូច​ម្តេច បើ​ព្រះ​យេស៊ូវ​មិន​បាន​ប្រសូត​ជា​មនុស្ស? តើ​អ្នក​មាន​ការ​អធិស្ឋាន ឬ​បទ​ចម្រៀង​អ្វី​ថ្វាយ​ដល់​ព្រះ ដើម្បី​អរ​ព្រះ​គុណ​ព្រះ​អង្គ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បន្ទាប​ព្រះ​កាយ ដើម្បី​ឈោង​មក​រក និង​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សេផានា ១-៣ និង ​វិវរណៈ ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles