ជំនួយសម្រាប់ដៃដ៏ទន់ខ្សោយរបស់យើង

ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង។ អេសាយ ៤១:១៣

ខ្ញុំ​បាន​ជួយ​ឆ្កែ​ចាស់​ជរា​របស់​ខ្ញុំ ឈ្មោះ​វីលសិន(Wilson) ចេញ​ទៅ​លេង​នៅ​វាល​ស្មៅ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ប្រលែង​ឆ្កែ​មួយ​ក្បាល​ទៀត ដែល​នៅ​ក្មេង​ជាង ឈ្មោះ ខូច(Coach) តែ​មួយ​នាទី។ ពេល​ខ្ញុំ​ឱន​រើស​ខ្សែ​របស់​វា វា​ក៏​បាន​ឃើញ​សត្វ​ទន្សាយ។ វា​ក៏​បាន​ស្ទុះ​រត់​ពេញ​មួយ​ទំហឹង ដោយ​កញ្ឆក់​ខ្សែ​ចេញពី​ដៃ​ខាង​ស្តាំ​របស់​ខ្ញុំ ហើយ​ក៏​បាន​រមួល​ម្រាម​ដៃ​នាង ធ្វើ​ឲ្យ​ខ្ញុំ​ដួល​នៅ​លើ​ស្មៅ ហើយ​ស្រែក​យំ​ដោយ​ការ​ឈឺ​ចាប់។

បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​​មក​ពី​​ពិនិត្យ​សុខភាព​បន្ទាន់ ហើយ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ការ​វះ​កាត់ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ ដើម្បី​សូម​ជំនួយ។ “ខ្ញុំ​ជា​អ្នក​និពន្ធ! តើ​ខ្ញុំ​នឹង​ប្រើ​ក្ដារ​ចុច​របស់​កុំព្យូទ័រ ដើម្បី​វាយ​អក្សរ​ដោយ​របៀប​ណា? ចុះ​ចំណែក​ឯ​តួនាទី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ? ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​មក​កាន់​ខ្ញុំ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ។ គឺ​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(អេសាយ ៤១:១៣)។​ ខ្ញុំ​បាន​ពិនិត្យ​មើល​បរិបទ​នៃ​ខគម្ពីរ​នេះ ដែល​បង្ហាញ​ថា រាស្រ្ត​របស់​ព្រះ​ក្នុង​នគរ​យូដា ដែល​បាន​ទទួល​ការ​ប្រកាស​ព្រះ​រាជ​សារ ពី​ហោរា​អេសាយ បាន​អរសប្បាយ​នឹង​ទំនាក់​ទំនង​ដ៏​ពិសេស ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​នៅ​តែ​គង់​​ជា​មួយ ប្រទាន​កម្លាំង និង​ជួយ​ពួក​គេ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ទ្រង់​(ខ.១០)។ ក្នុង​ខគម្ពីរ​ផ្សេង​ទៀត ព្រះ​ទ្រង់​បាន​ប្រើ​ព្រះ​ហស្ត​ស្តាំ​របស់​ទ្រង់ ដើម្បី​ប្រទាន​ជ័យ​ជម្នះ​ដល់​រាស្រ្ត​ទ្រង់​(ទំនុក​ដំកើង ១៧:៧ ៩៨:១)។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍ ដែល​ខ្ញុំ​កំពុង​ជា​សះស្បើយ​ឡើង​វិញ ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះ ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ប្រើ​កម្មវិធី​សរសេរ​តាម​អាន ក្នុង​កុំព្យូទ័រ ហើយ​រៀន​ប្រើ​ដៃ​ឆ្វេង ធ្វើ​ការងារ​ក្នុង​ផ្ទះ និង​សួន​ដំណាំ។ ពេល​ដែល​ដៃ​ស្តាំ​ខ្ញុំ​បាក់ ត្រូវ​ការ​ជំនួយ ព្រះ​ទ្រង់​បាន​សន្យា​ថា គង់​នៅ​ជា​មួយ និង​ជួយ​ខ្ញុំ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ទ្រង់។—Elisa Morgan

តើ​អ្នក​ត្រូវ​ការ​ជំនួយ​មក​ពី​ព្រះ នៅ​ត្រង់​ផ្នែក​ណា​ខ្លះ ក្នុង​ជីវិត​អ្នក? តើ​អ្នក​បាន​ទទួល​ជំនួយ​យ៉ាង​ណា​ខ្លះ ពី​ព្រះ​អង្គ កាល​ពី​មុន?

ឱ​ព្រះ​ដ៏​ប្រោស​ឲ្យជា ទូល​បង្គំ​ត្រូវ​ការ​ជំនួយ​​មក​ពី​ព្រះ​អង្គ! សូម​ព្រះ​អង្គ​ប្រើ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ដៃ​ដ៏​ទន់​ខ្សោយ និង​ហត់​នឿយ​របស់​ទូល​បង្គំផង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១-៤ និង វិវរណៈ ១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles