ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្តីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច។ យូដាស ១:២២-២៣
លោកចន ជ្រីសូស្ទុម(John Chrysostom) ដែលជាអ្នកដឹកនាំពួកជំនុំសម័យដើម បានសរសេរថា “អ្នកគង្វាលត្រូវការប្រាជ្ញាដ៏ធំប្រសើរ និងភ្នែក១ពាន់ ដើម្បីពិនិត្យមើលសណ្ឋាននៃវិញ្ញាណ ឲ្យគ្រប់ជ្រុងជ្រោយ”។ លោកចនបានសរសេរពាក្យពេចន៍ទាំងនេះ នៅក្នុងការពិភាក្សា អំពីភាពស្មុគស្មាញនៃការផ្តល់ឲ្យអ្នកដទៃ ឲ្យនូវការថែទាំខាងវិញ្ញាណ។ គាត់បាននិយាយសង្កត់ធ្ងន់ថា ដោយសារយើងមិនអាចបង្ខំនរណាម្នាក់ ឲ្យទទួលការប្រោសឲ្យជា នោះការឈោងទៅរកចិត្តរបស់អ្នកដទៃ តម្រូវឲ្យយើងមានការអាណិតអាសូរខ្លាំង។
តែគាត់បានដាស់តឿនថា ការនេះមិនមានន័យថា អ្វីដែលយើងកំពុងធ្វើនោះ មិនដែលនាំឲ្យមានការឈឺចាប់នោះឡើយ ព្រោះ “បើអ្នកមានការខ្លាចចិត្តពេក ចំពោះអ្នកដែលត្រូវការការវះកាត់ស៊ីជម្រៅ ហើយមិនបានធ្វើការវះកាត់ឲ្យបានជ្រៅ សម្រាប់អ្នកដែលត្រូវការការវះកាត់ អ្នកនឹងមិនអាចវះកាត់ឲ្យដល់ដុំសាច់មហារីក។ តែបើអ្នកធ្វើការវះកាត់ដោយគ្មានមេត្តា ជាញឹកញាប់អ្នកជំងឺ មានការឈឺចាប់ពេក ក៏បានអស់សង្ឃឹម ហើយលែងខ្វល់អ្វីទាំងអស់…ក៏គិតចង់លោតពីលើជ្រោះតែម្តង”។
កណ្ឌគម្ពីរយូដាសក៏បានធ្វើការបកស្រាយ អំពីភាពស្មុគស្មាញស្រដៀងនេះផងដែរ ជាការឆ្លើយតប ចំពោះអ្នកដែលវង្វេងចេញពីជំនឿ ដោយសារគ្រូខុសឆ្គង ដែលប្រៀបដូចជាដុំស្អុយ(១:១២-១៣,១៨-១៩)។ តែពេលដែលលោកយូដាសបានណែនាំអំពីរបៀបឆ្លើយតបចំពោះការគំរាមកំហែងដ៏ធ្ងន់ធ្ងរនេះ គាត់មិនឲ្យយើងមានប្រតិកម្មតប ដោយកំហឹងដ៏កាចសាហាវនោះទេ។
ផ្ទុយទៅវិញ គាត់បានបង្រៀនថា អ្នកជឿគួរតែឆ្លើយតបចំពោះការបង្រៀនខុសឆ្គង ដោយចាក់ឫសខ្លួនឯងឲ្យកាន់តែជ្រៅ ទៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ(ខ.២០-២១)។ ព្រោះទាល់តែយើងបានចាក់ឫសចូលជ្រៅ ជាប់ក្នុងសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះសិន ទើបយើងអាចរកឃើញប្រាជ្ញា នៅក្នុងការជួយអ្នកដទៃ ដោយភាពបន្ទាន់ដ៏ត្រឹមត្រូវ ដោយការបន្ទាបខ្លួន និងការអាណិត(ខ.២២-២៣) ដើម្បីឲ្យពួកគេរកឃើញការប្រោសឲ្យជា និងសម្រាកក្នុងសេចក្តីស្រឡាញ់របស់ព្រះ ដែលគ្មានព្រំដែន។—Monica La Rose
ហេតុអ្វីយើងចាំបាច់ត្រូវចម្រើនឡើង ក្នុងព្រះវិញ្ញាណបរិសុទ្ធ(ខ.២០) មុនពេលយើងឆ្លើយតប ចំពោះការគំរាមកំហែងខាងវិញ្ញាណ? តើអ្នកបានឃើញគំរូនៃប្រាជ្ញា និងការអាណិតណាខ្លះ ដែលគេបានប្រើ ដើម្បីជួយនរណាម្នាក់កំពុងមានការឈឺចាប់ជាពន់ពេក?
ឱព្រះនៃសេចក្តីស្រឡាញ់ ពេលណាទូលបង្គំប្រឈមមុខដាក់ការអាក្រក់ និងសេចក្តីសម្អប់ សូមព្រះអង្គជួយទូលបង្គំ ឲ្យឆ្លើយតប ដោយឈរជាប់ក្នុងសេចក្តីស្រឡាញ់។ សូមព្រះអង្គប្រទានប្រាជ្ញា និងការអាណិត ដើម្បីឲ្យទូលបង្គំមើលឃើញ “ដោយភ្នែក១ពាន់” ឲ្យឃើញតម្រូវការ និងក្តីសង្ឃឹមរបស់អ្នកដទៃ និងបង្ហាញពួកគេនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៥-៨ និង វិវរណៈ ១៩