សត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!

សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥

មាន​តោ​ថ្ម​ពីរ​ឈរ​យាម​ច្រក​ចូល​បណ្ណាល័យ​សាធារណៈ​នៃ​ទីក្រុង​ញូយ៉ក។ រូប​ចម្លាក់​តោ ដែល​គេ​បាន​ឆ្លាក់​ពី​ថ្ម​ម៉ាប​នោះ បាន​ឈរ​នៅ​ទីនោះ ដោយ​មោទនភាព ចាប់​តាំង​ពី​កម្ម​វិធី​សម្ភោទ​បណ្ណាល័យ​នេះ ក្នុងឆ្នាំ១៩១១។ ពី​ដំបូង គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​តោ​ទាំង​ពីរ​ថា លេអូ លេណុក(Leo Lenox) និង​ លេអូ អាស្តូ(Leo Astor) ដើម្បី​ផ្តល់​កិត្តិយស ដល់​ស្ថាបនិក​នៃ​បណ្ណាល័យ​នេះ។ ប៉ុន្តែ ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បាន​ប្តូរ​ឈ្មោះ​ពួក​វា ទៅ​ជា​សេចក្តី​ក្លាហាន និង​ភាព​អត់​ធ្មត់ ដែល​ជា​គុណ​ធម៌ ដែល​គាត់​គិត​ថា អ្នក​ក្រុង​ញូយ៉ក គួរ​តែ​បង្ហាញ​ចេញ​មក ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំ​នោះ។ សត្វ​តោ​ទាំង​នោះ នៅ​តែ​បន្ត​មាន​ឈ្មោះ​ថា សេចក្តី​ក្លាហាន និង​ភាព​អត់ធ្មត់ រហូត​មក​ដល់​សព្វ​ថ្ងៃ។

ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​សត្វ​តោ​មាន​ជីវិត និង​មាន​អំណាច ដែល​ផ្តល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពេល​មាន​ទុក្ខ​លំបាក ហើយ​ក៏​មាន​ឈ្មោះ​ផង​ដែរ។ ក្នុង​ការ​បើក​សម្តែង​អំពី​នគរ​ស្ថាន​សួគ៌ សាវ័ក​យ៉ូហាន​បាន​យំ ពេល​ដែល​គាត់​បាន​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ដែល​ចែង​អំពី​ផែនការ​នៃ​ការ​ជំនុំ​ជម្រះ និង​ប្រោស​លោះ​របស់​ព្រះ។ បន្ទាប់​មក លោក​យ៉ូហាន ក៏​បាន​ឮ​ចាស់​ទុំ​ម្នាក់​ប្រាប់​គាត់​ថា “កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន”(វិវរណៈ ៥:៥)។

តែ​ក្នុង​ខ​បន្ទាប់ លោក​យ៉ូហាន​បាន​ពិពណ៌នា​ថា “ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ និង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក”(ខ.៦)។ សត្វ​សិង្ហ និង​កូន​ចៀម ជា​អង្គ​បុគ្គល​តែ​មួយ​ទេ គឺ​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា​ក្សត្រ​ដ៏​មាន​ជ័យ​ជម្នះ និង​ជា “កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ តាម​រយៈ​កម្លាំង និង​ឈើ​ឆ្កាង​ព្រះ​អង្គ យើង​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស​បាប ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ដោយ​អំណរ និង​ការ​ស្ញប់​ស្ញែង​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រហូត!—James Banks

តើ​លក្ខណៈ​សម្បត្តិ​មួយ​ណា​របស់​ព្រះយេស៊ូវ ដែល​បាន​បណ្តាល​ចិត្ត​អ្នក ឲ្យ​ចង់​សរសើរ​ដំកើង​ព្រះ​អង្គ​បំផុត?

ឱ​ព្រះ​អង្គ​សង្រ្គោះ ទូល​បង្គំ​សូម​សរសើរ​ព្រះ​អង្គ អស់​កល្ប​ជា​និច្ច។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​លះ​បង់​​អង្គ​ទ្រង់ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​រស់​នៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ជា​រៀង​រហូត!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៩-១២ និង វិវរណៈ ២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles