ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ កូល៉ុស ៣:១០
ពេលដែលប្រាយអិននី(Bryony) មានអាយុ៣០ឆ្នាំ នាងមិនសប្បាយចិត្ត នៅក្នុងការបន្តធ្វើការផ្នែកលក់ ដែលនាងមិនដែលចូលចិត្ត។ នាងបានសម្រេចចិត្តថា ពេលនេះជាពេលដែលនាងត្រូវឈប់មានការស្ទាក់ស្ទើរ ហើយត្រូវស្វែងរកការងារថ្មី។ សម្រាប់ដាវីឌ(David)វិញ ឆ្នាំថ្មីនេះ គាត់បានឆ្លុះកញ្ចក់ ដោយការប្តេជ្ញាចិត្តថា ឆ្នាំថ្មីនេះជាឆ្នាំដែលគាត់ត្រូវស្រកគីឡូ។ រីឯចេមស៍(James)វិញ គាត់បានឃើញឆ្នាំចាស់កន្លងផុតទៅ ដោយភាពឆេវឆាវរបស់គាត់ មិនបានអន់ថយសោះឡើយ។ នៅខែបន្ទាប់ គាត់សន្យានឹងខ្លួនឯងថា គាត់នឹងព្យាយាមខ្លាំងជាងមុន។
បើអ្នកធ្លាប់បានប្តេជ្ញាចិត្ត នៅដើមខែថ្មី ដើមឆ្នាំថ្មី ឬនៅថ្ងៃខួបកំណើត នោះមិនមែនមានតែអ្នកទេ ដែលបានអនុវត្តដូចនេះ។ អ្នកស្រាវជ្រាវថែមទាំងបានដាក់ឈ្មោះឲ្យការអនុវត្តន៍ដូចនេះថា : ឥទ្ធិពលនៃការចាប់ផ្តើមជាថ្មី។ ពួកគេបានលើកឡើងថា កាលបរិច្ឆេទសំខាន់ៗ ក្នុងប្រតិទិនអាចនាំឲ្យយើងពិនិត្យមើលជីវិតយើង ហើយព្យាយាមទុកបរាជ័យ ឬកំហុសយើង នៅពីក្រោយយើង ដើម្បីចាប់ផ្តើមជាថ្មី។ យើងចង់ក្លាយជាមនុស្សល្អជាងមុន ហេតុនេះហើយយើងចង់មានការចាប់ផ្តើមថ្មី។
ជំនឿលើព្រះយេស៊ូវ គឺជាដំណោះស្រាយដ៏មានអំណាច សម្រាប់បញ្ហានេះ ដោយបង្ហាញឲ្យយើងដឹងថា ជីវិតថ្មីមានលក្ខណៈដូចម្តេចខ្លះ(កូល៉ុស ៣:១២-១៤) ហើយត្រាស់ហៅយើង ឲ្យលះចោលជីវិតចាស់របស់យើង (ខ.៥-៩)។ ជីវិតផ្លាស់ប្រែនេះ មិនគ្រាន់តែកើតមាន ដោយសារការសម្រេចចិត្ត និងការប្តេជ្ញាចិត្តប៉ុណ្ណោះទេ តែដោយអំណាចមកពីព្រះផងដែរ។ ពេលយើងទទួលជឿព្រះយេស៊ូវ យើងក្លាយជាមនុស្សថ្មី ដោយព្រះវិញ្ញាណរបស់ព្រះ ធ្វើការក្នុងយើង ដើម្បីធ្វើការសម្អាត និងប្រោសជាថ្មី(ខ.១០ ទីតុស ៣:៥)។
ការទទួលសេចក្តីសង្រ្គោះ ក្នុងព្រះយេស៊ូវ ជាការចាប់ផ្តើមជាថ្មីដ៏សំខាន់បំផុត របស់មនុស្សម្នាក់ៗ។ ហើយការចាប់ផ្តើមជាថ្មីនេះ មិនរង់ចាំកាលបរិចេ្ឆទ ដែលបានគូសចំណាំក្នុងប្រតិទិននោះឡើយ។ យើងអាចមានជីវិតថ្មី ក្នុងពេលឥឡូវនេះ។—Sheridan Voysey
តើអ្នកបានឃើញការចាប់ផ្តើមជាថ្មី បានកើតមានយ៉ាងណាខ្លះ ក្នុងជីវិតអ្នក? តើពេលនេះ មានអ្វីរារាំងអ្នក មិនឲ្យទទួលអំណោយនៃជីវិតថ្មីមកពីព្រះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមលះបង់ផែនការរបស់ទូលបង្គំ ដើម្បីដើរតាមផែនការព្រះអង្គ។ សូមព្រះអង្គប្រទានទូលបង្គំ នូវការចាប់ផ្តើមជាថ្មី។
To gain a better understanding of the Bible this year, visit ChristianUniversity.org/SF105.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២