លទ្ធផល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ កូល៉ុស ៣:១០

ពេល​ដែល​ប្រាយអិននី(Bryony) មាន​អាយុ​៣០​ឆ្នាំ នាង​មិន​សប្បាយ​ចិត្ត នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ផ្នែក​លក់ ដែល​នាង​មិន​ដែល​ចូល​ចិត្ត។ នាង​បាន​សម្រេច​ចិត្ត​ថា ពេល​នេះ​ជា​ពេល​ដែល​នាង​ត្រូវ​ឈប់​មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ត្រូវ​ស្វែង​រក​ការងារ​ថ្មី។ សម្រាប់​ដាវីឌ(David)វិញ ឆ្នាំ​ថ្មី​នេះ គាត់​បាន​ឆ្លុះ​កញ្ចក់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថា ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ដែល​គាត់​ត្រូវ​ស្រក​គីឡូ​។ រី​ឯ​ចេមស៍(James)​វិញ គាត់​បាន​ឃើញ​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ ដោយ​ភាព​ឆេវឆាវ​របស់​គាត់ មិន​បាន​អន់​ថយ​សោះ​ឡើយ។ នៅ​ខែ​បន្ទាប់ គាត់​សន្យា​នឹង​ខ្លួន​ឯង​ថា គាត់​នឹង​ព្យាយាម​ខ្លាំង​ជាង​មុន។​

បើ​អ្នក​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត នៅ​ដើម​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ឬ​នៅ​ថ្ងៃ​ខួប​កំណើត នោះ​មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​អនុវត្ត​ដូច​នេះ។ អ្នក​ស្រាវជ្រាវ​ថែម​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​ការអនុវត្តន៍​ដូចនេះ​ថា : ឥទ្ធិពល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ ពួក​គេ​បាន​លើក​ឡើង​ថា កាល​បរិច្ឆេទ​សំខាន់​ៗ ក្នុង​ប្រតិទិន​អាច​នាំ​ឲ្យ​យើង​ពិនិត្យ​មើល​ជីវិត​យើង ហើយ​ព្យាយាម​ទុក​បរាជ័យ ឬ​កំហុស​យើង នៅ​ពី​ក្រោយ​យើង ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន ហេតុ​នេះ​ហើយ​យើង​ចង់​មាន​ការ​ចាប់​ផ្តើម​ថ្មី។

ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​មាន​អំណាច សម្រាប់​បញ្ហា​នេះ ដោយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​ថ្មី​មាន​លក្ខណៈ​ដូចម្តេច​ខ្លះ​(កូល៉ុស ៣:១២-១៤) ហើយ​ត្រាស់​ហៅ​យើង ឲ្យ​លះចោល​ជីវិត​ចាស់​របស់​យើង (ខ.៥-៩)។ ជីវិត​ផ្លាស់​ប្រែ​នេះ មិន​គ្រាន់​តែ​កើត​មាន ដោយសារ​ការ​សម្រេច​ចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ដោយ​អំណាច​មក​ពី​ព្រះ​ផង​ដែរ។ ពេល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​មនុស្ស​ថ្មី ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ ធ្វើ​ការ​ក្នុង​យើង ដើម្បី​ធ្វើ​ការ​សម្អាត និង​ប្រោស​ជា​ថ្មី(ខ.១០ ទីតុស ៣:៥)។

ការ​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ព្រះយេស៊ូវ ជា​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដ៏​សំខាន់​បំផុត របស់​មនុស្ស​ម្នាក់​ៗ។ ហើយ​ការ​ចាប់​ផ្តើម​ជា​ថ្មី​នេះ មិន​រង់​ចាំ​កាល​បរិចេ្ឆទ ដែល​បាន​គូស​ចំណាំ​ក្នុង​ប្រតិទិន​នោះ​ឡើយ។ យើង​អាច​មាន​ជីវិត​ថ្មី ក្នុង​ពេល​ឥឡូវ​នេះ។—Sheridan Voysey

តើ​អ្នក​បាន​ឃើញ​ការ​ចាប់​ផ្តើម​ជា​ថ្មី បាន​កើត​មាន​យ៉ាង​ណា​ខ្លះ ក្នុង​ជីវិត​អ្នក? តើ​ពេល​នេះ មាន​អ្វី​រារាំង​អ្នក មិន​ឲ្យ​ទទួល​អំណោយ​នៃ​ជីវិត​ថ្មី​មក​ពី​ព្រះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​លះបង់​ផែន​ការ​របស់​ទូល​បង្គំ ដើម្បី​ដើរតាម​ផែន​ការ​ព្រះ​អង្គ​។ សូម​ព្រះអង្គ​ប្រទាន​ទូល​បង្គំ នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី។​

To gain a better understanding of the Bible this year, visit ChristianUniversity.org/SF105.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles