មិនចងគំនុំទៀត

មិន​ត្រូវ​សងសឹក ឬ​ចង​គំនុំ​គុំគួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះយេហូវ៉ា។ លេវីវិន័យ ១៩:១៨

ក្នុង​អំឡុង​ពេល​គេ​លក់​បញ្ចុះ​តម្លៃ នៅ​ឆ្នាំ​២០១១ អតីត​កីឡាករ​បាល់​ទាត់​កាណាដា​ពីរ​នាក់ អាយុ​៧៣​ឆ្នាំ បាន​វាយ​តប់​គ្នា​នៅ​លើ​ឆាក។ ពួកគេ​មាន​គំនុំ តាំង​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់ កាល​ពី​ឆ្នាំ​១៩៦៣។ បន្ទាប់​ពី​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ធ្លាក់​ពី​លើ​ឆាក ហ្វូង​មនុស្ស​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​បញ្ចប់ “ការ​គុំគួន​គ្នា”។

ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​របស់​មនុស្ស​ជា​ច្រើន ដែល​មាន​គំនុំ។ លោក​កាអ៊ីន​បាន​គុំគួន​នឹង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ អេបិល ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ដង្វាយ​របស់​លោក​អេបិល(លោកុប្បត្តិ ៤:៥)។ គំនុំ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​លោក​កាអ៊ីន​វាយ​សម្លាប់​លោក​អេបិល​ដែល​ជា​ប្អូន​(ខ.៨)។ “លោក​អេសាវ​ក៏​គុំគួន​នឹង​លោក​យ៉ាកុប” ព្រោះ​លោក​យ៉ាកុប​បាន​លួច​សិទ្ធិ​ជា​បង​ច្បង​ពី​គាត់(២៧:៤១)។ គំនុំ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង បាន​ជា​លោក​យ៉ាកុប​រត់​គេច ឲ្យ​រួច​ជីវិត ដោយ​ការ​ភ័យ​ខ្លាច។

ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​បាន​បង្ហាញ​ឧទាហរណ៍​នៃ​មនុស្ស​ដែល​មាន​គំនុំ​នឹង​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្រៀន​យើង ឲ្យ​លះ​ចោល​ការ​គុំគួន​ផង​ដែរ ដោយ​ឲ្យ​យើង​ស្វែង​រក​ការ​អត់​ឱន​ទោស និង​ការ​ផ្សះ​ផ្សា។ ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​(លេវីវិន័យ ១៩:១៨) ឲ្យ​អធិស្ឋាន និង​អត់​ឱន​ទោស​ឲ្យ​អ្នក​ដែល​ជេរ​ប្រទេច និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់(ម៉ាថាយ ៥:៤៣-៤៧) ឲ្យ​រស់​នៅ​ដោយ​សន្តិភាព​ជា​មួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​ឈ្នះ​ការ​អាក្រក់ ដោយ​ការ​ល្អ​(រ៉ូម ១២:១៨-២១)។ ដោយ​អំណាច​ចេស្តា​ទ្រង់ ចូរ​យើង​អត់​ទោស​ឲ្យ​គេ​នៅ​ថ្ងៃ​នេះ។—Marvin Williams

ហេតុ​អ្វី​យើង​ចាំ​បាច់​ត្រូវ​លះ​ចោល​ការ​គុំគួន​? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ដើម្បី​ស្អាង​ទំនាក់​ទំនង​ដែល​បាក់​បែក​ឡើង​វិញ​ នៅ​សប្តាហ៍​នេះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ជួយ​ទូល​បង្គំ​ឲ្យ​អាច​អត់​ទោស​ឲ្យ​អ្នក​ដទៃ ដោយសារ​ព្រះអង្គ​បាន​អត់​ទោស​បាប​ឲ្យ​ទូល​បង្គំ​ហើយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles