អំណាចនៃសេចក្តីស្រឡាញ់

ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយ។ បទចម្រៀងសាឡូម៉ូន ៨:៧

មាន​ចាស់​ទុំ​ពីរ​នាក់ ​មាន​អាយុ​ប្រហែល​៨០​ឆ្នាំ ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ ម្នាក់​ទៀត នៅ​ប្រទេស​ដាណឺម៉ាក។ មើល​ទៅ​អ្នក​ទាំង​ពីរ មិន​ទំនង​​អាច​ធ្វើ​ជា​គូរ​ស្នេហ៍​ឡើយ។ ពួកគេ​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន ដោយ​មាន​ជីវិត​ដ៏​រីករាយ អស់​រយៈ​ពេល​៦០​ឆ្នាំ មុន​ពេល​ពួក​គេ​ក្លាយ​ជា​ស្រ្តី​មេម៉ាយ និង​បុរស​ពោះ​ម៉ាយ។ ទីលំនៅ​របស់​ពួក​គេ​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា ដោយ​ធ្វើ​ដំណើរ​តែ​១៥​នាទី​ប៉ុណ្ណោះ តែ​ផ្ទះ​របស់​ពួក​គេ​ស្ថិត​នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា។ ពួកគេ​នៅ​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ដោយ​ចំអិន​អាហារ និង​ចំណាយ​ពេល​ជា​មួយ​គ្នា​ជា​ទៀត​ទាត់។ គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រាល​ដាល​នៃ​វីរូស​កូរ៉ូណា រដ្ឋា​ភិបាល​ដាណឺម៉ាក​ក៏​បាន​បិទ​ច្រក​ព្រំដែន។ តែ​ពួក​គេ​នៅ​តែ​បន្ត​ជួប​គ្នា ជា​រៀង​រាល់​ថ្ងៃ នៅ​ម៉ោង​៣​រសៀល នៅ​ព្រំដែន នៅ​លើ​ផ្លូវ​ជាតិ​ដ៏​ស្ងប់​ស្ងាត់​មួយ ដោយ​អង្គុយ​ញាំ​អាហារ​ជា​មួយ​គ្នា នៅ​ម្ខាង​ព្រំដែន​ម្នាក់។  បុរស​នោះ​ក៏​បាន​ពន្យល់​ថា “យើង​មក​ទីនេះ ដោយសារ​យើង​ស្រឡាញ់​គ្នា”។ ក្តី​ស្រឡាញ់​របស់​ពួក​គេ​ខ្លាំង​ជាង​ព្រំដែន និង​មាន​អំណាច​ខ្លាំង​ជាង​ជំងឺ​រាតត្បាត។

​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន​បាន​ធ្វើ​ការ​បក​ស្រាយ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង អំពី​អំណាច​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ស្រឡាញ់។ ក្នុង​នោះ ស្តេច​សាឡូម៉ូន​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់”(៨:៦)។ យើង​មិន​អាច​ជៀស​វាង​សេចក្តី​ស្លាប់​បាន​ឡើយ។ វា​នឹង​មក​ដល់ ដោយ​ការ​បញ្ចប់​ដាច់​ខាត​ដែល​យើង​មិន​អាច​រារាំង​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​មាន​កម្លាំង​ខ្លាំង​ដូច​សេចក្តី​ស្លាប់។ ជាង​នេះ​ទៅ​ទៀត “ជំហួល​នៃ​សេចក្តី​ស្រឡាញ់​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ព្រះ(ខ.៦)។ តើ​អ្នក​ធ្លាប់​ឃើញ​ភ្លើង​ឆាប​ឆេះ​ទេ? សេចក្តី​ស្រឡាញ់​គឺ​មិន​ខុស​ពី​ភ្លើង ដែល​មិន​អាច​ពន្លត់​បាន។ “ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តី​ស្រឡាញ់​បាន​ឡើយ” ហើយ​ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ(ខ.៧)។

សេចក្តី​ស្រឡាញ់​​ដែល​ពិត គ្មាន​ភាព​អាត្មា​និយម គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​លក្ខណៈ​ទាំង​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ទេ ដែល​មាន​អំណាច មាន​ភាព​ជ្រាល​ជ្រៅ និង​មាន​ឥទ្ធិពល​ខ្លាំង​ដូច​នេះ។ សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង ជា​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​អ្វី​អាច​ពន្លត់​បាន។​—Winn Collier

តើ​សេចក្តី​ស្រឡាញ់​របស់​អ្នក បាន​ឆ្លុះ​បញ្ចាំង អំពី​សេចក្តី​ស្រឡាញ់ របស់​ព្រះ​យ៉ាង​ដូចម្តេច​ខ្លះ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ថា​ ព្រះ​ទ្រង់​ស្រឡាញ់​អ្នក?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​ដ៏​មាន​អំណាច និង​ជ្រាល​ជ្រៅ​របស់​ព្រះ​អង្គ។ ទូល​បង្គំ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​គ្មាន​អ្វី​អាច​ពន្លត់​បាន ហើយ​មិន​បោះ​បង់​ចោល​ទូល​បង្គំ​ឡើយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ១៥-១៦ និង ម៉ាថាយ ២៧:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles