មនុស្ស​ល្ងីល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹមត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។ សុភាសិត ១២:១៥

ពេល​ដែល​ដំបូល​ព្រះវិហារ​ធំ​ណូត្រឺ ដាម ត្រូវ​ភ្លើង​ឆេះ នៅ​ខែ​មេសា ឆ្នាំ២០១៩ នៅ​ទីក្រុង​បារីស ធ្នឹម​របស់​វា​ដែល​ធ្វើ​ពី​ឈើ​បុរាណ និង​បន្ទះ​សំណរ​នៅ​លើ​ដំបូល បាន​បង្កើត​ជា​គុក​ភ្លើង​ដែល​មាន​កម្តៅ​ក្តៅ​ក្រៃ​លែង ដែល​គេ​មិន​អាច​ពន្លត់​បាន។ បន្ទាប់​ពី​កំពូល​ស្រួច​របស់​ព្រះវិហារ​នេះ​បាន​ដួល​រលំ គេ​ក៏​បាន​ងាក​មក​ផ្តោត​ចាប់​អារម្មណ៍​ទៅ​លើ​ប៉ម​ជួង​របស់​វា។ បើ​ស៊ុម​ឈើ​របស់​ជួង​ដែក​យក្ស​នេះ ត្រូវ​ភ្លើង​ឆេះ​ដែរ នោះ​ការ​រំលំ​របស់​វា នឹង​បណ្តាល​ឲ្យ​ប៉ម​ទាំង​ពីរ​រំលំ ដែល​នឹង​បណ្តាល​ឲ្យ​ព្រះវិហារ​ធំ​ក្លាយ​ជា​សំណង់​បាក់​បែក។

លោក​ឧត្តម​សេនីយ ហ្គាលែត(Gallet) ដែល​ជា​មេ​បញ្ជាការ​នៃ​មន្ទីរ​ពន្លត់​អគ្គីភ័យ​នៅ​ទីក្រុង​ប៉ារីស បាន​បញ្ជា​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​ដក​ថយ មក​រក​កន្លែង​សុវត្ថិភាព​វិញ ដោយ​គិត​អំពី​ការ​អ្វី ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត។ អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ឈ្មោះ រេមី(Remi) បាន​ចូល​មក​ជិត​គាត់​ដោយ​ការ​ព្រួយ​បារម្ភ។ គាត់​និយាយ​ថា “សូម​គោរព លោក​ឧត្តមសេនីយ៍។ ខ្ញុំ​សូម​ស្នើ​ឲ្យ​គ្នា​យើង​ទាញ​ទុយោ​បាញ់​ទឹក ឡើង​ទៅ​ប៉ម​ខាង​លើ ដើម្បី​បាញ់​ទឹក​ចូល​ពី​ខាង​ក្រៅ”។ ដោយ​យល់​ឃើញ​ថា អគារ​នោះ​មាន​ភាព​ផុយ​ស្រួយ លោក​មេ​បញ្ជាការ​ក៏​បាន​បដិសេធន៍​យោបល់​នេះ ប៉ុន្តែ លោក​រេមី​នៅ​តែ​បន្ត​ស្នើ​សុំ​ទៀត។ មិន​យូរ​ប៉ុន្មាន លោក​ឧត្តមសេនីយ៍​ហ្កាលែត​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​គាត់​ត្រូវ​ធ្វើ​តាម​យោបល់​របស់​អ្នក​ពន្លត់​អគ្គីភ័យ​វ័យ​ក្មេង​នោះ ឬ​ទុក​ឲ្យ​ព្រះវិហារ​ធំ​ដួល​រលំ។

ព្រះ​គម្ពីរ​បាន​និយាយ​ជា​ញឹកញាប់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​យោបល់​អ្នក​ដទៃ ដែល​មាន​ដូច​ជា​ការ​ដែល​យុវជន​ទទួល​យោបល់​ពី​ចាស់ទុំ(សុភាសិត ៦:២០-២៣) ជា​ដើម។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ”(១២:១៥) សង្រ្គាម​ទទួល​ជ័យ​ជម្នះ​ក៏​ដោយសារ​ការ​ប្រឹក្សា​យោបល់​(២៤:៦) ហើយ​មាន​តែ​មនុស្ស​ល្ងង់​ទេ ដែល​ស្តាប់​យោបល់​(១២:១៥)។ មនុស្ស​មាន​ប្រាជ្ញា ស្តាប់​តាម​យោបល់​ដែល​ល្អ ដោយ​មិន​គិត​អំពី​អាយុ ឬ​ឋានៈ​របស់​អ្នក​ឲ្យ​យោបល់​ឡើយ។

លោក​ឧត្តមសេនីយ៍ ហ្គាលែត​បាន​ស្តាប់​តាម​យោបល់​របស់​លោក​រេមី។ ស៊ុម​ប៉ម​ដាក់​ជួង​ដែល​កំពុង​ឆាបឆេះ ត្រូវ​គេ​បាញ់​ទឹក​ចូល​ទៅ​ខាង​ក្នុង​ពន្លត់​ភ្លើង​ទាន់​ពេល​វេលា ហើយ​ព្រះវិហារ​ធំ​ក៏​បាន​រួច​ផុត​ពី​ការ​ដួល​រលំ។ តើ​អ្នក​ត្រូវ​ការ​យោបល់​ដែល​កោត​ខ្លាច​ព្រះ សម្រាប់​បញ្ហា​អ្វី​ខ្លះ នៅ​ថ្ងៃ​នេះ? ជួនកាល ព្រះ​ទ្រង់​ដឹក​នាំ​មនុស្ស​បន្ទាប​ខ្លួន តាម​រយៈ​បបូរមាត់​របស់​អ្នក​ដែល​វ័យ​ក្មេង​ជាង។—Sheridan Voysey

តើ​មាន​ស្ថានភាព​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ស្តាប់​តាម​យោបល់​អ្នក​ដទៃ? តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ដឹង​ថា យោបល់​ណា​ល្អ យោបល់​ណា​អាក្រក់?

ឱ​ព្រះ​វរបិតា ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​បន្ទាប​ខ្លួន​ទទួល​យោបល់​ល្អ​ៗ ពី​អ្នក​ដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ១៩-២០ និង ម៉ាថាយ ២៧:៥១-៦៦