ភ្នែកដែលផ្តោតទៅលើព្រះ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣

ការ​រាំ​បង្វិល​ខ្លួន​គឺ​ជា​សិល្បៈ​នៃ​ការ​រាំ​ដ៏​ស្រស់​ស្អាត ដែល​អ្នក​រាំ​របាំ​បាល់ឡេ និង​អ្នក​រាំ​តាម​ចង្វាក់​ភ្លេង​សម័យ​ថ្មី​ខ្លះ​បាន​ធ្វើ​ឡើង យ៉ាង​ប៉ិន​ប្រសប់។ កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​រាំ​បង្វិល​ខ្លួន ក្នុង​ថ្នាក់​របាំ​សម័យ​ថ្មី នៅ​សាលា​រៀន ដោយ​បង្វិល​ខ្លួន​ជា​ច្រើន​ជុំ ទាល់​តែ​ខ្ញុំ​វិល​មុខ​ដួល។ ក្រោយ​មក ខ្ញុំ​ក៏​បាន​រៀន​អំពី​គន្លឹះ​នៃ​ការ​គ្រប់​គ្រង​ការ​បង្វិល​ខ្លួន​ឲ្យ​នឹង មិន​ឲ្យ​វិល​មុខ គឺ​ត្រូវ​ឲ្យ​ភ្នែក​របស់​ខ្ញុំ​មើល​ទៅ​វត្ថុ ឬ​ចំណុច​អ្វី​មួយ ហើយ​ត្រឡប់​មក​មើល​វា ម្តង​ហើយ​ម្តង​ទៀត នៅ​ក្នុង​ជុំ​នីមួយ​ៗ។ ការ​មាន​ចំណុច​តែ​មួយ សម្រាប់​ផ្តោត​ទៅ​លើ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សម្រេច​បាន​នូវ​ការ​រាំ​បង្វិល​ខ្លួន​យ៉ាង​រលូន។

ក្នុង​ការ​រស់​នៅ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ជួប​ការ​បត់​ចុះ​បត់​ឡើង​ជា​ច្រើន​ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​ផ្តោត​ទៅ​លើ​បញ្ហា​របស់​យើង រឿង​ដែល​យើង​ជួប​ប្រទះ​ហាក់​ដូច​ជា​មិន​អាច​គ្រប់​គ្រង​បាន ដោយ​ធ្វើ​ឲ្យ​យើង​វិល​មុខ​ដួល។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា បើ​យើង​មាន​គំនិត​ផ្តោត​ទៅ​លើ​ព្រះ ដោយ​មិន​ងាករេ ព្រះ​អង្គ​នឹង​ថែរក្សា​យើង​ឲ្យ​មាន “សេចក្តី​សុខ​ពេញ​ខ្នាត”(អេសាយ ២៦:៣)។ សេចក្តី​សុខ​ពេញ​ខ្នាត ឬ​សន្តិភាព​ដ៏​ឥត​ខ្ចោះ គឺ​មាន​ន័យ​ថា ទោះ​យើង​ជួប​ការ​បត់​ចុះ​បត់​ឡើង​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ចិត្ត​ស្ងប់​រម្ងាប់ ដោយ​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​ពេល​ដែល​យើង​មាន​បញ្ហា និង​ទុក្ខ​លំបាក​នោះ។ ព្រះ​អង្គ​ជា “ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤) ដែល​ភ្នែក​យើង​ត្រូវ​ផ្តោត​ទៅ​លើ ព្រោះ​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ​មិន​ដែល​ប្រែប្រួល​ឡើយ។

ចូរ​ឲ្យ​ភ្នែក​យើង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយ​ចូល​ទៅ​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន និង​សិក្សា​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ក្នុង​ព្រះ​គម្ពីរ។ ចូរ​យើង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ដែល​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ យ៉ាង​រលូន។​—Kimya Loder

តើ​អ្នក​បាន​ផ្តោត​ទៅ​លើ​បញ្ហា​អ្វី​ខ្លះ ក្នុង​ពេល​ថ្មី​ៗ​នេះ? នៅ​ក្នុង​ព្រះ​គម្ពីរ តើ​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​យ៉ាង​ដូច​ម្តេច​ខ្លះ អំពី​ទុក្ខ​លំបាក​ដែល​អ្នក​ជួប​ប្រទះ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​បាន​ផ្តោត​ទៅ​លើ​បញ្ហា ដែល​ទូល​បង្គំ​បាន​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ ទូល​បង្គំ​ដឹង​ថា ព្រះអង្គ​បាន​គ្រប់​គ្រង​ពិភព​លោក ហើយ​នៅ​តែ​ធំ​ជាង​បញ្ហា​ដែល​ទូល​បង្គំ​ជួប​ប្រទះ។ សូម​ព្រះ​អង្គ​ជួយ​ឲ្យ​ភ្នែក និង​ចិត្ត​ទូល​បង្គំ ងាក​ទៅ​រក​ព្រះ​អង្គ គ្រប់​កាលៈទេសៈ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ២៥ និង ម៉ាកុស ១:២៣-៤៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles