ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ។ សុភាសិត ៥:៨

សត្វ​កណ្តុរ​ឌរម៉ោស បាន​ញាក់​ច្រមុះ។ វា​បាន​ធុំ​ក្លិន​ចំណី​ដ៏​ឆ្ងុយ​ឆ្ងាញ់​នៅ​ក្បែរ​នោះ។ ក្លិន​នោះ​បាន​នាំ​ឲ្យ​វា​ចូល​ទៅ​ក្នុង​ឧបករណ៍​ដាក់​ចំណី​បក្សី ដែល​មាន​ពេញ​ដោយ​គ្រាប់​ធញ្ញជាតិ​ថ្មី​ៗ​។ សត្វ​កណ្តុរ​ឌរម៉ោស​ក៏​បាន​ចុះ​ក្រោម​ តាម​ច្រវាក់ មក​រក​ឧបករណ៍​ដាក់​ចំណី​បក្សី ហើយ​ក៏​បាន​ស៊ី​​​ចំណី​នោះ​ពេញ​មួយ​យប់។ ទាល់​តែ​ដល់​ពេល​ព្រឹក​ឡើង ទើប​វា​ដឹង​ថា ខ្លួន​វា​កំពុង​មាន​បញ្ហា។ ពេល​នោះ សត្វ​ចាប​ក៏​បាន​ចឹក​ក្បាល​វា តាម​ប្រឡោះ​ទ្វារ​ឧបករណ៍​ដាក់​ចំណី​សត្វ ប៉ុន្តែ វា​បាន​ស៊ី​ចំណី​ទាល់​តែ​ក្បាល​ពោះ​ឡើង​កំប៉ោង​ដោយសារ​គ្រាប់​ធញ្ញជាតិ ដែល​វា​បាន​ស៊ី ដូច​នេះ ​ទំហំ​ខ្លួន​វា​បាន​ធំ​ជាង​មុន​ពីរ​ដង ហើយ​មិន​អាច​គេច​ខ្លួន​បាន​ឡើយ។

ទ្វារ​អាច​នាំ​យើង​ទៅ​រក​កន្លែង​ដ៏​អស្ចារ្យ ឬ​ទៅ​កន្លែង​គ្រោះ​ថ្នាក់។ ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក៥ ស្តេច​សាឡូម៉ូន​បាន​និយាយ​អំពី​ទ្វារ ដើម្បី​ណែនាំ​យើង ឲ្យ​ជៀស​វាង​ការ​ល្បួង​ខាង​ផ្លូវ​ភេទ។ ទ្រង់​មាន​បន្ទូល​ថា អំពើ​បាប​ខាង​ផ្លូវ​ភេទ​មាន​ការ​ទាក់​ទាញ​ខ្លាំង តែ​គ្រោះ​ថ្នាក់​កំពុង​រង់​ចាំ​យើង បើ​យើង​ដេញ​តាម​វា​(៥:៣-៦)។ យក​ល្អ អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា ព្រោះ​បើ​អ្នក​ដើរ​ចូល​តាម​ច្រក​ទ្វារ​នោះ អ្នក​នឹង​ជាប់​អន្ទាក់ អ្នក​បាត់​បង់​កិត្តិយស ហើយ​ខាត​បង់​ទ្រព្យសម្បត្តិ(ខ.៧-១១)។ ស្តេច​សាឡូម៉ូន​បាន​ណែនាំ​យើង ឲ្យ​អរសប្បាយ​នឹង​ការ​នែបនិត្យ​នឹង​ប្តី​ប្រពន្ធ​របស់​យើង​វិញ(ខ.១៥-២០)។ ការ​បង្រៀន​របស់​ទ្រង់​អាច​ឲ្យ​យើង​អនុវត្ត នៅ​ក្នុង​ការ​ជៀស​វាង​អំពើ​បាប​ដទៃ​ទៀត​ផង​ដែរ​(ខ.២១-២៣)។ ទោះ​នោះ​ជា​ការ​ល្បួង​ឲ្យ​យើង​មាន​ប្រតិកម្ម​ជ្រុល ចំណាយ​ច្រើន​ជ្រុល ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក្តី ព្រះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ទ្វារ ដែល​នាំ​ទៅ​រក​ការ​ជាប់​អន្ទាក់។

សត្វ​កណ្តុរ​នោះ​ប្រាកដ​ជា​មាន​ការ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​ម្ចាស់​ផ្ទះ​បាន​ឃើញ​វា នៅ​ក្នុង​ឧបករណ៍​ដាក់​ចំណី​បក្សី ក្នុង​សួន​ច្បារ​របស់​គាត់ ហើយ​ក៏​បាន​ដោះ​លែង​វា។ អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​ព្រះ​ហស្ត​ព្រះ​អង្គ​ក៏​បាន​ត្រៀម​ជា​ស្រេច ដើម្បី​រំដោះ​យើង​ឲ្យ​រួច ពេល​ដែល​យើង​ជាប់​អន្ទាក់។ ប៉ុន្តែ ចូរ​យើង​ទូល​សូម​ប្រាជ្ញា និង​កម្លាំង​មក​ពី​ព្រះ​អង្គ ដើម្បី​កុំ​ឲ្យ​យើង​ចូល​តាម​ទ្វារ​ដែល​មាន​អន្ទាក់​នោះ។—Sheridan Voysey

តើ​មាន “ទ្វារ” អ្វី​ដែល​នាំ​អ្នក​ទៅ​រក​ការ​ល្បួង​ខ្លាំង​បំផុត? តើ​អ្នក​នឹង​ជៀស​វាង​ទ្វារ​នោះ ដោយ​របៀប​ណា នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ជៀស​វាង​ទ្វារ​ឆ្ពោះ​ទៅ​រក​ការ​ជាប់​អន្ទាក់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ជនគណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣