អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក។ អេសាយ ៥២:៧
លោកចន ណាស(John Nash) បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងវិស័យសេដ្ឋកិច្ច នៅឆ្នាំ១៩៩៤ ដោយគេបានទទួលស្គាល់ការត្រួសត្រាយផ្លូវរបស់គាត់ ក្នុងផ្នែកគណិតវិទ្យា។ ចាប់តាំងពីពេលនោះមក រូបមន្តសមីការរបស់គាត់ ត្រូវបានប្រើប្រាស់ ដោយមុខជំនួញជាច្រើន នៅទូទាំងពិភពលោក ដោយការយល់ដឹង អំពីសក្ដានុពលនៃការប្រកួតប្រជែង។ គេបាននិពន្ធសៀវភៅមួយក្បាល និងផលិតខ្សែភាពយន្តឯកសារមួយ ដើម្បីនិយាយអំពីជីវិតរបស់គាត់ ហើយបានចាត់ទុកគាត់ជាមនុស្សដែលមាន “គំនិតដ៏ល្អ” មិនមែនដោយសារខួរក្បាលគាត់មានលក្ខណៈពិសេសខុសគេនោះទេ តែដោយសាររបៀបដែលគាត់បានប្រើវា ជាប្រយោជន៍ដល់មនុស្សជាច្រើន។
ហោរាម្នាក់ នៅគ្រាសញ្ញាចាស់ ឈ្មោះអេសាយ បានប្រើពាក្យ ល្អ ដើម្បីពិពណ៌នា អំពីជើង មិនមែនដោយសារសម្រស់របស់ជើងនោះទេ តែដោយសារគាត់បានឃើញភាពស្រស់ស្អាត ក្នុងការអ្វីដែលជើងនោះបានធ្វើ។ គឺដូចដែលគាត់បានពិពណ៌នាថា “អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក”(អេសាយ ៥២:៧)។ បន្ទាប់ពីប្រជាជនអ៊ីស្រាអែលបានរស់នៅជាឈ្លើយសឹក នៅក្រុងបាប៊ីឡូន ដោយសារពួកគេមិនស្មោះត្រង់នឹងព្រះ អ្នកនាំព្រះរាជសាររបស់ព្រះ ក៏បានមកដល់ ដោយពាក្យលើកទឹកចិត្តថា មិនយូរទេ រាស្រ្តរបស់ព្រះនឹងបានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញហើយ “ព្រះអម្ចាស់បានប្រោសលោះទីក្រុងយេរូសាឡិមហើយ”(ខ.៩)។
ដំណឹងល្អនោះ មិនមានប្រភពមកពីកម្លាំងទ័ពរបស់ពួកអ៊ីស្រាអែល ឬការប្រឹងប្រែងផ្សេងទៀតរបស់មនុស្សនោះឡើយ។ ផ្ទុយទៅវិញ គឺផ្អែកទៅលើព្រះរាជកិច្ចនៃព្រះហស្តដ៏បរិសុទ្ធរបស់ព្រះ ដែលបានជួយសង្រ្គោះពួកគេ(ខ.១០)។ សព្វថ្ងៃនេះ ក៏អញ្ចឹងដែរ ខណៈពេលដែលយើងមានជ័យជម្នះមកលើខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង តាមរយៈការលះបង់របស់ព្រះគ្រីស្ទ សម្រាប់យើងរាល់គ្នា។ យើងអាចឆ្លើយតបចំពោះការលះបង់របស់ព្រះអង្គវិញ ដោយក្លាយជាអ្នកនាំដំណឹងល្អ ប្រកាសអំពីសន្តិភាព និងសេចក្តីសង្រ្គោះដល់មនុស្សដែលនៅជិតយើង។—Kirsten Holmberg
តើនរណាបាននាំដំណឹងល្អនៃការលះបង់របស់ព្រះគ្រីស្ទ មកប្រាប់អ្នក? តើអ្នកអាចនាំដំណឹងល្អនេះ ទៅប្រាប់នរណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណ សម្រាប់ការចាត់អ្នកដទៃ ឲ្យផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទដល់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យចែកចាយដំណឹងល្អនោះដោយអំណរ ជាមួយអ្នកដទៃ។
Read Evangelism: Reaching Out Through Relationships at DiscoverySeries.org/Q0913.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៥-៧ និង ម៉ាកុស ១១:១-១៨