ព្រះអង្គទំនុកបម្រុងទាំងមនុស្ស និងសត្វ

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស និង​សត្វ​ផង។ ទំនុកដំកើង ៣៦:៦

មីសែល ហ្គ្រិន(Michelle Grant) បាន​បង្វឹក​កូន​សត្វ​ប៊ីវើរ ឈ្មោះ ធីមប័រ(Timber) ដើម្បី​ឲ្យ​វា​អាច​វិល​ត្រឡប់​ទៅ​ព្រៃ​វិញ។ នាង​បាន​យក​វា​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​មួយ តែ​វា​ក៏​បាន​ហែល​ទឹក​មក​រក​ទូក​កាយ៉ាក​របស់​នាង​វិញ ដើម្បី​នៅ​កៀក​កិត ហើយ​យក​ច្រមុះ​មក​ត្រដុស​នឹង​ជើង​គាត់។ នៅ​ពេល​ព្រឹក​មួយ​នោះ ធីមប័រ​មិន​បាន​ត្រឡប់​មក​វិញ​ដូច​សព្វ​មួយ​ដង​ទេ។ មីសែល​បាន​រក​មើល​វា​ក្នុងបឹង​នោះ អស់​៦​ម៉ោង ហើយ​ក៏​បាន​ឈប់​រក​វា​ទៀត។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នាង​ក៏​បាន​រក​ឃើញ​ឆ្អឹង​ក្បាល​របស់​សត្វ​ប៊ីវើរ​មួយ។ នាង​ក៏​ចាប់​ផ្តើម​យំ ដោយ​សន្និដ្ឋាន​ថា នោះ​ជា​ឆ្អឹង​ក្បាល​របស់​ធីមប័រ​ហើយ។

ខ្ញុំ​អាណិត​មីសែល និង​ធីមប័រ​ណាស់។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា “កុំ​គិត​ច្រើន​ពេក។ វា​គ្រាន់​តែ​ជា​ពពួក​សត្វ​កកេរ​ធំ​មួយ ដែល​រស់​នៅ​ក្នុង​ទឹក”។ ប៉ុន្តែ សេចក្តី​ពិត​នោះ​គឺ​ថា ខ្ញុំ​ខ្វល់​អំពី​ពួក​គេ ហើយ​ព្រះ​ទ្រង់​ក៏​អញ្ចឹង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​បន្ទាប​ចុះ​មក​ដល់​សត្វ​ដែល​តូច​ល្អិត​បំផុត ជា​ផ្នែក​មួយ​នៃ​ស្នា​ព្រះហស្ត ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ឲ្យ​បាន​ល្អ​(លោកុប្បត្តិ ១:២៨)។ ព្រះ​អង្គ​ទំនុក​បម្រុង ទាំង​មនុស្ស និង​សត្វ​(ទំនុកដំកើង ៣៦:៥-៦) ដោយ​ផ្គត់​ផ្គង់ “​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង”(១៤៧:៩)។

ថ្ងៃ​មួយ មីសែល​កំពុង​តែ​អុំទូក​កាយ៉ាក ក្នុង​បឹង​របស់​អ្នក​ជិត​ខាង ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ធីមប័រ! វា​បាន​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ប៊ីវ័រ​មួយ​គ្រួសារ ហើយ​ក៏​បាន​ជួយ​ពួក​វា​ចិញ្ចឹម​កូន​ពីរ​ក្បាល​ផង​ដែរ។ វា​ក៏​បាន​ងើប​ចេញ​ពី​ទឹក​នៅ​ក្បែរ​ទូក​របស់​មី​សែល។ នាង​ក៏​បាន​ញញឹម ហើយ​និយាយ​ថា “មើល​ទៅ​ឯង​សុខ​សប្បាយ​ណាស់។ ឯង​មាន​គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់”។ វា​បញ្ចេញ​សម្លេង​យំ ហើយ​ក៏​បាន​បក់​កន្ទុយ ហែល​ទៅ​រក​ម្តាយ​ថ្មី​របស់​វា។

ខ្ញុំ​ចូល​ចិត្ត​ការ​បញ្ចប់​ដ៏​រីក​រាយ ជា​ពិសេស​នៅ​ក្នុង​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ! ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះវរបិតា​ទ្រង់​បាន​ប្រទាន​អាហារ​ដល់​ពួក​បក្សី ដូច​នេះ​ព្រះ​អង្គ​ក៏​នឹង​បំពេញ​តម្រូវ​ការ​របស់​យើង​ផង​ដែរ​(ម៉ាថាយ ៥:២៥-២៦)។ គ្មាន​សត្វ​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ… យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន(១០:២៩-៣១)។—Mike Wittmer

តើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ខ្លះ ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះវរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌? តើ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បំពេញ​តម្រូវ​ការ​អ្វី​ខ្លះ​សម្រាប់​អ្នក​ដទៃ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​ថ្វាយ​ការ​ខ្វល់​ខ្វាយ និង​ការ​ព្រួយ​បារម្ភ​ដល់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៨-១០ និង ម៉ាកុស​ ១១:១៩-៣៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles