កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ។ ២កូរិនថូស ៦:១៤
សាលារៀនគ្រីស្ទបរិស័ទ សម្រាប់កុមារដែលមានជំងឺអូទីហ្សិម នៅប្រទេសឥណ្ឌា បានទទួលអំណោយធំ ពីក្រុមហ៊ុនមួយ។ បន្ទាប់ពីបានពិនិត្យមើលឃើញថា ក្រុមហ៊ុននោះមិនមានលក្ខខ័ណ្ឌអ្វីទេ ពួកគេក៏បានទទួលអំណោយនោះ។ ប៉ុន្តែ ក្រោយមក ក្រុមហ៊ុននោះក៏បានស្នើសាលានោះ ឲ្យខ្លួនមានតំណាង នៅក្នុងក្រុមប្រឹក្សារបស់សាលា។ នាយកសាលាក៏បានប្រគល់លុយជំនួយទៅក្រុមហ៊ុននោះវិញ។ នាងបានបដិសេធមិនឲ្យគេបន្ថែមបន្ថយតម្លៃរបស់សាលា។ នាងបាននិយាយថា “ការទទួលប្រាក់ជំនួយ មិនសំខាន់ជាងការធ្វើការងារបម្រើព្រះ តាមរបៀបរបស់ព្រះនោះឡើយ”។
មានហេតុផលជាច្រើន ដែលយើងអាចបដិសេធមិនទទួលជំនួយគេ ហើយនេះក៏ជាមូលហេតុមួយផងដែរ។ យើងឃើញថា រឿងដូចនេះក៏បានកើតឡើងក្នុងព្រះគម្ពីរផងដែរ។ ពេលដែលជនជាតិយូដាដែលបាននិរទេស វិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ ស្តេចស៊ីរូសក៏បានអនុញ្ញាតឲ្យពួកគេសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ៣)។ មានពេលមួយ ប្រទេសជិតខាងស្នើពួកគេថា “សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ នៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ”(អែសរ៉ា ៤:២)។ ពេលនោះពួកអ្នកដឹកនាំរបស់ពួកគេក៏បានបដិសេធ។ ពួកគេបានសន្និដ្ឋានថា ការទទួលយកជំនួយនោះ អាចនាំឲ្យមានផលប៉ះពាល់មកលើភាពត្រឹមត្រូវ នៃគម្រោងសាងសង់ព្រះវិហារ ហើយការថ្វាយបង្គំរូបព្រះ អាចជ្រៀតចូលមកក្នុងសហគមន៍របស់ពួកគេ ព្រោះជាតិសាសន៍ជិតខាងរបស់ពួកគេថ្វាយបង្គំរូបព្រះ។ ពួកអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះ “ជាតិសាសន៍ជិតខាង”របស់ពួកគេ បានព្យាយាមអស់ពីលទ្ធភាព ដើម្បីរារាំងការសាងសង់នោះ។
ដោយមានជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ និងការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា មកពីអ្នកជឿព្រះយេស៊ូវ យើងអាចមានការយល់ដឹង ដ៏ត្រឹមត្រូវ។ យើងក៏អាចមានទំនុកចិត្ត នៅក្នុងការបដិសេធន៍ជំនួយអ្នកដទៃ ដែលអាចបង្កប់ទៅដោយគ្រោះថ្នាក់ខាងវិញ្ញាណ ព្រោះការងារ ដែលយើងធ្វើថ្វាយព្រះ តាមរបៀបរបស់ព្រះអង្គ មិនដែលខ្វះការផ្គត់ផ្គង់មកពីព្រះអង្គនោះឡើយ។—Poh Fang Chia
តើមានគ្រោះថ្នាក់អ្វីខ្លះ អាចកើតឡើង ដោយសារការចូលរួមជាមួយមនុស្សដែលនាំមកនូវការប៉ះទង្គិច នៅក្នុងការងារបម្រើព្រះ? តើធ្វើដូចម្តេច ឲ្យអ្នកអាចមានការយល់ដឹងដ៏ត្រឹមត្រូវ អំពីហានិភ័យនេះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ព្រះអង្គជ្រាបអំពីតម្រូវការរបស់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានប្រាជ្ញា និងការយល់ដឹងថា ទូលបង្គំអាចចូលរួមជាមួយនរណាខ្លះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៨-២៩ និង ម៉ាកុស ១៤:៥៤-៧២