ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជ រួចទ្រង់ឃើញថាល្អ។ លោកុប្បត្តិ ១:២៥
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តមកពីសកលវិទ្យាល័យ ភែន ស្ទេត បានឆ្នៃបង្កើតកាវប្រភេទថ្មីមួយ ដែលជាប់ខ្លាំង ហើយក៏អាចឲ្យគេបកចេញវិញផងដែរ។ ពួកគេបានផលិតកាវនេះ តាមគំរូរបស់សត្វខ្យង ដែលទឹកមាត់របស់វារឹង ពេលស្ងួត ហើយក៏ប្រែជារាវវិញពេលដែលប៉ះសំណើម។ ការដែលទឹកមាត់ខ្យងនោះអាចផ្លាស់ប្តូរមករកធាតុដើមវិញ គឺបានជួយឲ្យវាផ្លាស់ទីដោយសេរី ក្នុងកន្លែងដែលមានសំណើម ដោយមានសុវត្ថិភាពជាង តែទន្ទឹមនឹងនោះ ក៏បានជួយឲ្យវាអាចនៅជាប់មួយកន្លែង ក្នុងបរិស្ថានរបស់វា ពេលដែលវាជួបគ្រោះថ្នាក់ក្នុងការធ្វើដំណើរ។
វិធីសាស្រ្តដែលអ្នកស្រាវជ្រាវទំាងនោះបានប្រើ ដោយយកតម្រាប់តាមកាវ ដែលមានក្នុងធម្មជាតិ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់អ្នកវិទ្យាសាស្រ្តឈ្មោះ យ៉ូហាននេស ខេភ្ល័រ(Johannes Kepler) អំពីការរុករកឃើញរបស់គាត់។ គាត់មានប្រសាសន៍ថា នៅក្នុងការរុករកឃើញនោះ អ្វីដែលគាត់បានគិតឃើញ គឺគ្រាន់តែជាអ្វីដែលព្រះទ្រង់បានគិតឃើញមុនគាត់ទៀត។ ព្រះគម្ពីរបានចែងថា ព្រះទ្រង់បង្កើតផែនដី និងអ្វីៗនៅក្នុងផែនដី ដែលរួមមាន រុក្ខជាតិនៅលើដី(លោកុប្បត្តិ ១:១២) “សត្វក្នុងសមុទ្រ” និង “សត្វស្លាបទាំងអស់”(ខ.២១) “សត្វលូនវានៅលើដី”(ខ.២៥) និង “បង្កើតមនុស្ស ឲ្យដូចរូបអង្គទ្រង់”(ខ.២៧)។ ពេលណាមនុស្សជាតិបានរុករកឃើញ ឬស្គាល់ប្រភពរបស់រុក្ខជាតិ ឬសត្វ គឺពួកគេកំពុងដើរតាមដានដ៏ប៉ិនប្រសប់របស់ព្រះ ដោយបើកចំហភ្នែកយើង មើលរបៀបដែលព្រះអង្គបានរចនាពួកវាឡើង។
នៅចុងថ្ងៃនីមួយៗ នៃការបង្កើតរបស់ព្រះ ទ្រង់បានទតមើលស្នាព្រះហស្តរបស់ព្រះអង្គ ហើយឃើញថា “ល្អ”។ ខណៈពេលដែលយើងសិក្សា និងរុករកឃើញស្នាព្រះហស្តរបស់ព្រះអង្គថែមទៀត ចូរយើងទទួលស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ថែរក្សា និងប្រកាសថា ស្នាព្រះហស្តព្រះអង្គសុទ្ធតែល្អប្រសើរ!—Kirsten Holmberg
តើអ្នកបានសង្កេតឃើញស្នាព្រះហស្តព្រះ នៅជុំវិញខ្លួនអ្នក យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចឆ្លើយតប ចំពោះស្នាព្រះហស្តព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអាទិករ ទូលបង្គំសូមអរព្រះគុណ ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើតាមរបៀបដ៏ពិសេស និងល្អឥតខ្ចោះ។ ស្នាព្រះហស្តព្រះអង្គសុទ្ធតែល្អអស្ចារ្យ!
To learn more about possessing a Christian worldview, visit ChristianUniversity.org/WE102.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០