តើព្រះទ្រង់គង់នៅឯណា?

ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត។ យេរេមា ២៩:១៣

ក្នុង​សៀវភៅ​រូបភាព​សម្រាប់​កុមារ ដែល​លោក​ម៉ាធីន ហ៊ែនហ្វ៊ត(Martin Handford) បាន​និពន្ធ មាន​ចំណង​ជើង​ថា តើ​វ៉លដូ(Waldo) នៅ​កន្លែង​ណា?  គេ​ពិបាក​ស្វែង​រក​រូប​របស់​តួរ​អង្គ​មួយ​នេះ ដែល​ពាក់​អាវ និង​ស្រោម​ជើង​ពណ៌​ក្រហម​ឆ្នូត លាយ​ស និង​មួក​ដែល​សម​នឹង​អាវ ខោ​ខោវប៊យ​ពណ៌​លឿង ស្បែក​ជើង​ក​វែង​ពណ៌​ត្នោត និង​វ៉ែនតា។ លោក​ហ៊ែនហ៊្វត​បាន​លាក់​រូប​របស់​វ៉លដូ​យ៉ាង​ប៉ិនប្រសប់ នៅ​ក្នុង​ចំណោម​រូប​​មនុស្ស​មួយ​ហ្វូង នៅ​តំបន់​ផ្សេងៗ​នៃ​ពិភព​លោក។ គេ​មិន​តែង​តែ​ងាយ​រក​ឃើញ​វ៉លដូ​នោះ​ឡើយ ប៉ុន្តែ អ្នក​បង្កើត​សៀវភៅ​នេះ​បាន​សន្យា​អ្នក​អាន​ថា ពួក​គេ​អាច​ស្វែង​រក​វ៉លដូ​ជា​និច្ច។ ការ​ស្វែង​រក​ព្រះ ខុស​ពី​ការ​ស្វែង​រក​វ៉លដូ ក្នុង​សៀវភៅ​រូប​ភាព​ តែ​ព្រះ​អាទិករ​នៃ​យើង បាន​សន្យា​ថា យើង​អាច​ស្វែង​រក​ព្រះ​អង្គ​ឃើញ​ផង​ដែរ។

តាម​រយៈ​ហោរា​យេរេមា ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះ​អង្គ តាម​រយៈ​ហោរា​យេរេមា អំពី​របៀប​រស់​នៅ ជា​ជន​បរទេស នៅ​ក្នុង​ការ​និរទេស(យេរេមា ២៩:៤-៩)។ ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ការពារ​ពួក​គេ ហើយ​ស្អាង​ពួក​គេ​ឡើង​វិញ តាម​ផែនការ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់​(ខ.១០-១១)។ ព្រះ​ទ្រង់​បាន​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ការ​សម្រេច​ផែនការ​របស់​ព្រះ​អង្គ នឹង​នាំ​ឲ្យ​ពួក​គេ​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​ស្រែក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន(ខ.១២)។

សព្វ​ថ្ងៃ​នេះ ទោះ​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​រឿង​ក្នុង​ព្រះ​គម្ពីរ និង​តាម​ព្រះវិញ្ញាណ​របស់​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​យើង​នៅ​តែ​ងាយ​បែក​អារម្មណ៍ ដោយសារ​ភាព​មមាញឹក​ក្នុង​លោកិយ​នេះ។ ការ​ល្បួង​ថែម​ទាំង​អាច​នាំ​ឲ្យ​យើង​ចោទ​សួរ​ថា “តើ​ព្រះ​ទ្រង់​នៅ​ឯណា? ហេតុ​អ្វី​មិន​ឃើញ​ជួយ​ខ្ញុំ?” ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះ​អាទិករ និង​ព្រះ​ដែល​ទ្រទ្រង់​អ្វី​ៗ​ទាំង​អស់ បាន​ប្រកាស​ថា អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ទ្រង់ នឹង​រក​ឃើញ​ព្រះ​អង្គ បើ​ពួក​គេ​ស្វែង​រក​ព្រះ​អង្គ​អស់​ពី​ចិត្ត​(ខ.១៣-១៤)។—Xochitl Dixon

តើ​មាន​ការ​រំខាន​អ្វី​ខ្លះ ដែល​បាន​រារាំង​អ្នក មិន​ឲ្យ​ចំណាយ​ពេល​ស្វែង​រក​ព្រះ តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ និង​ការ​អធិស្ឋាន? តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក​ដូចម្តេច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ពេល​ដែល​ការ​រវល់​បាន​នាំ​អ្នក​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ?

ឱ​ព្រះ​អាទិករ​នៃ​ក្តី​ស្រឡាញ់ និង​ព្រះ​ដែល​ទ្រទ្រង់​អ្វី​ៗ​ទាំង​អស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្វែង​រក​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ អស់​ពី​ចិត្ត ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៩-២១ និង លូកា ២:២៥-៥២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles