សេចក្តីស្រឡាញ់ ដែលបានរំដោះឲ្យរួចពីអតីតកាល

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២២

កាល​ពី​ក្មេង មិត្ត​ភក្តិ​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​ចែក​ចាយ​ទី​បន្ទាល់ ដល់​ក្មេង​ស្រី​ជំទង់​មួយ​ក្រុម ក្នុង​សិក្ខា​សាលា​មួយ ដែល​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​រក្សា​ភាព​បរិសុទ្ធ។ ពេល​នោះ ខ្ញុំ​ក៏​បាន​បដិសេធ។ កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​និង​មិត្ត​ប្រុស​ខ្ញុំ​បាន​ជំរត់​គ្នា។ រឿង​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ជាច្រើន ហើយ​អំពើ​អសីលធម៌​របស់​ខ្ញុំ បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ស្នាម​សម្លាក ក្នុង​ចិត្ត​អស់​ជា​ច្រើន​ទសវត្សរ៍។ បន្ទាប់​ពី​ខ្ញុំ​បាន​រៀបការ ហើយ​បាត់​បង់​កូន​ដំបូង ដោយសារ​ការ​រលូត​កូន ខ្ញុំ​ក៏​បាន​គិត​ថា ព្រះ​ទ្រង់​កំពុង​ដាក់​ទោស​ខ្ញុំ ដោយសារ​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​កាល​ពី​មុន។ ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ជីវិត​ខ្ញុំ​ដល់​ព្រះ​គ្រីស្ទ នៅ​អាយុ​៣០​ឆ្នាំ ខ្ញុំ​បាន​សារភាព​បាប​របស់​ខ្ញុំ ហើយ​ក៏​បាន​ប្រែ​ចិត្ត…តែ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ហើយ​លន់តួ​បាប​ជា​ថ្មី​ម្តង​ហើយ​ម្តង​ទៀត ។ ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ភាព​អាម៉ាស់​បាន​ស៊ី​បំផ្លាញ​ជីវិត​ខ្ញុំ។  តើ​ខ្ញុំ​អាច​ចែក​ចាយ​អំពី​ព្រះ​គុណ​របស់​ព្រះ​យ៉ាង​ដូចម្តេច ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ទាំង​ស្រុង នូវ​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​ខ្ញុំ?

តែ​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ក្រោយ​មក ទ្រង់​ក៏​បាន​លប់​ចោល​ការ​កុហក ដែល​បាន​ចង​ខ្ញុំ​ជាប់​នឹង​ជីវិត​ចាស់ មុន​ពេល​ខ្ញុំ​សារភាព​បាប។ ដោយ​ព្រះគុណ​ព្រះអង្គ ទី​បំផុត ខ្ញុំ​ក៏​បាន​ទទួល ការ​អត់​ទោស ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ខ្ញុំ​តាំង​ពី​ដើម​មក។

ព្រះ​ទ្រង់​យល់​ចិត្ត​យើង ពេល​ដែល​យើង​ពោល​ទំនួញ អំពី​ការ​ឈឺ​ចាប់​ និង​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​ក៏​បាន​ប្រទាន​កម្លាំង​ឲ្យ​យើង​អាច​ឈ្នះ​ភាព​អស់​សង្ឃឹម ងាក​ចេញ​ពី​អំពើបាប ហើយ​ងើប​ឡើង ដោយ​ក្តី​សង្ឃឹម ក្នុង “សេចក្តី​ស្រឡាញ់” “សេចក្តី​អាណិត” “សេចក្តី​ស្មោះ​ត្រង់” ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ(បរិទេវ ៣:១៩-២៣)។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​ទ្រង់​ជា ប្រភព​នៃ​ក្តី​សង្ឃឹម និង​សេចក្តី​សង្គ្រោះ​របស់​យើង ហើយ​យើង​អាច​រៀន​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​(ខ.២៤-២៦)។

ព្រះ​វរបិតា​នៃ​យើង​មាន​ពេញ​ដោយ​សេចក្តី​អាណិត។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លើ​សេចក្តី​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​យើង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឲ្យ​បាន​ពេញ​លេញ យើង​អាច​ផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​គុណ​ព្រះ​អង្គ។—Xochitl Dixon

តើ​ពេល​ណា អ្នក​មាន​អារម្មណ៍​ថា អំពើ​បាប​របស់​អ្នក​កាល​ពី​អតីត​កាល កំពុង​ស៊ី​បំផ្លាញ​ជីវិត​អ្នក? តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ ដើម្បី​ឲ្យ​អ្នក​បាន​សម្រាក ក្នុង​សេចក្តី​សង្ឃឹម​ដ៏​ច្បាស់​លាស់ ចំពោះ​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ ដែល​មិន​អាច​វាស់​បាន?

ឱ​ព្រះ​វរបិតា ដែល​មាន​ពេញ​ដោយ​សេចក្តី​អាណិត សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​សង្ឃឹម​ដល់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​មាន​ចំពោះ​ទូល​បង្គំ ខណៈ​ពេល​ដែល​ទូល​បង្គំ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​គុណ​ព្រះ​អង្គ នៅ​កន្លែង​ណា​ដែល​ទូល​បង្គំ​ទៅ​ដល់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១៩-២១ និង លូកា ៧:៣១-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles