រៀនព្រះបន្ទូលហើយ មិនធ្វើតាម

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។ យ៉ាកុប ១:២២

មាន​រឿង​ហេតុ​មួយ​បាន​កើត​ឡើង នៅ​ចំណត​រថយន្ត នៅ​ពេល​ដែល​អ្នក​បើក​បរ​ពីរ​នាក់ បាន​ឈ្លោះ​ប្រកែក​គ្នា​ឮ​ៗ រឿង​ឡាន​មួយ​បាន​ចត​បាំង​ឡាន​មួយ​ទៀត មិន​ឲ្យ​បើក​ចេញ​រួច។ ពួក​គេ​ក៏​បាន​ប្រើ​ពាក្យ​អសុរ​ស​មក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្វី​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​នោះ​គឺ ជម្លោះ​នេះ​កំពុង​តែ​កើត​ឡើង នៅ​ក្នុង​ចំណត​របស់​ព្រះវិហារ​មួយ។ បុរស​ទាំង​ពីរ​ប្រហែល​ជា​ទើប​តែ​បាន​ស្តាប់​ការអធិប្បាយ​ព្រះបន្ទូល​អំពី​សេចក្តី​ស្រឡាញ់ ការ​អត់​ធ្មត់ ឬ​ការ​អត់​ទោស តែ​ពួកគេ​ក៏​បាន​ភ្លេច​ព្រះបន្ទូល​នោះ​អស់ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ។

ពេល​ខ្ញុំ​ដើរ​កាត់​តាម​នោះ ឃើញ​រឿង​ហេតុ​ដូចនេះ ខ្ញុំ​ក៏​បាន​គ្រវីក្បាល តែ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ល្អ​ជាង​ពួក​គេ​ឡើយ។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ភ្លាម នៅ​ក្នុង​ការ​គិត​មិន​ល្អ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ប្រព្រឹត្ត​ដូច “មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម”(យ៉ាកុប ១:២៣-២៤)?

ក្នុង​បទ​គម្ពីរ​នេះ លោក​យ៉ាកុប​កំពុង​អំពាវនាវ​អ្នក​អាន​របស់​គាត់ កុំ​ឲ្យ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ ហើយ​ពិចារណា​អំពី​ការ​បង្រៀន​របស់​ព្រះ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ត្រូវ​ប្រព្រឹត្ត​តាម​ផង​ដែរ(ខ.២២)។ គាត់​បាន​កត់​សំគាល់​ថា ជំនឿ​ដែល​ពេញ​លេញ គឺ​មាន​ន័យ​ថា យើង​ស្គាល់​ព្រះបន្ទូល ហើយ​អនុវត្ត​តាម។

កាលៈទេសៈ​ក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​យើង​ពិបាក​អនុវត្ត​តាម​ការ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បើក​សម្ដែង។ ប៉ុន្តែ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​វរបិតា​ជួយ ដ្បិត​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម។—Leslie Koh

តើ​ព្រះបន្ទូល​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ ដែល​អ្នក​អាច​ប្រព្រឹត្ត​តាម​នៅ​ថ្ងៃ​នេះ? តើ​មាន​ការ​អ្វី​ដែល​អ្នក​ត្រូវ​ឈប់​ធ្វើ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​មិន​បាន​ប្រព្រឹត្ត​តាម​សេចក្តី​បង្គាប់​របស់​ព្រះ​អង្គ ជា​ញឹក​ញាប់។ សូម​ព្រះអង្គ​ប្រទាន​ទូល​បង្គំ នូវ​កម្លាំង និង​ចិត្ត​ដែល​ស្តាប់​បង្គាប់​តាម​ព្រះ​អង្គ ក្នុង​ពាក្យ​សម្ដី ការ​ប្រព្រឹត្ត និង​ការ​គិត ដែល​ព្រះអង្គ​សព្វ​ព្រះ​ទ័យ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៤-៦ និង លូកា ៩:១-១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles