ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។ ម៉ាថាយ ២៤:៤២
មាននាឡិកាមួយគ្រឿង សម្រាប់ដាក់ក្នុងហោប៉ៅ ត្រូវបានគេយកមកតម្កល់ទុក នៅបណ្ណាគារ នៅសកលវិទ្យាល័យឃែរ៉ូឡាយណា ខាងជើង។ វាបានបង្កប់ទៅដោយរឿងដ៏តក់ស្លុតមួយ។ ទ្រនិចរបស់វាបានឈប់ដើរ ចំពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែលម្ចាស់របស់វា គឺលោកអេលីសា មីតឈែល(Elisha Mitchell) បានបាត់បង់ជីវិត ដោយសារការរអិលធ្លាក់ពីលើទឹកជ្រោះ នៅជួរភ្នំអ័ផាឡាជាន នៅពេលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៥៧។
លោកមីតឈែល ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ។ កាលនោះ គាត់កំពុងប្រមូលទិន្នន័យ ដើម្បីការពារការអះអាង(ដ៏ត្រឹមត្រូវ)របស់គាត់ ដែលថា កំពូលភ្នំដែលគាត់កំពុងតែឈរពីលើនោះ ជាកំពូលភ្នំដែលខ្ពស់បំផុត នៅភាគខាងកើតនៃរដ្ឋមីស៊ីស៊ីពី។ ក្រោយមក គេក៏បានដាក់ឈ្មោះឲ្យភ្នំនោះ តាមលំនាំឈ្មោះគាត់ថា ភ្នំមីតឈែល។ គេបានបញ្ចុះសពគាត់ នៅលើកំពូលភ្នំនោះ ដែលស្ថិតនៅមិនឆ្ងាយពីកន្លែងដែលគាត់បានធ្លាក់ស្លាប់។
ខណៈពេលដែលខ្ញុំបានឡើងទៅដល់កំពូលភ្នំនេះ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងរបស់លោកមីតឈែល និងជីវិតមិនស្ថិតស្ថេររបស់ខ្ញុំ និងអំពីពេលវេលាដ៏តិចតួច ដែលយើងម្នាក់ៗនៅសល់។ ហើយខ្ញុំក៏បានជញ្ជឹងគិត អំពីការដែល ព្រះយេស៊ូវមានបន្ទូល អំពីការយាងត្រឡប់របស់ព្រះអង្គ កាលព្រះអង្គមានបន្ទូល ទៅកាន់ពួកសិស្ស នៅលើភ្នំដើមអូលីវថា “ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត”(ម៉ាថាយ ២៤:៤៤)។
ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបញ្ជាក់ច្បាស់ថា គ្មាននរណាម្នាក់ដឹងអំពីពេលដែលព្រះអង្គនឹងយាងត្រឡប់មកវិញ ឬដឹងអំពីពេលដែលព្រះអង្គនឹងហៅយើង ឲ្យចាកចេញពីលោកិយនេះ ទៅនៅជាមួយព្រះអង្គនោះឡើយ។ តែព្រះអង្គបានប្រាប់យើង ឲ្យត្រៀមខ្លួន ហើយ “ចាំយាម”(ខ.៤២)។
នាឡិកានៃជីវិតយើង នៅតែបន្តដើរទៅមុខទៀត ប៉ុន្តែ តើវានឹងដើររហូតដល់ពេលណា? ចូរយើងរស់នៅ ដោយក្តីស្រឡាញ់ ជាមួយព្រះអង្គសង្គ្រោះ ដែលមានពេញដោយសេចក្តីមេត្តា ដោយរង់ចាំ និងធ្វើការថ្វាយព្រះអង្គ។—James Banks
តើអ្នកកំពុងរៀបចំខ្លួនដូចម្តេចខ្លះ ដើម្បីជួបព្រះយេស៊ូវ? តើអ្នកទន្ទឹងរង់ចាំអ្វីជាងគេ នៅក្នុងការត្រៀមខ្លួនទៅនៅជាមួយព្រះអង្គ?
ឱព្រះអង្គសង្គ្រោះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំ ឲ្យត្រៀមខ្លួន ជួបព្រះអង្គ ទោះនៅពេលណាក៏ដោយ។ សូមព្រះអង្គជួយទូលបង្គំឲ្យបម្រើព្រះអង្គ ហើយត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៧-១៨ និង លូកា ១១:១-២៨