បីយើងឆ្លងដោយក្តីស្រឡាញ់

គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង។ អេសាយ ៤៦:៤

មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ អាយុ​៤​ឆ្នាំ បាន​មក​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ រួច​ចង្អុល​ទៅ​ក្បាល​របស់​ខ្ញុំ ដែល​ទំពែក​អត់​សក់។ គាត់​សួរ​ខ្ញុំ​ថា “លោក​តា ក្បាល​លោកតា​កើត​អី? ខ្ញុំ​ក៏​សើច​ហើយ​ប្រាប់​គាត់​ថា “អូហ៍ តា​ជ្រុះ​សក់​បាត់​បន្តិច​ម្តង​ៗ អស់​ជា​ច្រើន​ឆ្នាំ​​ហើយ”។ គាត់​ក៏​បាន​ធ្វើ​ទឹក​មុខ​ឆ្ងល់ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “មិន​ល្អ​ទេ អញ្ចឹង ចៅ​នឹង​ចែក​សក់​ខ្លះ​ឲ្យ​លោកតា”។​

ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​គាត់​បង្ហាញ​ក្តី​អាណិត​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិត​អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ក្នុង​ពេល​ដ៏​មាន​តម្លៃ​នោះ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​អាត្មា​និយម តែ​សប្បុរស។

លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បាន​សរសេរ​ថា “យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​យើង​ក៏​ចម្រើន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ តែ​ព្រះ​វរបិតា​នៃ​យើង​មិន​ចេះ​ចាស់​ជរា​ឡើយ”។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា “​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​” (ដានីយ៉ែល ៧:៩) មិន​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារ​ភាព​ពុក​ផុយ​នៃ​អំពើ​បាប​នោះ​ឡើយ បាន​ជា​ទ្រង់​មិន​ចេះ​ចាស់ ហើយ​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ឬ​អន់​ថយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះអង្គ​បាន​ប្រទាន​រាស្រ្ត​ទ្រង់ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤៦ ថា “គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង”(ខ.៤)។

នៅ​៥ខ​បន្ទាប់ ព្រះ​អង្គ​ក៏​បាន​ពន្យល់​ថា “​អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​អញ​សោះ”(ខ.៩)។ ព្រះ​ដ៏​ធំ​ប្រសើរ(និក្ខមនំ ៣:១៤) ស្រឡាញ់​យើង​ខ្លាំង​ណាស់ បាន​ជា​ព្រះអង្គ​យាង​មក​សុគត​នៅ​លើ​ឈើឆ្កាង ដើម្បី​ទទួល​បន្ទុក​នៃ​អំពើ​បាប​របស់​យើង​ទាំង​ស្រុង ដើម្បី​ឲ្យ​យើង​អាច​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ ហើយ​រួច​ផុត​ពី​បន្ទុក​របស់​យើង ហើយ​ថ្វាយ​បង្គំ​ព្រះ​អង្គ​ជា​រៀង​រហូត!—James Banks

តើ​ព្រះ​ទ្រង់​បាន​បី​អ្នក​ឆ្លង​កាត់​បញ្ហា​ជា​រៀង​រាល់​ថ្ងៃ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ស្វែង​រក​កម្លាំង​ជា​ថ្មី ពី​ព្រះ​អង្គ ក្នុង​ពេល​នេះ ដោយ​របៀប​ណា?

ឱ​ព្រះអង្គ​សង្គ្រោះ​ដ៏​ធំ​ប្រសើរ ទូលបង្គំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ ដ្បិត​ក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ទូល​បង្គំ មិន​ដែល​ប្រែ​ប្រួល​ឡើង។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ កាន់​តែ​ជ្រាល​ជ្រៅ​ឡើង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles