ឈ្នះភាពងងឹត

កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។ យ៉ូហាន ១៣:៣០

រឿង​ប្រលោម​លោក​ដែល​លោក​អេលី វេសែល(Eli Wiesel) បាន​និពន្ធ​មាន​ចំណង​ជើង​ថា យប់​ដ៏​ងងឹត បាន​នាំ​អ្នក​អាន​ស្វែង​យល់ អំពី​រឿង​ដ៏​រន្ធត់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​ជន​ជាតិ​យូដា​បាន​ទទួល​រង។ ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​គាត់​មាន នៅ​ក្នុង​ជំនុំ​មរណៈ​របស់​ពួក​ណាហ្ស៊ី គាត់​បាន​សរសេរ​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​រឿង​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ និង​រឿង​ពិត​ដែល​ជន​ជាតិ​គាត់​បាន​ជួប។ គាត់​បាន​រៀប​រាប់​ថា លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​រួច​ផុត​ពី​ភាព​ជា​ទាសករ​ក្នុង​ទឹក​ដី​អេស៊ីព្ទ បន្ទាប់​ពី​ពួក​គេ​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង​ជា​លើក​ទី​១(និក្ខមនំ ១២) ប៉ុន្តែ ពួក​ណាហ្ស៊ី​អ៊ីត្លែ​បាន​ចាប់​ខ្លួន​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា នៅ​ក្រោយ​ថ្ងៃ​បុណ្យ​រំលង។

ដើម្បី​កុំ​ឲ្យ​យើង​រិះ​គន់​លោក​វេសែល និង​ការ​ប្រៀប​ធៀប​ដ៏​ចម្លែក​របស់​គាត់ ចូរ​យើង​ពិចារណា អំពី​ភាព​ផ្ទុយ​គ្នា​ស្រដៀង​នេះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ នៅ​ពេល​យប់​ថ្ងៃ​បុណ្យ​រំលង គេ​បាន​រំពឹង​ថា ព្រះយេស៊ូវ​នឹង​រំដោះ​រាស្រ្ត​របស់​ព្រះ​ឲ្យ​រួច​ពី​នឹម​ត្រួតត្រា​ដ៏​ឈឺចាប់​របស់​ចក្រភព​រ៉ូម៉ាំង តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ មុន​នឹង​យក​ព្រះអង្គ​ទៅ​កាន់​ទោស ហើយ​ធ្វើ​គុត។

លោក​យ៉ូហាន​បាន​នាំ​យើង ចូល​ទៅ​ក្នុង​ទិដ្ឋភាព​ដ៏​បរិសុទ្ធ មុន​ពេល​គេ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ។ នៅ​យប់​នោះ ព្រះ​អង្គ​មាន​ការ​តប់​ប្រម៉ល់​ក្នុង​ព្រះ​ទ័យ ដោយសារ​ព្រះ​អង្គ​ជ្រាប​អំពី​រឿង​ដែល​ហៀប​នឹង​កើត​ឡើង​ចំពោះ​ព្រះ​អង្គ ហើយ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​ថ្លែង​ទំនាយ​អំពី​អ្នក​ដែល​នឹង​ក្បត់​ព្រះ​អង្គ​(យ៉ូហាន ១៣:២១)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ធ្វើ​នូវ​រឿង​មួយ ដែល​យើង​ស្ទើរ​តែ​មិន​អាច​យល់ ដោយ​កាច់​នំប៉័ង​ឲ្យ​សិស្ស​ដែល​ក្បត់​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ”(ខ.៣០)។ រឿង​ដែល​អយុត្តិធម៌​បំផុត​ក្នុង​ប្រវតិ្ត​សាស្ត្រ​ហៀប​នឹង​កើត​ឡើង​ហើយ តែ​ព្រះ​អង្គ​នៅ​តែ​ប្រកាស់​ថា “ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ”(ខ.៣១)។ ព្រះអង្គ​ក៏​បាន​ជ្រាប​ផង​ដែរ​ថា ពីរ​បី​ម៉ោង​ទៀត ពួក​សាវ័ក​នឹង​ជួប​ភាព​តក់​ស្លត់ បរាជ័យ និង​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ តែ​ព្រះអង្គ​បាន​ទត​ឃើញ​ផែនការ​ព្រះ កំពុង​តែ​សម្រេច តាម​បំណង​ព្រះ​ទ័យ​ទ្រង់។

ពេល​ដែល​ភាព​ងងឹត​ហាក់​ដូចជា​កំពុង​មាន​ជ័យ​ជម្នះ យើង​អាច​នឹក​ចាំ​ថា ព្រះ​ទ្រង់​ក៏​ធ្លាប់​ប្រឈម​មុខ​ដាក់​ពេល​យប់​ដ៏​ងងឹត ហើយ​មាន​ជ័យ​ជម្នះ​មក​លើ​វា។ សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​ដើរ​ជា​មួយ​យើង។ យើង​នឹង​មិន​ជួប​ភាព​ងងឹត​ជា​រៀង​រហូត​ឡើយ។—Tim Gustafson

តើ​អ្នក​បាន​ជួប​ភាព​តក់​ស្លត់ និង​បាត់​បង់​ក្តី​សង្ឃឹម នៅ​ពេល​ណា? តើ​អ្នក​អាច​ពិពណ៌នា​ដូចម្តេច​ខ្លះ អំពី​អារម្មណ៍​របស់​អ្នក បន្ទាប់​ពី​បាន​ឆ្លង​កាត់​ពេល​ដ៏​ងងឹត​នោះ​ហើយ?

ឱ​ព្រះ​យេស៊ូវ​ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រកាន់​ខ្ជាប់​តាម​ផែនការ​ព្រះ​វរបិតា ពេល​ដែល​ព្រះអង្គ​កំពុង​បោះ​ជំហាន​ទៅ​រក​ឈើ​ឆ្កាង។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ឈ្នះ​អំពើ​បាប ដើម្បី​យើង​ខ្ញុំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៥:២៦ និង លូកា ១២:៣២-៥៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles