ឈើឆ្កាងនៃសេចក្តីសុខសាន្តរបស់ព្រះអង្គ
គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។ ម៉ាកុស ១៥:២១ កែវភ្នែកដ៏ស្រងូតស្រងាត់បានមើលចេញ ពីផ្ទាំងគំនូរ ដែលមានចំណងជើងថា លោកស៊ីម៉ូន ជាអ្នកស្រុកគីរេន ជាស្នាដៃសីល្បៈរបស់លោក អឺកបឺត ម៉ូឌ័រមែន(Egbert Modderman) ដែលជាវិចិត្រករហូឡង់។ ភ្នែករបស់លោកស៊ីម៉ូន បានបង្ហាញនូវបន្ទុកដ៏ធ្ងន់ ខាងផ្លូវកាយ និងផ្លូវអារម្មណ៍ ដោយសារការទទួលខុសត្រូវរបស់គាត់។ តាមរឿងក្នុងព្រះគម្ពីរ ក្នុងបទគម្ពីរម៉ាកុស ជំពូក១៥ យើងឃើញថា លោកស៊ីម៉ូនត្រូវគេទាញចេញពីក្នុងហ្វូងមនុស្សដែលកំពុងឈរមើលព្រះយេស៊ូវ ហើយត្រូវគេបង្ខំឲ្យលីឈើឆ្កាងព្រះយេស៊ូវ។ បទគម្ពីរម៉ាកុសបានប្រាប់យើងថា លោកស៊ីម៉ូន ជាអ្នកស្រុកគីរេន ជាទីក្រុងធំមួយ នៅតំបន់អាហ្វ្រិកខាងជើង ដែលមានប្រជាជនយូដាជាច្រើនរស់នៅ ក្នុងសម័យព្រះយេស៊ូវ។ លោកស៊ីម៉ូនទំនងជាធ្វើដំណើរមកទីក្រុងយេរូសាឡិម ដើម្បីប្រារព្ធបុណ្យរំលង។ នៅទីនោះ គាត់បានប្រទះឃើញការកាត់ទោសប្រហារជីវិតដ៏អយុត្តិធម៌ តែគាត់អាចធ្វើនូវកិច្ចការដ៏តូច តែមានន័យយ៉ាងខ្លាំង សម្រាប់ព្រះយេស៊ូវ(ម៉ាកុស ១៥:២១)។ នៅក្នុងខគម្ពីរមុនៗ ក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាកុស ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សព្រះអង្គថា “អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(៨:៣៤)។ នៅតាមផ្លូវទៅកាន់ភ្នំកាល់កូថា ឬភ្នំរលាក្បាល លោកស៊ីម៉ូនក៏បានលីឈើឆ្កាងថ្វាយព្រះយេស៊ូវ គឺដូចដែលព្រះអង្គបានបង្គាប់សិស្សព្រះអង្គ តែក្នុងន័យធៀប។…
Read article