April 19, 2022

You are here:
ការជួបជុំថ្វាយបង្គំ របស់មនុស្សគ្រប់វ័យ

ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក។ ចោទិយកថា ៣១:១២ ខណៈ​ពេល​ដែល​ពួក​គេ​ច្រៀង​សរសើរ​ព្រះ​ទាំង​អស់​គ្នា ក្នុង​កម្មវិធី​ថ្វាយ​បង្គំ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​នៅ​ជំនាន់​ផ្សេង​គ្នា មនុស្ស​ជា​ច្រើន​បាន​ពិសោធ​នឹង​ក្តី​អំណរ និង​សន្តិភាព​នៅ​ក្នុង​ចិត្ត លើកលែង​តែ​ស្ត្រី​ជា​ម្តាយ​ដ៏​ហត់​នឿយ​ម្នាក់។ ខណៈ​ពេល​ដែល​គាត់​កំពុង​ពរ​លាក់​កូន​តូច​របស់​គាត់ ដែល​ហៀប​នឹង​យំ គាត់​ក៏​បាន​ព្យាយាម​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ម្នាក់​ទៀត​អាយុ៥​ឆ្នាំ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ព្យាយាម​ឃាត់​កូន​ដែល​ទើប​ចេះ​ដើរ មិន​ឲ្យ​រត់​ទៅ​ឆ្ងាយ។ បន្ទាប់​មក បុរស​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង ដែល​កំពុង​អង្គុយ​ពី​ក្រោយ​គាត់ ក៏បាន​សុំ​ជួយ​នាំ​កូន​ដែល​ចេះ​ដើរ​តេសតាស់​នោះ ដើរ​ក្នុង​ព្រះវិហារ ហើយ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ក៏​បាន​សុំ​ជួយ​កាន់​សៀវភៅ​ចម្រៀង​ឲ្យ​កូន​ច្បង​របស់​គាត់។ ក្នុង​រយៈ​ពេល​២​នាទី ស្ថានភាព​របស់​ស្រ្តី​ជា​ម្តាយ​នោះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ ដោយ​គាត់​អាច​ដក​ដង្ហើម​បាន​ស្រួល និង​បិទ​ភ្នែក ហើយ​ថ្វាយ​បង្គំ​ព្រះ​ជា​មួយ​គេ​ដែរ។ ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ថ្វាយ​បង្គំ​ព្រះ​អង្គ ទាំង​ប្រុស​ស្រី ទាំង​ចាស់ ទាំង​ក្មេង ទាំង​អ្នក​ជឿ​ព្រះ​អង្គ​យូរ​ហើយ និង​អ្នក​ជឿ​ថ្មី។ កាល​លោក​ម៉ូសេ​ឲ្យ​ពរ​ដល់​ពូជ​អំបូរ​ទាំង​ឡាយ របស់​ជន​ជាតិ​អ៊ីស្រាអែល មុន​ពេល​ពួក​គេ​ចូល​ទឹកដី​សន្យា គាត់​បាន​ជំរុញ​ពួកគេ​ទាំង​អស់​គ្នា ឲ្យ​ជួប​ជុំ​គ្នា “ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​សាសន៍​ដទៃ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីក្រុង​របស់​ពួកគេ” ដើម្បី​ឲ្យ​ពួក​គេ​អាច “ស្តាប់ ហើយ​រៀន​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ” ហើយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​អង្គ​(ចោទិយកថា ៣១:១២)។ កាល​ណា​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា ជា​មួយ​មនុស្ស​គ្រប់​វ័យ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ។…

Read article