សេចក្តីស្រឡាញ់ដែលមិនខ្លាចការឈឺចាប់

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ។ យ៉ូហាន ១៤:១៥

បន្ទាប់​ពី​មិត្ត​ភក្តិ​ម្នាក់​បាន​បញ្ចប់​មិត្ត​ភាព ដែល​យើង​មាន​ជា​មួយ​គ្នា​ប្រហែល​១​ទសវត្សរ៍ ដោយ​គ្មាន​ការ​បក​ស្រាយ​អ្វី​សោះ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​របស់​ខ្ញុំ​វិញ ដោយ​ជៀស​វាង​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជម្នះ​ការ​ពិបាក​ចិត្ត ខ្ញុំ​ក៏​បាន​ដក​សៀវភៅ​ដែល​មាន​សន្លឹក​កណ្តាច​មួយ​ក្បាល ចេញ​ពី​ធ្នើរ​សៀវភៅ។ សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា សេចក្តី​ស្រឡាញ់​ទាំង​៤ ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis)។ លោក​លូអ៊ីស បាន​ធ្វើ​ការ​សង្កេត​ដ៏​មាន​អំណាច​មួយ អំពី​សេចក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​ងាយ​រង​គ្រោះ។ ក្នុង​សៀវភៅ​នោះ គាត់​បាន​លើក​ឡើង​ថា ពេល​ដែល​មនុស្ស​ម្នាក់​ហ៊ាន​ប្រថុយ​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នោះ​កំពុង​ធ្វើ​ការ​វិនិយោគ ដែល​គ្មាន​សុវត្ថិភាព។  គាត់​ថា ការ​ស្រឡាញ់​អ្វី​ក៏​ដោយ នឹង​នាំ​ឲ្យ​ចិត្ត​របស់​អ្នក​ ត្រូវ​គេ​ច្របាច់ ហើយ​អាច​ខូច​ខ្ទេច។ ពាក្យ​ពេចន៍​របស់​គាត់​ក្នុង​សៀវភៅ​នោះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កាល​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ជា​លើក​ទី​៣ ដល់​ពួក​សាវ័ក​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​(យ៉ូហាន ២១:១-១៤) បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ថា មិន​ស្គាល់​ព្រះ​អង្គ មិន​មែន​តែ​មួយ​ដង តែ​បី​ដង(១៨:១៥-២៧)។

ព្រះយេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា “ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?”(២១:១៥)

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ទទួល​រង​ការ​ក្បត់ និង​ការ​បដិសេធន៍​រួច​មក ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ក្លាហាន មិន​មាន​ការ​ភ័យ​ខ្លាច ឲ្យ​មាន​កម្លាំង មិន​​មាន​ភាព​កម្សោយ ឲ្យ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​​អស់​សង្ឃឹម។ ព្រះ​អង្គ​បាន​បង្ហាញ​សេចក្តី​មេត្តា មិន​មែន​សេចក្តី​ក្រោធ ដោយ​បញ្ជាក់​ថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​គាត់។

ព្រះគម្ពីរ​បាន​បង្ហាញ​ថា “ ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះបន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ”(ខ.១៧)។ ប៉ុន្តែ ពេល​ដែល​ព្រះយេស៊ូវ​សួរ​លោក​ពេត្រុស ឲ្យ​បង្ហាញ​ថា គាត់​ពិត​ជា​ស្រឡាញ់​ព្រះ​អង្គ​ពិត​មែន​ ដោយ​ស្រឡាញ់​អ្នក​ដទៃ​(ខ.១៥-១៧) ហើយ​ដើរ​តាម​ព្រះ​អង្គ(ខ.១៩) ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​ពួក​សាវ័ក​ទាំង​អស់ ឲ្យ​ស្រឡាញ់ ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​មាន​ហានិភ័យ​យ៉ាង​ណា​ក៏​ដោយ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ឆ្លើយ ពេល​ដែល​ព្រះ​យេស៊ូវ​សួរ​ថា “តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?” ចម្លើយ​របស់​យើង ចំពោះ​សំណួរ​នេះ នឹង​មាន​ឥទ្ធិពល​មក​លើ​របៀប​ដែល​យើង​ស្រឡាញ់​អ្នក​ដទៃ។—Xochitl Dixon

ហេតុអ្វី​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ ត្រាស់​ហៅ​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​មិន​ខ្លាច​ឈឺ​ចាប់? តើ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​រំលំ​ជញ្ជាំង​នីមួយ​ៗ ដែល​រារាំង​ទូល​បង្គំ​ មិន​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ និង​អ្នក​ដទៃ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​ចិត្ត​ក្លាហាន ក្តី​អាណិត និង​ការ​ប្ដេជ្ញា​ចិត្ត ដែល​ព្រះ​វិញ្ញាណ​បណ្តាល។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៩:១១ និង លូកា ១៥:១១-៣២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles