ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា។ លោកុប្បត្ដិ ២:១៥
ទិវាផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេតែងតែប្រារព្ធធ្វើ នៅថ្ងៃទី២២ មេសា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សជាង១ពាន់លាន នៅក្នុងប្រទេសប្រហែល២រយ បានចូលរួម នៅក្នុងសកម្មភាពអប់រំ និងការបម្រើសហគមន៍។ ជារៀងរាល់ឆ្នាំ ទិវាផែនដីបានក្រើនរំឭក អំពីសារៈសំខាន់នៃការថែរក្សាភពផែនដីដ៏អស្ចារ្យរបស់យើង។ ប៉ុន្តែ មនុស្សយើងមានកាតព្វកិច្ចថែរក្សាការពារបរិស្ថាន មុនពេលគេប្រារព្ធធ្វើទិវានេះ គឺចាប់តាំងពីសម័យដែលព្រះទ្រង់បានបង្កើតមនុស្សដំបូង ឲ្យរស់នៅលើផែនដីនេះ។
ក្នុងកណ្ឌលោកុប្បត្តិ យើងឃើញថា ព្រះទ្រង់បានបង្កើតចក្រវាលទាំងមូល ហើយក៏បានបង្កើតពិភពលោក ធ្វើជាកន្លែងសម្រាប់មនុស្សរស់នៅ។ ព្រះអង្គមិនគ្រាន់តែបានរចនាកំពូលភ្នំ និងវាលទំនាបឲ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែក៏បានបង្កើតសួនច្បាអេដែន ធ្វើជាកន្លែងដ៏ស្រស់ស្អាត ដោយប្រទានអាហារ ជម្រក និងសម្រស់ សម្រាប់មនុស្ស និងសត្វដែលរស់នៅទីនោះផងដែរ(លោកុប្បត្តិ ២:៨-៩)។
បន្ទាប់ពីព្រះអង្គបានបញ្ចូលខ្យល់ដង្ហើមជីវិត ទៅក្នុងមនុស្ស ដែលជាស្នាព្រះហស្តសំខាន់បំផុត ព្រះអង្គក៏បានដាក់ពួកគេនៅក្នុងសួនច្បារនេះ(ខ.៨,២២) ហើយក៏បានឲ្យពួកគេមានការទទួលខុសត្រូវ នៅក្នុងការ “ធ្វើការ និងថែរក្សាសួនច្បារនេះ”(ខ.១៥)។ បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ា ត្រូវព្រះទ្រង់បណ្តេញចេញពីសួនច្បារនោះ ការថែរក្សាស្នាព្រះហស្តដែលព្រះអង្គបានបង្កើត មានការពិបាកកាន់តែខ្លាំង(៣:១៧-១៩) តែសព្វថ្ងៃនេះ ព្រះទ្រង់នៅតែថែរក្សាភពផែនដី និងមនុស្សសត្វ ដែលរស់នៅលើភពផែនដី(ទំនុកដំកើង ៦៥:៩-១៣) ហើយក៏បានឲ្យយើងចូលរួមថែរក្សាផងដែរ(សុភាសិត ១២:១០)។
ទោះយើងកំពុងរស់នៅ ក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើន ឬនៅតំបន់ដាច់ស្រយាលក្តី យើងរាល់គ្នាសុទ្ធតែមានវិធី ដែលយើងអាចថែរក្សាតំបន់ដែលព្រះទ្រង់បានប្រទានឲ្យយើងរស់នៅ។ ចូរយើងចូលរួមថែរក្សាភពផែនដី ដោយការដឹងគុណព្រះអង្គ ដែលបានប្រទានភពដ៏ស្រស់ស្អាតមួយនេះ។—Lisa M. Samra
តើស្នាព្រះហស្តរបស់ព្រះ នៅត្រង់ផ្នែកណា ដែលអ្នកចាប់អារម្មណ៍ជាងគេ? តើអ្នកនឹងថែរក្សាផ្នែកណាមួយនៃផែនដីនេះ ដែលព្រះបានប្រទានមក យ៉ាងដូចម្តេចខ្លះ?
ឱព្រះអាទិករ ព្រះអង្គបានប្រទានឲ្យយើងខ្ញុំមានភពផែនដីដ៏អស្ចារ្យ ដែលបានទ្រទ្រង់ជីវិតទូលបង្គំ និងធ្វើឲ្យទូលបង្គំស្ងើចសរសើរព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យឆ្លើយតបចំពោះព្រះអង្គ ដោយថែរក្សាភពផែនដី និងបង្ហាញការដឹងគុណព្រះអង្គ សម្រាប់ការផ្គត់ផ្គង់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៤-១៥ និង លូកា ១៧:១-១៩