មានអារម្មណ៍ថា ដូចធូលីដី

ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ទំនុកដំកើង ១០៣:១៤

ក្នុង​អំឡុង​ពេល​ការ​ប្រជុំ​ការងារ​ប្រចាំ​សប្តាហ៍ លោកវ៉រិន(Warren) បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា រូប​កាយ​គាត់​ដូច​ល្អង​ធូលី​ដី។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​រូប​កាយ ដែល​ទាក់​ទង​នឹង​ការ​មាន​វ័យ​ចាស់ និង​សុខភាព​មិន​ល្អ​ជា​ដើម។ លោក​វ៉រិន និង​ភរិយា​គាត់​មាន​អាយុ​ជិត​៧០​ឆ្នាំ​ហើយ ហើយ​នៅ​ឆ្នាំ​២០២០ គាត់​ត្រូវ​ជួប​វេជ្ជបណ្ឌិត គាត់​ត្រូវ​ពិភាក្សា​អំពី​ការ​វះកាត់ ហើយ​រៀប​ចំ​ផ្ទះ​របស់​ខ្លួន សម្រាប់​ព្យាបាល​សុខភាព​នៅ​ផ្ទះ។ ពួក​គេ​ដឹង​ថា ខ្លួន​កំពុង​តែ​មាន​វ័យ​ចាស់​ហើយ។

យើង​អាច​ដឹង​ថា ខ្លួន​យើង​មាន​ចំណុច​ខ្វះ​ខាត មិន​ល្អ​ឥត​ខ្ចោះ និង​ទន់​ខ្សោយ ខាង​ផ្លូវ​កាយ ផ្លូវ​ប្រាជ្ញា ផ្លូវ​អារម្មណ៍ និង​ផ្លូវ​វិញ្ញាណ ទោះ​ជា​យើង​មិន​ទាន់​មាន​វ័យ​ចាស់​ក៏​ដោយ។ ព្រះយេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ បាន​បោះ​ជំហាន​ចូល​ក្នុង​លោកិយ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ហើយ​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្តី​កម្សោយ ក្នុង​លក្ខណៈ​ជា​មនុស្ស​(ទំនុកដំកើង ១០៣:១៣)។

ជាង​នេះ​ទៅ​ទៀត ស្តេច​ដាវីឌ​ក៏​បាន​សរសេរ​ផង​ដែរ​ថា “ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ”(ខ.១៤)។ ពាក្យ ធូលីដី បាន​នាំ​យើង​វិល​ត្រឡប់​ទៅ​កណ្ឌ​គម្ពីរ​លោកុប្បត្តិ ដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង”(២:៧)។

តើ​អ្នក​មាន​អារម្មណ៍​ថា ដូច​ល្អង​ធូលី​ទេ សព្វ​ថ្ងៃ​នេះ? សូម​ស្វាគមន៍​មក​កាន់ ភាព​ពិត​នៃ​ការ​រស់​នៅ​លើ​ផែនដី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ចាំ​ថា ពេល​ណា​យើង​មាន​អារម្មណ៍​ថា ងាយ​រង​គ្រោះ​បំផុត ព្រះ​ទ្រង់​មិន​បាន​ទុក​យើង​ឲ្យ​នៅ​ឯកោ​នោះ​ឡើយ។​ ព្រះ​ដែល​មាន​សេចក្តី​អាណិត ទ្រង់ “ជ្រាប” ហើយ “នឹកចាំ” យើង។ ព្រះអង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​យើង​រាល់​គ្នា ដោយ​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ដើម្បី​ប្រទាន​ការ​អត់​ទោស​បាប ដល់​មនុស្ស​លោក ដូច​យើង​រាល់​គ្នា។ ទោះ​ជីវិត​យើង​ជួប​រឿង​អ្វី​ក៏​ដោយ ចូរ​យើង​ទុក​ចិត្ត​ព្រះ​អង្គ។—Arthur Jackson

តើ​មាន​ស្ថានភាព​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​នឹក​ចាំ អំពី​ភាព​កម្សោយ​របស់​អ្នក ក្នុង​នាម​ជា​មនុស្ស? តើ​អ្នក​បាន​ឃើញ​ព្រះ​ហស្ត​ព្រះ ធ្វើ​ការ​យ៉ាង​ណា​ខ្លះ ក្នុង​ភាព​កម្សោយ​របស់​អ្នក?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​ជា​មនុស្ស​មាន​ភាព​កម្សោយ ដែល​ប្រៀប​ដូច​ជា​ធូលីដី សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ជំនឿ​រឹង​មាំ ហើយ​ទុក​ចិត្ត​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សំាយ៉ូអែល ១៩-២០ និង លូកា ១៨:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles