ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ។ សេផានា ៣:១៤
សត្វចាបទឹកឃ្មុំ នៅប្រទេសអូស្រ្តាលី កំពុងតែជួបបញ្ហា ដោយសារពួកវាកំពុងតែភ្លេចបទចម្រៀងរបស់ពួកវា។ កាលពីមុន ពួកវាជាពូជសត្វដែលមានចំនួនច្រើនជាបរិបូរ តែសព្វថ្ងៃនេះ ពួកវានៅសល់តែ៣រយក្បាលប៉ុណ្ណោះ។ ដោយសារពួកវាមានចំនួនកាន់តែតិច នោះសត្វចាបឈ្មោលដែលចេះច្រៀងក៏មានចំនួនកាន់តែតិច ធ្វើឲ្យសត្វចាបក្មេងៗ ពិបាករកឱកាសរៀនច្រៀងតាម។ ដូចនេះ ពួកចាបឈ្មោលក៏បានភ្លេចបទចម្រៀងពិសេសរបស់ពួកវា ហើយមិនអាចទាក់ទាញពួកសត្វចាបញី ដើម្បីបន្តពូជបាន។
តែអរព្រះគុណព្រះអង្គ ពួកអភិរក្សសត្វព្រៃមានគម្រោងជួយសង្គ្រោះសត្វចាបទឹកឃ្មុំ ដោយចាក់ចម្រៀង ឲ្យពួកវាស្តាប់។ ពួកគេក៏បានថតសម្លេងពួកវាច្រៀង ហើយចាក់ឲ្យពួកចាបឈ្មោលក្មេងៗស្តាប់ ដើម្បីឲ្យពួកវាអាចរៀនបទចម្រៀងរបស់ពួកវា។ ពួកចាបឈ្មោលក៏បានចេះបទចម្រៀងនោះ ហើយក៏បាននាំគ្នាច្រៀង ដើម្បីទាក់ទាញពួកចាបញីឡើងវិញ។ ដូចនេះ គេសង្ឃឹមថា ពូជចាបនេះនឹងមានចំនួនច្រើនឡើងវិញ។
ហោរាសេផានា បានថ្លែងទំនាយទៅកាន់ជាតិសាសន៍មួយ ដែលកំពុងមានរឿងធំ។ សង្គមរបស់ពួកគេមានពេញដោយអំពើពុករលួយ បានជាគាត់ប្រកាស ឲ្យពួកគេដឹងថា ព្រះទ្រង់នឹងជំនុំជម្រះពួកគេមិនខានទេ(សេផានា ៣:១-៨)។ ក្រោយមក បទទំនាយនេះក៏បានសម្រេច តាមរយៈការចូលកាន់កាប់របស់សាសន៍ដទៃ និងការនិរទេសរបស់ពួកគេ ហើយពួកបណ្តាជនក៏បានភ្លេចបទចម្រៀងនៃដួងចិត្តរបស់ពួកគេផងដែរ(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោកសេផានាបានទទួលការបើកសម្ដែង ឲ្យឃើញលើសពីការជំនុំជម្រះនេះទៀត គឺព្រះទ្រង់នឹងយាងមករករាស្រ្តមួយនេះ ដែលកំពុងជួបភាពហិនហោច ដោយព្រះអង្គនឹងអត់ទោសបាបឲ្យពួកគេ ហើយច្រៀងបទចម្រៀងដល់ពួកគេ។ គឺដូចដែលគាត់បានថ្លែងទៅកាន់ពួកគេថា “ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(សេផានា ៣:១៧)។ ជាលទ្ធផល បទចម្រៀងនៃដួងចិត្តរបស់រាស្រ្តទ្រង់ក៏មានឡើងវិញ(ខ.១៤)។
យើងក៏អាចបាត់បង់បទចម្រៀងនៃក្តីអំណរនៃដួងចិត្តរបស់យើងផងដែរ ទោះតាមរយៈការមិនស្តាប់បង្គាប់ ឬទុក្ខលំបាកក្នុងជីវិតក្តី។ ប៉ុន្តែ ព្រះអង្គនឹងអរសប្បាយចំពោះយើង ដោយសម្លេងច្រៀងនៃការអត់ទោសបាប និងសេចក្តីស្រឡាញ់។ ចូរយើងស្តាប់អត្ថន័យនៃបទចម្រៀងព្រះអង្គ ហើយច្រៀងជាមួយព្រះអង្គ។—Sheridan Voysey
តើពេលណា អ្នកមានការពិបាកបំផុត នៅក្នុងការរក្សាក្តីអំណរ នៅក្នុងព្រះ? តើមានបទចម្រៀង កំណាព្យ ឬការអធិស្ឋានអ្វី ដែលអ្នកអាចថ្វាយដល់ព្រះ ជាការឆ្លើយតប ចំពោះការដែលព្រះអង្គអរសប្បាយចំពោះអ្នក?
ឱព្រះនៃក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការសន្យាថា ព្រះអង្គនឹងអរសប្បាយចំពោះរាស្រ្តព្រះអង្គ ដោយបទចម្រៀង។ ទូលបង្គំសូមច្រៀងសរសើរព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨