ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ។ សេផានា ៣:១៤

សត្វ​ចាប​ទឹក​ឃ្មុំ នៅ​ប្រទេស​អូស្រ្តាលី កំពុង​តែ​ជួប​បញ្ហា ដោយសារ​ពួក​វា​កំពុង​តែ​ភ្លេច​បទ​ចម្រៀង​របស់​ពួក​វា។ កាល​ពី​មុន ពួក​វា​ជា​ពូជ​សត្វ​ដែល​មាន​ចំនួន​ច្រើន​ជា​បរិបូរ តែ​សព្វ​ថ្ងៃ​នេះ ពួក​វា​នៅ​សល់​តែ​៣​រយ​ក្បាល​ប៉ុណ្ណោះ។ ដោយសារ​ពួក​វា​មាន​ចំនួន​កាន់​តែ​តិច នោះ​សត្វ​ចាប​ឈ្មោល​ដែល​ចេះ​ច្រៀង​ក៏​មាន​ចំនួន​កាន់​តែ​តិច ធ្វើ​ឲ្យ​សត្វ​ចាប​ក្មេង​ៗ ពិបាក​រក​ឱកាស​រៀន​ច្រៀង​តាម។ ដូច​នេះ ពួក​ចាប​ឈ្មោល​ក៏​បាន​ភ្លេច​បទ​ចម្រៀង​ពិសេស​របស់​ពួក​វា ហើយ​មិន​អាច​ទាក់​ទាញ​ពួក​សត្វ​ចាប​ញី ដើម្បី​បន្ត​ពូជ​បាន។​

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ពួក​អភិរក្ស​សត្វ​ព្រៃ​មាន​គម្រោង​ជួយ​សង្គ្រោះ​សត្វ​ចាប​ទឹកឃ្មុំ ដោយ​ចាក់​ចម្រៀង ឲ្យ​ពួក​វា​ស្តាប់។ ពួកគេ​ក៏​បាន​ថត​សម្លេង​ពួក​វា​ច្រៀង ហើយ​ចាក់​ឲ្យ​ពួក​ចាប​ឈ្មោល​ក្មេង​ៗ​ស្តាប់ ដើម្បី​ឲ្យ​ពួក​វា​អាច​រៀន​បទ​ចម្រៀង​របស់​ពួក​វា។ ពួក​ចាប​ឈ្មោល​ក៏​បាន​ចេះ​បទ​ចម្រៀង​នោះ ហើយ​ក៏​បាន​នាំ​គ្នា​ច្រៀង ដើម្បី​ទាក់​ទាញ​ពួក​ចាប​ញី​ឡើង​វិញ។ ដូច​នេះ គេ​សង្ឃឹម​ថា ពូជ​ចាប​នេះ​នឹង​មាន​ចំនួន​ច្រើន​ឡើង​វិញ។

ហោរា​សេផានា បាន​ថ្លែង​ទំនាយ​ទៅ​កាន់​ជាតិ​សាសន៍​មួយ ដែល​កំពុង​មាន​រឿង​ធំ។ សង្គម​របស់​ពួក​គេ​មាន​ពេញ​ដោយ​អំពើ​ពុក​រលួយ បាន​ជា​គាត់​ប្រកាស ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជំនុំ​ជម្រះ​ពួក​គេ​មិន​ខាន​ទេ(សេផានា ៣:១-៨)។ ក្រោយ​មក បទ​ទំនាយ​នេះ​ក៏​បាន​សម្រេច តាម​រយៈ​ការ​ចូល​កាន់​កាប់​របស់​សាសន៍​ដទៃ និង​ការ​និរទេស​របស់​ពួក​គេ ហើយ​ពួក​បណ្តាជន​ក៏​បាន​ភ្លេច​បទ​ចម្រៀង​នៃ​ដួង​ចិត្ត​របស់​ពួក​គេ​ផង​ដែរ​(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោក​សេផានា​បាន​ទទួល​ការ​បើក​សម្ដែង ឲ្យ​ឃើញ​លើស​ពី​ការ​ជំនុំ​ជម្រះ​នេះ​ទៀត គឺ​ព្រះ​ទ្រង់​នឹង​យាង​មក​រក​រាស្រ្ត​មួយ​នេះ ដែល​កំពុង​ជួប​ភាព​ហិន​ហោច ដោយ​ព្រះអង្គ​នឹង​អត់​ទោស​បាប​ឲ្យ​ពួក​គេ ហើយ​ច្រៀង​បទ​ចម្រៀង​ដល់​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​ថ្លែង​ទៅ​កាន់​ពួក​គេ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(សេផានា ៣:១៧)។  ជា​លទ្ធ​ផល បទ​ចម្រៀង​នៃ​ដួង​ចិត្ត​របស់​រាស្រ្ត​ទ្រង់​ក៏​មាន​ឡើង​វិញ(ខ.១៤)។

យើង​ក៏​អាច​បាត់​បង់​បទ​ចម្រៀង​នៃ​ក្តី​អំណរ​នៃ​ដួង​ចិត្ត​របស់​យើង​ផង​ដែរ ទោះ​តាម​រយៈ​ការ​មិន​ស្តាប់​បង្គាប់ ឬ​ទុក្ខ​លំបាក​ក្នុង​ជីវិត​ក្តី។ ប៉ុន្តែ ព្រះ​អង្គ​នឹង​អរ​សប្បាយ​ចំពោះ​យើង ដោយ​សម្លេង​ច្រៀង​នៃ​ការ​អត់​ទោស​បាប និង​សេចក្តី​ស្រឡាញ់។ ចូរ​យើង​ស្តាប់​អត្ថ​ន័យ​នៃ​បទ​ចម្រៀង​ព្រះ​អង្គ ហើយ​ច្រៀង​ជា​មួយ​ព្រះ​អង្គ។—Sheridan Voysey

តើ​ពេល​ណា អ្នក​មាន​ការ​ពិបាក​បំផុត នៅ​ក្នុង​ការ​រក្សា​ក្តី​អំណរ នៅ​ក្នុង​ព្រះ? តើ​មាន​បទ​ចម្រៀង កំណាព្យ ឬ​ការ​អធិស្ឋាន​អ្វី ដែល​អ្នក​អាច​ថ្វាយ​ដល់​ព្រះ ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​ដែល​ព្រះ​អង្គ​អរ​សប្បាយ​ចំពោះ​អ្នក?

ឱ​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ សម្រាប់​ការ​សន្យា​ថា ព្រះ​អង្គ​នឹង​អរ​សប្បាយ​ចំពោះ​រាស្រ្ត​ព្រះ​អង្គ ដោយ​បទ​ចម្រៀង។ ទូល​បង្គំ​សូម​ច្រៀង​សរសើរ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១​-២ និង លូកា ១៩:២៨-៤៨