ដំណាក់កាល ក្នុងការលូតលាស់ក្នុងជំនឿ

ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។ យ៉ាកុប ១:៤

កាល​ខ្ញុំ​ទើប​ចាប់​ផ្តើម​ការ​ដាំ​ដុះ​ក្នុង​ច្បារ​ដំណាំ ខ្ញុំ​តែង​តែ​ក្រោក​ពី​ព្រលឹម ហើយ​ប្រញាប់​ទៅ​មើល​ដំណាំ​បន្លែ​របស់​ខ្ញុំ ក្រែងលោ​មាន​ពន្លក​ដុះ​ចេញ។ តែ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្លែក​សោះ។ បន្ទាប់​ពី​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត អំពី “សួន​ច្បារ​ដែល​មាន​ការ​លូត​លាស់​ឆាប់​រហ័ស” ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ចេញ​ពន្លក​ជា​ដំណាក់​កាល​សំខាន់​ជាង​គេ ក្នុង​ការ​លូត​លាស់​របស់​ដំណាំ។ ពេល​ដែល​ខ្ញុំ បាន​ដឹង​ថា ខ្ញុំ​មិន​អាច​បង្ខំ​បន្លែ​របស់​ខ្ញុំ ឲ្យ​ឆាប់​លូត​លាស់ ក្នុង​ដំណាក់​កាល​នេះ​បាន ខ្ញុំ​ក៏​បាន​មើល​ឃើញ​តម្លៃ​របស់​ពន្លក​តូច​ៗ ដែល​មាន​កម្លាំង​ប្រឹង​ដុះ ចេញ​ពី​ដី​ទៅ​រក​ពន្លឺ​ថ្ងៃ និង​ការ​ស៊ូទ្រាំ​របស់​ពួក​វា នៅ​ក្នុង​អាកាសធាតុ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច។ បន្ទាប់​ពី​ខ្ញុំ​បាន​រង់​ចាំ​ដោយ​អត់​ធ្មត់ អស់​រយៈ​ពេល​ពីរបី​សប្តាហ៍ ទីបំផុត ខ្ញុំ​ក៏​បាន​ស្វាគមន៍​ពន្លក​ពណ៌​បៃតង​ខ្ចី​ជា​ច្រើន ដែល​កំពុង​លូត​ចេញ​ពី​ក្នុង​ដី។

ជួន​កាល យើង​ងាយ​នឹង​សរសើរ​ភាព​ជោគ​ជ័យ ក្នុង​ជីវិត​យើង ដោយ​មិន​បាន​ទទួល​ស្គាល់​ថា ការ​លូត​លាស់ ក្នុង​ចារិក​លក្ខណៈ​របស់​យើង ច្រើន​តែ​កើត​ចេញ​ពី​ការ​ឆ្លង​កាត់​ពេល​វេលា និង​ការ​តស៊ូ។ សាវ័ក​យ៉ាកុប​បាន​បង្រៀន​យើង ឲ្យ​រាប់​ទុក្ខ​​លំបាក ឬ​ការ​ល្បងល​ផ្សេង​ៗ ជា​ក្តី​អំណរ​សព្វ​គ្រប់​វិញ(យ៉ាកុប ១:២)។ ប៉ុន្តែ តើ​ការ​ល្បងល​ផ្សេង​ៗ​អាច​មាន​អ្វី​ដែល​គួរ​ឲ្យ​អរ​សប្បាយ?

ជួនកាល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក ដើម្បី​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ ស្រប​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ(ខ.៤)។ កាលណា​យើង​បាន​ចាក់​ឫស​ជាប់ នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហើយ យើង​អាច​ស៊ូទ្រាំ ដោយ​ឆ្លង​កាត់​បញ្ហា​ប្រឈម លូត​លាស់​កាន់​តែ​រឹង​មាំ ហើយ​មាន​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ក្នុង​ជីវិត​យើង​(កាឡាទី ៥:២២-២៣)។

ប្រាជ្ញា​របស់​ព្រះអង្គ ផ្តល់​ឲ្យ​យើង​នូវ​ជីវជាតិ​ខាង​វិញ្ញាណ ដែល​យើង​ត្រូវ​ការ ដើម្បី​លូត​លាស់ ជា​រៀង​រាល់​ថ្ងៃ​(យ៉ូហាន ១៥:៥)។—Kimya Loder

តើ​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ ដែល​អ្នក​កំពុង​ឆ្លង​កាត់ នៅ​ពេល​ថ្មី​ៗ​នេះ? តើ​អ្នក​បាន​រៀន​មេរៀន​អ្វី​ខ្លះ ពី​បញ្ហា​ទាំង​នោះ?

ឱ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ជួន​កាល ទុក្ខ​លំបាក​ដែល​ទូល​បង្គំ​ជួប​ប្រទះ​ហាក់​ដូច​ជា​មិន​អាច​ស៊ូទ្រាំ​បាន។ សូម​ព្រះអង្គ​ប្រទាន​កម្លាំង ដើម្បី​ឲ្យ​អាច​ស៊ូទ្រាំ ហើយ​សូម​ជួយ​ទូលបង្គំ​ឲ្យ​ចម្រើន​ឡើង ក្នុង​ជំនឿ ហើយ​ក្លាយ​ជា​អ្នក​ជឿ​ដែល​បង្កើត​ផល​ផ្លែ តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៣:៥ និង លូកា ២០:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles