ការវិភាគមើលបញ្ហាខាងវិញ្ញាណ

ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ។ យេរេមា ៤៤:១៦

ការ​ព្យាបាល​ដោយ​ប្រើ​គីមី បាន​កាត់​បន្ថយ​ដុំ​សាច់​នៅ​ក្នុង​លំពែង​របស់​ឪពុក​ក្មេក​ខ្ញុំ រហូត​ដល់​ពេល​មួយ​វា​លែង​មាន​ប្រសិទ្ធ​ភាព​ទៀត។ ពេល​ដែល​ដុំ​សាច់​ចាប់​ផ្តើម​លូត​លាស់​ឡើង​វិញ គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត។ គាត់​បាន​សួរ​គ្រូ​ពេទ្យ​ថា តើ​គាត់​គួរ​តែ​ចាក់​ថ្នាំ​គីមី​បន្ថែម​ទៀត ឬ​ត្រូវ​សាក​ល្បង​វិធី​ព្យាបាល​ដទៃ​ទៀត ប្រហែល​ជា​ប្រើ​ថ្នាំ​ផ្សេង ឬ​បាញ់​កាំរស្មី?

ប្រជាជន​យូដា​ក៏​ធ្លាប់​មាន​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត ស្រដៀង​នេះ​ផង​ដែរ។ ពួក​គេ​មាន​ការ​ហត់​នឿយ ដោយសារ​សង្រ្គាម និង​ភាព​អត់​ឃ្លាន បាន​ជា​ពួក​គេ​ឆ្ងល់​ថា បញ្ហា​របស់​ពួកគេ​បណ្តាល​មក​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ដោយសារ​ពួក​គេ​ថ្វាយ​បង្គំ​រូប​ព្រះ​មិន​បាន​គ្រប់​គ្រាន់។ ពួក​គេ​ក៏​បាន​សន្និដ្ឋាន​ថា ពួកគេ​គួរ​តែ​ថ្វាយ​យញ្ញ​បូជា​បន្ថែម​ទៀត ដល់​ព្រះ​ក្លែងក្លាយ​ទាំង​នោះ ហើយ​រង់​ចាំ​មើល​ថា ​ព្រះ​ក្លែង​ក្លាយ​នោះ​នឹង​ជួយ​ការពារ និង​ធ្វើ​ឲ្យ​​ពួក​គេ​ចម្រុង​ចម្រើន​ឬ​ទេ​(យេរេមា ៤៤:១៧)។

ហោរា​យេរេមា​ក៏​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​ខុស អំពី​ស្ថានភាព​របស់​ពួក​គេ ដោយ​ភាព​ល្ងង់​ខ្លៅ​បំផុត។ បញ្ហា​របស់​ពួកគេ​បណ្តាល​មក​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ គឺ​មិន​មែន​មក​ពី​ពួក​គេ​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​រូប​ព្រះ​នោះ​ទេ។ ពួក​គេ ប្រាប់​លោក​ហោរា​ថា “ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ”(ខ.១៦)។ លោក​យេរេមា​ក៏​បាន​ឆ្លើយ​តប​ថា “ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្តី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ”(ខ.២៣)។

យើង​ប្រហែល​ជា​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​យើង​មាន​បញ្ហា។ យើង​ប្រហែល​ជា​មាន​បញ្ហា​ទំនាក់​ទំនង ដោយសារ​យើង​មាន​ភាព​សោះ​អង្គើយ​ចំពោះ​គ្នា។ ឬ​មួយ​យើង​កំពុង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ ដោយសារ​យើង​មាន​ការ​ចាយ​វាយ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ការ​អ្វី​ដែល​យើង​ស្រឡាញ់​ខ្លាំង​ជាង​ព្រះ គឺ​ជា​រូប​ព្រះ​ដែល​យើង​កំពុង​ថ្វាយ​បង្គំ។ រូប​ព្រះ​ទាំង​នោះ ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ គឺ​មិន​អាច​សង្គ្រោះ​យើង​បាន​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​បី​យើង​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ។—Mike Wittmer

តើ​អ្នក​កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ? តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​ឆ្លើយ​តប ដោយ​ធ្វើ​អំពើ​បាប​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​គិត​ថា​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​អ្វី?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សុខ​ចិត្ត​បរាជ័យ ជា​ជាង​ជោគ​ជ័យ​ដោយ​គ្មាន​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៦-៧ និង លូកា ២០:២៧-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles