អាហារធ្លាក់ចុះមកពីស្ថានសួគ៌

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា។ និក្ខមនំ ១៦:៤

កាល​ពី​ខែ​សីហា ឆ្នាំ២០២០ ប្រជាជន​នៅ​ក្រុង​អូលទិន ប្រទេស​ស្វីស មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ព្រឹល​ធ្លាក់​ចុះ​មក​ជា​ស្ករ​សូកូឡា នៅ​ក្នុង​ទីក្រុង។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ នៅ​ក្នុង​រោង​ចក្រ​ធ្វើ​ស្ករ​សូកូឡា​មួយ បាន​ខូច ជា​ហេតុ​បណ្តាល​ឲ្យ​ភាព​តូច​ល្អិត​នៃ​ស្ករ​សូកូឡា បាន​ហោះ​ហើរ​ចេញ​ពី​រោង​ចក្រ ចូល​ទៅ​ក្នុង​ខ្យល់​អាកាស។ ជា​លទ្ធផល កម្ទេច​ស្ករ​សូកូឡា​ដ៏​តូច​ល្អិត​សំប៉ែត​ៗ ដែល​គេ​អាច​បរិភោគ​បាន មាន​សណ្ឋាន​ដូច​គ្រាប់​ព្រឹល បាន​ធ្លាក់​ចុះ​មក​លើ​រថយន្ត និង​ដង​វិថី​នានា ហើយ​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​មូល​ធំ​ក្លិន ដូច​ហាង​លក់​ស្ករ​គ្រាប់។

ពេល​ណា​ខ្ញុំ​គិត អំពី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ តាម​របៀប​ដ៏​អស្ចារ្យ ខ្ញុំ​តែង​តែ​នឹក​ចាំ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ប្រជាជន​អ៊ីស្រាអែល នៅ​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ។ បន្ទាប់​ពី​ពួកគេ​បាន​រត់​គេច​ពី​ទឹកដី​អេស៊ីព្ទ ពួកគេ​បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន នៅ​ក្នុង​វាល​រហោស្ថាន ជា​ពិសេស គឺ​ការ​ខ្វះ​ខាត​អាហារ និង​ទឹក។ ហើយ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​រាស្រ្ត​ទ្រង់ ក៏​បាន​សន្យា​ថា នឹង “បង្អុរ​ភ្លៀង​ជា​នំប៉័ង​ធ្លាក់​ចុះពី​លើ​មេឃ”(និក្ខមនំ ១៦:៤)។ នៅ​ពេល​ព្រឹក​បន្ទាប់ អាហារ​មូល​ៗ​តូច​ៗ​ជា​ច្រើន​បាន​គ្រប​ដណ្តប់​ពី​លើ​ដី​នៅ​វាល​រហោស្ថាន។ គេ​ក៏​បាន​ហៅ​អាហារ​នោះ​ថា នំម៉ាណា ដែល​ព្រះ​បាន​ផ្គត់​ផ្គង់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៤០​ឆ្នាំ។

ពេល​ដែល​ព្រះយេស៊ូវ​យាង​ចុះ​មក​ផែន​ដី មនុស្ស​ម្នា​បាន​ចាប់​ផ្តើម​ជឿ​ថា ព្រះ​ទ្រង់​បាន​ចាត់​ព្រះអង្គ​ឲ្យ​យាង​ចុះ​មក​ពី​ស្ថាន​សួគ៌ ពេល​ដែល​ព្រះ​អង្គ​បាន​ប្រទាន​នំប៉័ង ដល់​មនុស្ស​រាប់​ពាន់​នាក់ ដោយ​ការ​អស្ចារ្យ(យ៉ូហាន ៦:៥-១៤)។ តែ​ព្រះយេស៊ូវ​បាន​បង្រៀន​ថា ព្រះអង្គ​ជា “នំប៉័ង​ជីវិត”(ខ.៣៥) ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក មិន​គ្រាន់​តែ​សម្រាប់​ជា​អាហារ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ប្រទាន​ជីវិត​អស់​កល្ប​ផង​ដែរ​(ខ.៥១)។

សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​អាហារ​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច សម្រាប់​រស់​នៅ​ជា​មួយ​ព្រះ​ជា​រៀង​រហូត។ ចូរ​យើង​ជឿ និង​ទុក​ចិត្ត​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ចម្អែត​ការ​ស្រេក​ឃ្លាន​ដ៏​ជ្រាល​ជ្រៅ​បំផុត។—Lisa M. Samra

តើ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវ​ការ​ព្រះ​យេស៊ូវ ពី​ពេល​ណា? តើ​អ្នក​បាន​ពិសោធន៍​នឹង​ភាព​ស្កប់​ស្កល់​ខាង​វិញ្ញាណ​ហើយ​ឬ​នៅ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​សម្រេច​ព្រះ​ទ័យ​យាង​ចុះ​មក​ផែន​ដី ដើម្បី​លះ​បង់​ព្រះ​ជន្ម ​ឲ្យ​ទូល​បង្គំ​បាន​អរ​សប្បាយ​នឹង​ទំនាក់​ទំនង​ជា​មួយ​ព្រះអង្គ អស់​កល្ប​ជា​និច្ច។

To learn more about growing spiritually, visit ODBU.org/SF104.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ៧-៩ និង យ៉ូហាន ៦:២២-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles