ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី។ លោកុប្បត្តិ ១:២៧

អាមីណា (Amina) ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីរ៉ាក់​បាន​ចូល​រួម​បាតុកម្ម​តវ៉ា​រឿង​នយោបាយ ហើយ​យ៉ូសែប(Joseph) ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​មួយ​ទៀត ជា​គូរ​បដិបក្ខ​របស់​ក្រុម​នាង ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ទល់​មុខ​គ្នា។ គេ​បាន​បង្រៀន​យើង​ឲ្យ​ជឿ​ថា មនុស្ស​ដែល​នៅ​ក្រុម​ពីរ​ផ្សេង​គ្នា ​មាន​ជម្លោះ ដោយសារ​មាន​ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ​ខុស​គ្នា គឺ​ជា​សត្រូវ​នឹង​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​មនុស្ស​ខូច​មួយ​ក្រុម​ចូល​ទៅ​ជិត​យ៉ូសែប ហើយ​ព្យាយាម​ដុត​អាវ​របស់​គាត់ នាង​ក៏​បាន​ប្រញាប់​ទៅ​ជួយ​ការពារ​គាត់។ ក្រោយ​មក លោក​យ៉ូសែប​ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “ខ្ញុំ​គិត​ថា ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​មាន​ការ​ប្រកាន់​ជាតិ​សាសន៍​ទៀត​ទេ ប៉ុន្តែ សូម​យើង​កុំ​គិត​ថា វា​មិន​អី”។ ដូចនេះ មាន​រឿង​ជ្រាល​ជ្រៅ​ជាង​រឿង​នយោបាយ​ទៅ​ទៀត ដែល​បាន​បង្រួប​បង្រួម​អាមីណា និង​យ៉ូសែប។

ជា​ញឹក​ញាប់ យើង​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា ដែល​យើង​មិន​អាច​មើល​រំលង ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​ដែល​ស៊ី​ជម្រៅ​ជាង​នោះ​ទៀត ដែល​បាន​បង្រួប​បង្រួម​យើង។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា ហើយ​ចង​ភ្ជាប់​ទំនាក់​ទំនង​យើង ដោយ​ចំណង​នៃ​គ្រួសារ​មនុស្ស​ជាតិ​ជា​ទីស្រឡាញ់។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​ម្នាក់​ៗ ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់ (លោកុប្បត្តិ ១:២៧) ដោយ​មិន​ប្រកាន់​ភេទ ជាតិ​សាសន៍ ឋានៈ ឬ​និន្នាការ​នយោបាយ។ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​មាន​គោលបំណង ឲ្យ​យើង​បំពេញ និង​គ្រប់​គ្រង ពិភព​លោក​ដែល​ព្រះ​អង្គ​បង្កើត ដោយ​ប្រាជ្ញា និង​ការ​ថែរក្សា(ខ.២៨)។

ពេល​ណា​យើង​ភ្លេច​ថា យើង​មាន​ចំណង​នៃ​ការ​រួប​រួម​ក្នុង​ព្រះ គឺ​មាន​ន័យ​ថា យើង​កំពុង​បំផ្លាញ​ខ្លួន​ឯង និង​អ្នក​ដទៃ។ ប៉ុន្តែ ពេល​ណា​យើង​រួបរួម​គ្នា​តែ​មួយ ក្នុង​ព្រះ​គុណ និង​សេចក្តី​ពិត គឺ​បាន​សេចក្តី​ថា យើង​កំពុង​ចូល​រួម​ជា​មួយ​ព្រះ នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភព​លោក កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ និង​ចម្រើន​ឡើង។—Winn Collier

តើ​មាន​នរណា​ខ្លះ ដែល​ហាក់​ដូច​ជា​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង​ពី​អ្នក? តើ​អ្នក​អាច​ចំណាយ​ពេល​ជា​មួយ​ពួក​គេ យ៉ាង​ដូច​ម្តេច ដោយ​ផ្អែក​ទៅ​លើ​ចំណុច​ដែល​អ្នក​មាន​ដូច​គ្នា?

ឱ​ព្រះ​អម្ចាស់ ពិភព​លោក​មាន​ពេញ​ដោយ​ការ​បាក់​បែក តែ​ព្រះ​អង្គ​បាន​បង្កើត​មនុស្ស​ម្នាក់​ៗ ឲ្យ​មាន​ចំណុច​ដែល​ដូច​គ្នា។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចែក​ចាយ​សេចក្តី​ពិត​នេះ​ដល់​អ្នក​ដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៦-១៨ និង យ៉ូហាន ៧:២៨-៥៣