ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំងបាយជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ និង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ លេវីវិន័យ ១៩:១០

លោក​ឧត្តម​សេនី ឆាល ហ្គរឌិន(Charles Gordonឆ្នាំ ១៨៣៣ ដល់១៨៨៥) បាន​ធ្វើ​ការ​បម្រើ​ក្សត្រី​វិចតូរីយ៉ា នៅ​ប្រទេស​ចិន និង​នៅ​កន្លែង​ផ្សេង​ទៀត តែ​ក្នុង​អំឡុង​ពេល​គាត់​វិល​ត្រឡប់​មក​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​វិញ គាត់​បាន​បរិច្ចាគ​ប្រាក់​ខែ អស់​៩០​ភាគរយ។ ពេល​គាត់​បាន​ទទួល​ដំណឹង​ថា មាន​គ្រោះ​អត់​ឃ្លាន​នៅ​ខេត្ត​លែនខាសៀរ គាត់​ក៏​បាន​យក​មេដាយ​មាស ធ្វើ​ពី​មាស​សុទ្ធ ដែល​គាត់​បាន​ទទួល​ពី​អ្នក​ដឹកនាំ​ពិភពលោក ផ្ញើ​ទៅ​តំបន់​ខាង​ជើង ដោយ​ប្រាប់​គេ​ឲ្យ​រំលាយ​មេដាយ​មាស​នោះ យក​ទៅ​លក់​យក​ប្រាក់​ទិញ​នំប៉័ង​ចែក​អ្នក​ក្រ។ នៅ​ថ្ងៃ​នោះ គាត់​ក៏​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “របស់​ចុង​ក្រោយ ដែល​ខ្ញុំ​មាន​ក្នុង​លោកិយ​នេះ និង​បាន​ឲ្យ​តម្លៃ គឺ​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់​យេស៊ូវ​ហើយ”។

កំរិត​នៃ​ភាព​សប្បុរស​របស់​ឧត្តមសេនីយ៍​ហ្គរឌិន ហាក់​ដូចជា​លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន តែ​ព្រះ​ទ្រង់​តែង​តែ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយ​ទំនុក​បម្រុង​អ្នក​ដែល​ខ្វះ​ខាត។ នៅ​ក្នុង​ក្រឹត្យវិន័យ​មួយ​ចំនួន ដែល​ព្រះអង្គ​ប្រទាន តាម​រយៈ​លោក​ម៉ូសេ ព្រះ​អង្គ​បាន​បង្គាប់​រាស្ត្រ​ព្រះ​អង្គ មិន​ឲ្យ​រើស​ផល​ដំណាំ​ខ្លះ ដែល​ជ្រុះ​នៅ​ក្នុង​ស្រែ​ចំការ ឬ​មិន​ឲ្យ​ប្រមូល​ផល​ដំណាំង​ទាំង​ស្រុង​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​ប្រមូល​ផល​ដំណាំ ព្រះ​អង្គ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទុក​ផ្លែ​ទំពាំង​បាយ​ជូរ ដែល​បាន​ជ្រុះ សម្រាប់​អ្នក​ក្រីក្រ និង​ជន​បរទេស​រើស(លេវីវិន័យ ១៩:១០)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ដែល​ងាយ​រង​គ្រោះ ក្នុង​ចំណោម​ពួក​គេ ហើយ​ជួយ​ទំនុក​បម្រុង​ពួក​គេ​ផង​ដែរ។​

ទោះ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ចិត្ត​សប្បុរស​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទូល​សូម​ព្រះ​បង្កើត​ចិត្ត​យើង ឲ្យ​ចង់​ចែក​រំលែក​ដល់​អ្នក​ដទៃ ហើយ​សូម​ប្រាជ្ញា​ពី​ព្រះអង្គ ដើម្បី​ជួយ​ពួក​គេ។ ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដល់​អ្នក​ដទៃ។​—Amy Boucher Pye

តើ​អ្នក​នឹង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​យ៉ាង​ដូចម្តេច នៅ​ថ្ងៃ​នេះ តើ​ដោយ​ការ​ផ្តល់​ជំនួយ​ជាក់​ស្តែង អង្គុយ​ស្តាប់​គេ​រៀប​រាប់​ទុក្ខ​លំបាក ឬ​តាម​វិធី​ផ្សេង​ទៀត? តើ​អ្នក​ធ្លាប់​ទទួល​ជំនួយ​សប្បុរស​ពី​នរណា​ម្នាក់​ទេ? តើ​អ្នក​មាន​អារម្មណ៍​ដូច​ម្តេច ពេល​ទទួល​ជំនួយ​ពី​នរណា​ម្នាក់?

ឱ​ព្រះ​វរបិតា​ដ៏​សប្បុរស ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះ​អង្គ សម្រាប់​ការ​ចាត់​ព្រះ​យេស៊ូវ ឲ្យ​យាង​ចុះ​មក​មាន​ព្រះ​ជន្ម​រស់​នៅ ក្នុង​ចំណោម​មនុស្ស​ជាតិ ហើយ​បាន​សុគត​ដើម្បី​យើង​រាល់​គ្នា។ សូម​ព្រះ​អង្គ​បំពេញ​ចិត្ត​ទូល​បង្គំ ដោយ​ក្តី​ស្រឡាញ់ ហើយ​ទូលបង្គំ​សូម​អរ​ព្រះ​គុណ​ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២២-២៤ និង យ៉ូហាន ៨:២៨-៥៩