បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។ ម៉ាថាយ ២៦:៥៤
ក្បាច់គុណអៃគីដូ ជាក្បាច់គុណរបស់ជនជាតិជប៉ុន។ មេរៀនដំបូងរបស់ក្បាច់គុណ មានការបង្រៀនដែលខុសពីការរំពឹងទុករបស់អ្នកដែលចង់ហាត់វា។ គ្រូបង្វឹកបានប្រាប់យើងថា ពេលណាមាននរណាម្នាក់ចង់ប្រើហឹង្សាមកលើយើង យើងគួរតែឆ្លើយតបទៅវិញ ដោយ “ការរត់គេចឲ្យឆ្ងាយ” ពីអ្នកនោះ។ គាត់មានប្រសាសន៍ថា “អ្នកគួរតែប្រយុទ្ធដើម្បីការពារខ្លួន នៅពេលដែលអ្នកមិនអាចរត់គេចប៉ុណ្ណោះ”។
តើយើងគួរតែរត់គេចមែនឬ? ខ្ញុំមានការភ្ញាក់ផ្អើលពេលដែលបានឮគាត់និយាយដូចនេះ។ ហេតុអ្វីគ្រូបង្វឹកក្បាច់គុណដ៏ចំណានម្នាក់នេះ ប្រាប់យើងឲ្យរត់គេចពីការវាយតប់គ្នា? ស្តាប់មើលទៅ ដូចជាផ្ទុយនឹងសភាវគតិរបស់យើង តែក្រោយមក គាត់ពន្យល់ថា វិធីការពារខ្លួនល្អបំផុត គឺជាការជៀសវាងការវាយតប់គ្នា។ នេះជាការពិតមែន!
ពេលដែលមនុស្សមួយក្រុមមកចាប់ព្រះកាយព្រះយេស៊ូវ លោកពេត្រុសបានឆ្លើយតប ប្រហែលដូចជាអ្នកខ្លះក្នុងចំណោមយើងដែរ ដោយដកដាវកាប់ត្រូវបាវបម្រើសម្តេចសង្ឃ(ម៉ាថាយ ២៦:៥១ និងយ៉ូហាន ១៨:១០)។ តែព្រះយេស៊ូវបានប្រាប់គាត់ឲ្យស៊កដាវទៅក្នុងស្រោមវិញ ហើយមានបន្ទូលថា “បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ”(ម៉ាថាយ ២៦:៥៤)។
ការការពារយុត្តិធម៌គឺជារឿងសំខាន់ តែយើងក៏ចាំបាច់ត្រូវយល់ អំពីបំណងព្រះទ័យព្រះ និងនគររបស់ព្រះអង្គ ដែលមានលក្ខណៈផ្ទុយពីលោកិយ ដោយបង្គាប់យើងឲ្យស្រឡាញ់ខ្មាំងសត្រូវ ហើយធ្វើអំពើល្អ តបនឹងការអាក្រក់(៥:៤៤)។ នេះជាការឆ្លើយតប ដែលខុសពីលោកិយ ហើយព្រះអង្គក៏សព្វព្រះទ័យឲ្យការនេះចម្រើនឡើងនៅក្នុងយើងផងដែរ។
បទគម្ពីរលូកា ២២:៥១ ថែមទាំងបានពិពណ៌នាថា ព្រះយេស៊ូវបានប្រោសត្រចៀកបុរសនោះឲ្យជា បន្ទាប់ពីលោកពេត្រុសបានកាប់ដាច់។ ចូរយើងរៀនឆ្លើយតប ចំពោះស្ថានភាពដ៏ពិបាក តាមគំរូព្រះអង្គផងដែរ ដោយស្វែងរកសន្តិភាព និងការស្អាងឡើងវិញ ដោយព្រះទ្រង់ប្រទានអ្វីដែលយើងត្រូវការ។—Leslie Koh
តើអ្នកបានឆ្លើយតបដូចម្តេចខ្លះ ចំពោះស្ថានភាពដ៏ពិបាក កាលពីពេលថ្មីៗនេះ? តើការឆ្លើយតបរបស់អ្នកនៅពេលនោះ មានភាពខុសប្លែកពីការឆ្លើយតបរបស់ព្រះយេស៊ូវយ៉ាងណាខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់បំណងព្រះទ័យព្រះអង្គ ក្នុងនគរព្រះអង្គ ហើយមានចិត្តដែលកោតខ្លាច ស្រឡាញ់ព្រះអង្គ ហើយស្វែងរកសន្តិភាព ក្នុងការឆ្លើយតប ចំពោះស្ថានភាពទាំងឡាយ តាមគំរូព្រះរាជបុត្រាព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៥-២៧ និង យ៉ូហាន ៩:១-២៣