បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។ ម៉ាថាយ ២៦:៥៤

ក្បាច់​គុណ​អៃគីដូ ​ជា​ក្បាច់​គុណ​របស់​ជន​ជាតិ​ជប៉ុន។ មេរៀន​ដំបូង​របស់​ក្បាច់​គុណ មាន​ការ​បង្រៀន​ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ដែល​ចង់​ហាត់​វា​។ គ្រូ​បង្វឹក​បាន​ប្រាប់​យើង​ថា ពេល​ណា​មាន​នរណា​ម្នាក់​ចង់​ប្រើ​ហឹង្សា​មក​លើ​យើង យើង​គួរ​តែ​ឆ្លើយ​តប​ទៅ​វិញ ដោយ “ការ​រត់​គេច​ឲ្យ​ឆ្ងាយ” ពី​អ្នក​នោះ។ គាត់​មាន​ប្រសាសន៍​ថា “អ្នក​គួរ​តែ​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន ​នៅ​ពេល​ដែល​អ្នក​មិន​អាច​រត់​គេច​ប៉ុណ្ណោះ”។

តើ​យើង​គួរតែ​រត់​គេច​មែន​ឬ? ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ ហេតុ​អ្វី​គ្រូបង្វឹក​ក្បាច់​គុណ​ដ៏​ចំណាន​ម្នាក់​នេះ​ ប្រាប់​យើង​ឲ្យ​រត់​គេច​ពី​ការ​វាយ​តប់​គ្នា? ស្តាប់​មើល​ទៅ ដូច​ជា​ផ្ទុយ​នឹង​សភាវគតិ​របស់​យើង តែ​ក្រោយ​មក គាត់​ពន្យល់​ថា វិធី​ការពារ​ខ្លួន​ល្អ​បំផុត គឺ​ជា​ការ​ជៀស​វាង​ការ​វាយ​តប់​គ្នា។ នេះ​ជា​ការ​ពិត​មែន!

ពេល​ដែល​មនុស្ស​មួយ​ក្រុម​មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ លោក​ពេត្រុស​បាន​ឆ្លើយ​តប ប្រហែល​ដូច​ជា​អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ដែរ ដោយ​ដក​ដាវ​​កាប់​ត្រូវ​បាវ​បម្រើ​សម្តេច​សង្ឃ(ម៉ាថាយ ២៦:៥១ និង​យ៉ូហាន ១៨:១០)។ តែ​ព្រះយេស៊ូវ​បាន​ប្រាប់​គាត់​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ ហើយ​មាន​បន្ទូល​ថា “បើ​យ៉ាង​នោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ”(ម៉ាថាយ ២៦:៥៤)។

ការ​ការពារ​យុត្តិធម៌​គឺ​ជា​រឿង​សំខាន់ តែ​យើង​ក៏​ចាំ​បាច់​ត្រូវ​យល់ អំពី​បំណង​ព្រះ​ទ័យ​ព្រះ និង​នគរ​របស់​ព្រះ​អង្គ ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​លោកិយ ដោយ​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​ខ្មាំង​សត្រូវ ហើយ​ធ្វើ​អំពើ​ល្អ តប​នឹង​ការ​អាក្រក់(៥:៤៤)។ នេះ​ជា​ការ​ឆ្លើយ​តប ដែល​ខុស​ពី​លោកិយ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​ឲ្យ​ការ​នេះ​ចម្រើន​ឡើង​នៅ​ក្នុង​យើង​ផង​ដែរ។

បទ​គម្ពីរ​លូកា ២២:៥១ ថែម​ទាំង​បាន​ពិពណ៌នា​ថា ព្រះ​យេស៊ូវ​បាន​ប្រោស​ត្រចៀក​បុរស​នោះ​ឲ្យ​ជា​ បន្ទាប់​ពី​លោក​ពេត្រុស​បាន​កាប់​ដាច់។ ចូរ​យើង​រៀន​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ដ៏​ពិបាក តាម​គំរូ​ព្រះ​អង្គ​ផង​ដែរ ដោយ​ស្វែង​រក​សន្តិភាព និង​ការ​ស្អាង​ឡើង​វិញ ដោយ​ព្រះ​ទ្រង់​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ។—Leslie Koh

តើ​អ្នក​បាន​ឆ្លើយ​តប​ដូច​ម្តេច​ខ្លះ ចំពោះ​ស្ថាន​ភាព​ដ៏​ពិបាក កាល​ពី​ពេល​ថ្មី​ៗ​នេះ? តើ​ការ​ឆ្លើយ​តប​របស់​អ្នក​នៅ​ពេល​នោះ មាន​ភាព​ខុស​ប្លែក​ពី​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ក្នុង​នគរ​ព្រះ​អង្គ ហើយ​មាន​ចិត្ត​ដែល​កោត​ខ្លាច ស្រឡាញ់​ព្រះ​អង្គ ហើយ​ស្វែង​រក​សន្តិ​ភាព ក្នុង​ការ​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ទាំង​ឡាយ តាម​គំរូ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៥-២៧ និង យ៉ូហាន ៩:១-២៣