បង្កើនកម្តៅ ឲ្យក្តៅឡើង

ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ។ វិវរណៈ ៣:១៩

សីតុណ្ហភាព នៅ​រដ្ឋ​ខូឡូរ៉ាដូ អាច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ដែល​ជួន​កាល វា​ឡើង ឬ​ចុះ​ភ្លាម​ៗ ក្នុង​រយៈ​ពេល​តែ​ពីរបី​នាទី​ប៉ុណ្ណោះ។ ដូច​នេះ​ស្វាមី​ខ្ញុំ​ចង់​ដឹង​ថា សីតុណ្ហភាព នៅ​ក្នុង និង​នៅ​ក្រៅ​ផ្ទះ​យើង មាន​ភាព​ខុស​គ្នា​យ៉ាង​ណា។ ក្នុង​នាម​គាត់​ជា​អ្នក​ចូល​ចិត្ត​ប្រើ​ឧបករណ៍​វាស់​ស្ទង់ គាត់​មាន​ចិត្ត​រីក​រាយ នៅ​ក្នុង​ការ​បើក​យក “គ្រឿង​លេង” ថ្មី​បំផុត​របស់​គាត់ ចេញ​ពី​ប្រអប់​មក​ប្រើ។ វា​ជា​ទែរម៉ូមែត្រ​មួយ​ប្រភេទ ដែល​អាច​វាស់​កម្តៅ នៅ​៤​កន្លែង​ផ្សេង​គ្នា នៅ​ក្នុង​បរិវេណ​ផ្ទះ។ ខ្ញុំ​ក៏​បាន​និយាយ​លេង​ថា វា​ជា​ឧបករណ៍​ដែល​គួរ​ឲ្យ​អស់​សំណើច តែ​ក្រោយ​មក ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខ្លួន​ឯង​ក៏​បាន​ទៅ​មើល​ទែរម៉ូមែត្រ​នោះ​ជា​ញឹក​ញាប់​ផង​ដែរ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ភាព​ខុស​គ្នា​នៃ​កម្តៅ​ក្នុង​ផ្ទះ និង​កម្តៅ​នៅ​ក្រៅ​ផ្ទះ។

ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល អំពី​កម្តៅ​ផង​ដែរ ដើម្បី​ពិពណ៌នា អំពី ពួក​ជំនុំ “ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់” នៅ​ទីក្រុង​ឡៅឌីសេ ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ទាំង​៧ ដែល​សម្បូរសប្បាយ​ជាង​គេ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ។ ទីក្រុង​នេះ​មាន​ប្រព័ន្ធ​ធនាគារ​ដែល​រីក​ចម្រើន ប្រជាជន​មាន​សំលៀក​បំពាក់​ល្អ​ៗ ហើយ​ក៏​សំបូរ​ថ្នាំ​សង្កូវ តែ​ទីក្រុង​នេះ បាន​ជួប​ការ​លំបាក ដោយសារ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ខ្សោយ ដូចនេះ គេ​ត្រូវ​សង់​ប្រឡាយ​ទឹក​អាកាស ដើម្បី​បង្ហូរ​ទឹក​មក​ពី​កន្លែង​​មាន​ទឹកផុស ដែល​មាន​កម្តៅ​ក្តៅ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពេល​ដែល​ទឹក​ហូរ​មក​ដល់​ទីក្រុង​នេះ វា​ប្រែ​ជា​ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់។

​សេចក្តី​ជំនឿ​របស់ពួក​ជំនុំ​នៅ​ទីនោះ ក៏​ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់​ផង​ដែរ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ”(វិវរណៈ ៣:១៥-១៦)។ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អញ​បន្ទោស ហើយ​ផ្ចាញ់ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ”(ខ.១៩)។

ការ​ព្រមាន​របស់​ព្រះអង្គ​សង្រ្គោះ​យើង ក៏​មាន​ភាព​បន្ទាន់​ចំពោះ​យើង​ផង​ដែរ។ តើ​អ្នក​កំពុង​តែ​មាន​ភាព​ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់​ខាង​វិញ្ញាណ​ឬ​ទេ? ចូរ​ទទួល​ការ​កែ​តម្រង់​ពី​ព្រះ​អង្គ ហើយ​សូម​ព្រះអង្គ​ជួយ​អ្នក​រស់​នៅ ដោយ​ជំនឿ​ដែល​អស់​ពី​ចិត្ត និង​មាន​ភាព​ឆេះ​ឆួល។—Patricia Raybon

តើ​ជំនឿ​អ្នក​មាន​កម្តៅ​ដូច​ម្តេច? បើ​ការ​ប្ដេជ្ញាចិត្ត​របស់​អ្នក​ចំពោះ​ព្រះ មាន​ភាព​ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់ តើ​អ្នក​នឹង​អធិស្ឋាន​ដូច​ម្តេច ដើម្បី​ទូល​សូម​កម្តៅ និង​ភាព​ឧស្សាហ៍​ខាង​វិញ្ញាណ?

ឱ​ព្រះ​វរបិតា បើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទូល​បង្គំ​មាន​ការ​អន់​ថយ​កម្តៅ សូម​ព្រះវិញ្ញាណ​ព្រះ​អង្គ​បញ្ឆេះ​ចិត្ត​ទូលបង្គំ ឲ្យ​បាន​រស់​នៅ និង​បម្រើ​ព្រះអង្គ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៨-២៩ និង យ៉ូហាន ៩:២៤-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles